ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ម៉ិកស៊ិក​អំពាវនាវ​ឲ្យ​លោក Biden ដោះស្រាយ​បញ្ហា​ឋានៈ​អន្តោប្រវេសន៍​របស់​ពលរដ្ឋ​ម៉ិកស៊ិក​នៅ​ក្នុង​សហរដ្ឋ​អាមេរិក


រូបឯកសារ៖ ប្រធានាធិបតី​ម៉ិកស៊ិក លោក Andres Manuel Lopez Obrador ថ្លែង​សុន្ទរកថា នៅ​វិមាន​ប្រធានាធិបតី ក្នុង​រដ្ឋធានីម៉ិកស៊ីកូ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ ប្រធានាធិបតី​ម៉ិកស៊ិក លោក Andres Manuel Lopez Obrador ថ្លែង​សុន្ទរកថា នៅ​វិមាន​ប្រធានាធិបតី ក្នុង​រដ្ឋធានីម៉ិកស៊ីកូ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០។

ប្រធានាធិបតី​ប្រទេស​ម៉ិកស៊ិក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ថ្មី​លោកJoe Biden គួរ​ធ្វើ​តាម​ការ​សន្យា​របស់​ខ្លួន​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឲ្យ​បាន​ឆាប់ ដើម្បី​អនុវត្ត​នូវ​ផែនការ​អន្តោប្រវេសន៍​មួយ ដែល​រួម​មាន​ទាំង​ការ​ផ្តល់​សញ្ជាតិ​ដល់​ពលរដ្ឋ​ម៉ិកស៊ិក ដែល​កំពុង​ធ្វើការ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ផងដែរ។

បញ្ហា​អន្តោប្រវេសន៍​បាន​ក្លាយជា​បញ្ហា​អាទិភាព​មួយ​សម្រាប់​លោក Biden ដែល​មាន​គម្រោង​លុបចោល​វិធានការ​តឹងរ៉ឹង​មួយ​ចំនួន​របស់​លោក​អតីត​ប្រធានាធិបតី Donald Trump និង​ធ្វើ​កំណែ​ទម្រង់​ទូលំទូលាយ​មួយ ដែល​ប្រហែលជា​អាច​ផ្ដល់​ឱកាស​ឲ្យ​អ្នក​រស់នៅ​ខុស​ច្បាប់​ក្នុង​សហរដ្ឋ​អាមេរិក​ចំនួន ១១ លាន​នាក់ ទទួល​បាន​សញ្ជាតិ​អាមេរិក​បាន។

ប្រធានាធិបតី​ម៉ិកស៊ិក​លោក Lopez Obrador និយាយ​ថា៖ «ខ្ញុំ​សង្ឃឹម​ថា នៅ​ថ្ងៃ​នេះ ឬ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ លោក Joe Biden នឹង​បង្ហាញ​ពី​ផែនការ​អន្តោប្រវេសន៍​របស់​លោក»។

លោក Obrador បញ្ជាក់​ថា វិធានការ​អន្តោប្រវេសន៍​របស់​លោក Biden គួរ​គាំទ្រ​បណ្ដា​ប្រទេស​ក្រីក្រ​នៅ​ទ្វីប​អាមេរិក​កណ្ដាល និង​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​ម៉ិកស៊ិក ដែល​ជា​តំបន់​ដែល​មាន​ជន​ចំណាក​ស្រុក​ជា​ច្រើន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក។

កាលពី​ដើម​សប្តាហ៍​នេះ ក្រុម​ទាហាន​និង​ប៉ូលិស​នៅ​ក្នុង​ប្រទេស​ក្វាតេម៉ាឡា បាន​ប៉ះ​ទង្គិច​ជាមួយ​ក្រុម​ជន​ចំណាក​ស្រុក​ដែល​សម្រុក​ធ្វើ​ដំណើរ​សំដៅ​ទៅ​កាន់​សហរដ្ឋ​អាមេរិក ដោយ​បាន​រារាំង​ពួកគេ​ភាគ​ច្រើន​មិន​ឲ្យ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត បន្ទាប់ពី​ជន​ចំណាក​ស្រុក​ហុងឌូរ៉ាស​ប្រមាណ ៨.០០០ នាក់ បាន​ឆ្លង​ព្រំដែន​ចូល​ប្រទេស​ក្វាតេម៉ាឡា។

នា​ពេល​បច្ចុប្បន្ន​នេះ មាន​ជាតិ​សាសន៍ Hispanic ដែល​មាន​ដើម​កំណើត​ពី​ប្រទេស​ម៉ិកស៊ិក​ជាង ៣៦ លាន​នាក់ កំពុង​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew ៕

XS
SM
MD
LG