ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​រុស្ស៊ី​និង​ចិន​រឹត​ចំណង​ទាក់ទងគ្នា​ជិតស្និទ្ធ​ជាងមុន


ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ស្វាគមន៍​លោក Wang Yi អ្នកការទូត​កំពូល​នៃ​ប្រទេស​ចិន​ក្នុង​ពេល​ជួបប្រជុំ​នៅ​វិមាន​ក្រឹមឡាំង ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។
ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ស្វាគមន៍​លោក Wang Yi អ្នកការទូត​កំពូល​នៃ​ប្រទេស​ចិន​ក្នុង​ពេល​ជួបប្រជុំ​នៅ​វិមាន​ក្រឹមឡាំង ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។

ប្រទេស​រុស្ស៊ី​និង​ប្រទេស​ចិន​រឹតចំណងទាក់ទង​គ្នាជិត​ស្និទ្ធ​ជាងមុន​កាលពី​ថ្ងៃ​ពុធ ​ដោយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ​បាន​និយាយ​ថា ទំនាក់ទំនងរវាង​ប្រទេស​ទាំង​ពីរបានដល់«ព្រំដែន​ថ្មី‍» ​ទោះជា​ស.រ.អ.​បាន​សម្តែង​កង្វល់​ថា ​រដ្ឋាភិបាលក្រុង​ប៉េកាំង​អាច​ផ្តល់​អាវុធ​ឱ្យ​រដ្ឋាភិបាល​មូស្គូ​ដើម្បី​ជួយ​ដល់​ការប្រឹងប្រែងរបស់​រុស្ស៊ីប្រឆាំង​នឹង​ប្រទេស​អ៊ុយក្រែន។​

ចិន​បាន​ប្រកែក​មិនព្រម​រិះគន់ការលុកលុយ​មួយ​ឆ្នាំ​មក​ហើយរ​បស់​រុស្ស៊ី​ក្នុង​អ៊ុយក្រែន តែ​បានបដិសេធ​ថា​ ខ្លួន​មិន​បានផ្តល់​ការគាំទ្រយោធា​ឱ្យ​កងកម្លាំងរដ្ឋាភិបាល​ក្រុង​មូស្គូ​ទេ។ នៅពេល​ដែល​អ្នកសារព័ត៌មាន​សួរ​អំពី​បញ្ហា​នេះ ​អ្នក​នាំ​ពាក្យវិមាន​ក្រឹមឡាំង​លោក​ Dmitry Peskov ​បាន​និយាយថា​ ពួកអ្នក​តំណាងរដ្ឋាភិបាល​ប៉េកាំងបានឆ្លើយ​រួច​ហើយ​លើបញ្ហា​នេះ ​ហើយ«​បានបដិសេធ​កង្វល់​នេះហើយ​ដែរ។ ដូច្នេះគ្មានអ្វី​ត្រូវ​និយាយ​បន្ថែម​នៅទី​នេះ​ទេ‍»។​

តែ​លោក Putin ​បានស្វាគមន៍លោក Wang Yi ​អ្នកការទូត​កំពូល​នៃ​ប្រទេស​ចិន​ ​ដោយបាន​និយាយ​ប្រាប់​លោក​ថា​លោក​ទន្ទឹង​រង់ចាំ​ទស្សនកិច្ចនៅ​ក្រុង​មូស្គូ​ដោយ​ប្រធានាធិ​បតី​ចិន​លោក Xi Jinping ​ហើយ​ថា​ពាណិជ្ជកម្មទ្វេភាគីរវាង​ប្រទេស​ទាំង​ពីរ​អាច​កើន​ដល់​២០០​ពាន់​លាន​ដុល្លារក្នុង​មួយឆ្នាំ ​ដោយ​កើន​ពី១៨៥​ពាន់​លាន​ដុល្លារកាលពី​ឆ្នាំ​ទៅ។

លោក Putin ​បាននិយាយ​ប្រាប់​លោក Wang ​ថា​«យើង​រង់ចាំ​ទស្សនកិច្ចមួយ​ដោយ​ប្រធានាធិបតីនៃសាធារណរដ្ឋ​ប្រជាមានិត​ចិន​ក្នុ​ងប្រទេស​រុស្ស៊ី ​យើង​បានយល់​ស្របគ្នា​ហើយអំពី​ដំណើរទស្សនកិច្ច​នេះ។ អ្វីៗ​គ្រប់យ៉ាង​កំពុងជឿនលឿន ​កំពុង​អភិវឌ្ឍ។​យើង​កំពុង​ទៅ​ដល់​ព្រំដែន​ថ្មី​ហើយ‍»។

នៅ​ពេល​ចាប់ផ្តើម​កិច្ចចរចា​របស់​លោក​ជាមួយ​លោក Wang ​លោក Putin ​បានសរសើរចំណង​ទាក់ទងរវាង​ប្រទេស​ទាំងពីរ។ លោក Putin ​បានថ្លែង​ថាដោយមាន​កំណើនភាព​តានតឹង​ក្នុង​ពិភពលោក​«កិច្ចសហប្រតិបត្តិការរវាង​សាធារណរដ្ឋ​ប្រជា​មានិត​ចិន​និង​សហព័ន្ធ​រុស្ស៊ី​លើ​ឆាក​អន្តរជាតិមាន​សារៈសំខាន់​ជា​ពិសេស​ដល់​ការ​ធ្វើ​ឱ្យស្ថានការណ៍​អន្តរជាតិ​មាន​ស្ថិរភាព‍»។​

តាមរយៈ​អ្នក​បក​ប្រែ​ភាសា​ម្នាក់​ លោក​ Wang បាន​និយាយ​ប្រាប់​លោក Putin ​ថាទំនាក់​ទំនងរវាង​ប្រទេស​ទាំង​ពីរមិនមែន​ប្រឆាំងនឹងភាគី​ទីបីណា​មួយ​ទេ ​តែ​នឹង​«មិនបង្អោន​ទៅ​តាមសម្ពាធ​ពី​ភាគី​ទី​បី​ឡើយ‍»​ដែល​ជា​ការ​តបតនឹង​ស.រ.អ.ក្រោយ​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អ.​លោក Antony Blinken ​បាន​ព្រមាន​លោក Wang ​កាល​ពី​ដំណាច់សប្តាហ៍មុន​នេះ​អំ​ពីផលវិបាក​មិនត្រូវបាន​បញ្ចាក់​ឱ្យ​ជាក់លាក់​ប្រសិនបើ​ចិន​ផ្តល់​ការ​គាំទ្រ​ដែល​នាំ​ឱ្យ​មាន​មនុស្ស​ស្លាប់ដល់កិច្ចប្រឹងប្រែង​ធ្វើ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន៕

ព័ត៌មាន​មួយ​ចំនួន​នៅក្នុង​សេចក្តី​រាយការណ៍​នេះត្រូវ​បាន​ដកស្រង់មកពី​ទីភ្នាក់ងារ​សារព័ត៌មាន ​AP និង Reuters។

XS
SM
MD
LG