បន្ទាប់ពីលោក Joe Biden បានស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃពុធម្សិលមិញមក មេដឹកនាំនានានៅលើពិភពលោកបានស្វាគមន៍រូបលោក។
មន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុបបានបង្ហាញនូវអារម្មណ៍ធូរស្រាលដែលថាពួកគេមានមិត្តម្នាក់ជាថ្មីម្តងទៀតក្នុងសេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិក។
អ្នកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបនៃសហភាពអឺរ៉ុប បាននិយាយថា៖ «ជាថ្មីម្ដងទៀត បន្ទាប់ពីអស់រយៈពេល ៤ ឆ្នាំមកនេះ អឺរុបមានមិត្តនៅសេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិកហើយ»។
អ្នកស្រីបន្ថែមថា៖ «ទំព័រសករាជថ្មីនៅក្នុងសហរដ្ឋអាមេរិកនេះគឺជាពេលវេលាដែលយើងបានរង់ចាំអស់ពេលជាយូរមកហើយ។ អឺរ៉ុបត្រៀមខ្លួនរួចរាល់សម្រាប់ការចាប់ផ្ដើមជាថ្មីជាមួយសហរដ្ឋអាមេរិកដែលជាដៃគូដ៏យូរយារបំផុតនិងទុកចិត្តបំផុតរបស់យើង»។
ចំណែកឯប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani វិញ បានស្វាគមន៍ការចាកចេញរបស់លោក Donald Trump ដែលលោកបានហៅថាជា «ជនផ្តាច់ការ» ដោយកន្លងមក រដ្ឋាភិបាលក្រុងតេហេរ៉ង់បានអំពាវនាវម្ដងហើយម្ដងទៀតឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដកចេញនូវទណ្ឌកម្មដែលដាក់លើខ្លួនទាក់ទិននឹងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
លោក Rouhani បានបញ្ជាក់ថា៖ «សម័យកាលជនផ្តាច់ការបានមកដល់ទីបញ្ចប់ហើយ ហើយថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៃការគ្រប់គ្រងអំណាចប្រកបដោយការគំរាមកំហែងរបស់គាត់»។
លោក Rouhani បានបន្ថែមកាលពីថ្ងៃពុធថា៖ «ឥឡូវនេះ ការសម្រេចចិត្តគឺស្ថិតនៅក្នុងដៃរបស់សហរដ្ឋអាមេរិក។ ប្រសិនបើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនត្រឡប់មករកកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ វិញ យើងក៏នឹងគោរពពេញលេញចំពោះការតាំងចិត្តរបស់យើងនៅក្រោមកិច្ចព្រមព្រៀងនេះដែរ»។
ដោយឡែក អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដែលហៅថាអូតង់ បានបញ្ជាក់ថា ខ្លួនសង្ឃឹមថានឹងបង្កើនទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកនៅក្រោមរដ្ឋបាលរបស់លោក Biden។
អគ្គលេខាធិការអង្គការអូតង់លោក Jens Stoltenberg បានសរសេរនៅលើ Twitter ថា៖ «ថ្ងៃនេះគឺជាការចាប់ផ្ដើមនៃទំព័រសករាជថ្មីសម្រាប់ទំនាក់ទំនងរបស់អង្គការអូតង់ជាមួយនឹងសហរដ្ឋអាមេរិក។...អង្គការអូតង់ដ៏រឹងមាំគឺល្អសម្រាប់ទាំងទ្វីបអាមេរិកខាងជើងនិងទាំងទ្វីបអឺរ៉ុប»។
រីឯអ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Hua Chunying វិញ បានបញ្ជាក់ថា៖ «កាលពី ៤ ឆ្នាំកន្លងទៅនេះ សហរដ្ឋអាមេរិកបានប្រព្រឹត្តិកំហុសយ៉ាងខ្លាំងនៅក្នុងគោលគំនិតជាយុទ្ធសាស្ត្ររបស់ខ្លួនចំពោះប្រទេសចិន...ដោយបានជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន គាបសង្កត់និងបង្ខូចកេរ្តិ៍ឈ្មោះប្រទេសចិន និងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ទំនាក់ទំនងរវាងប្រទេសចិននិងសហរដ្ឋអាមេរិក»។
អ្នកស្រីបានបន្ថែមថា ថ្នាក់ដឹកនាំរបស់រដ្ឋាភិបាលចិនសង្ឃឹមថា រដ្ឋបាលរបស់លោក Biden នឹង «ទទួលយកចំណុចមួយចំនួនរបស់ប្រទេសចិន ហើយនៅក្នុងស្មារតីនៃការគោរពគ្នាទៅវិញទៅមក សមភាព និងផលប្រយោជន៍ទៅវិញទៅមក រដ្ឋបាលរបស់លោក Biden នឹងជំរុញទំនាក់ទំនងរវាងប្រទេសចិននិងសហរដ្ឋអាមេរិកឲ្យវិលទៅរកផ្លូវត្រូវវិញនៃការអភិវឌ្ឍដ៏រឹងមាំនិងឋិតថេរឲ្យបានកាន់តែឆាប់កាន់តែប្រសើរ»។
ចំណែកឯនៅក្នុងប្រទេសរុស្ស៊ីវិញ អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីលោក Dmitry Peskov បានបញ្ជាក់នៅ ក្នុងសន្និសីទកាសែតថា លោកប្រមើលមើលថា មិនមានការផ្លាស់ប្ដូរណាមួយនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងប្រទេសរុស្ស៊ីនោះទេ៕