លោក Joe Biden បានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិកកាលពីថ្ងៃពុធម្សិលមិញ នៅក្នុងពិធីមួយដែលត្រូវបានរៀបចំធ្វើឡើងនៅលើរានហាលកាំជណ្តើរនៃវិមានសភាសហរដ្ឋអាមេរិក។
លោក Biden ដែលមានអាយុ ៧៨ ឆ្នាំ បានក្លាយជាប្រធានាធិបតីដែលមានវ័យចំណាស់ជាងគេបំផុតក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ក្រោយពីលោកបានបម្រើការងារជាសមាជិកព្រឹទ្ធសភាអស់រយៈពេល ៣៦ ឆ្នាំ និងជាអនុប្រធានាធិបតីអស់រយៈពេល ៨ ឆ្នាំ។
លោកបានស្បថចូលកាន់តំណែង ដោយសច្ចាថានឹងគោរពតាមរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក និងការពារប្រទេសជាតិពីសត្រូវទាំងអស់ទាំងក្នុងនិងក្រៅប្រទេស។
នៅមុនលោកស្បថចូលកាន់តំណែង អ្នកស្រី Kamala Harris ដែលជាអតីតសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកតំណាងរដ្ឋ California បានស្បថចូលកាន់តំណែងជាអនុប្រធានាធិបតីសហរដ្ឋអាមេរិក។ អ្នកស្រីបានក្លាយជាស្ត្រីដែលកាន់តំណែងខ្ពស់ជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកជាង ២០០ ឆ្នាំកន្លងមកនេះ។ អ្នកស្រីមានដើមកំណើតជាជាតិសាសន៍ស្បែកខ្មៅ និងឥណ្ឌា។
ថ្លែងនៅក្នុងសុន្ទរកថាក្នុងពិធីស្បថចូលកាន់តំណែងនេះ លោក Biden បាននិយាយថា៖ «ឆន្ទៈរបស់ប្រជាពលរដ្ឋត្រូវបានគេទទួលយក និងត្រូវបានគេគោរពតាម។ យើងបានយល់ដឹងជាថ្មីម្តងទៀតថា លទ្ធិប្រជាធិបតេយ្យមានតម្លៃ ហើយលទ្ធិប្រជាធិបតេយ្យក៏មានភាពផុយស្រួយផងដែរ។ ប៉ុន្តែនៅពេលនេះ លទ្ធិប្រជាធិបតេយ្យបានឈ្នះហើយ»។
លោក Biden បានបន្តថា៖ «នេះជាទិវារបស់សហរដ្ឋអាមេរិក។ នេះជាទិវានៃលិទ្ធិប្រជាធិបតេយ្យ។ នេះជាថ្ងៃមួយក្នុងប្រវត្តិសាស្រ្តនិងក្តីសង្ឃឹម ជាថ្ងៃនៃការបន្តនិងការតាំងចិត្ត»។ លោក Biden ក៏បានសង្កត់ធ្ងន់ផងដែរថា៖ «ឯកភាពជាតិគឺជាមាគ៌ាឆ្ពោះទៅមុខ»។
ពិធីស្បថចូលកាន់តំណែងនេះត្រូវបានចូលរួមដោយអតីតប្រធានាធិបតី ៣ រូប គឺលោក Barack Obama លោក George W. Bush និងលោក Bill Clinton។
ប៉ុន្តែ លោក Donald Trump ដែលជាប្រធានាធិបតីទើបផុតអាណត្តិ មិនបានចូលរួមនោះទេ ដោយលោកបានធ្វើព្រងើយកន្ដើយចំពោះប្រពៃណី ១៥២ ឆ្នាំកន្លងមកនេះរបស់សហរដ្ឋអាមេរិក ដែលប្រធានាធិបតីអស់អាណត្តិតែងចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មី។ លោក Trump បានចាកចេញពីសេតវិមានទៅកាន់ភូមិគ្រឹះរបស់លោកនៅក្នុងរដ្ឋ Florida នៅព្រឹកថ្ងៃស្បថចូលកាន់តំណែងរបស់លោក Biden។
ពិធីស្បថចូលកាន់តំណែងនេះក៏បានធ្វើឡើងដោយមិនមានការចូលរួមពីពលរដ្ឋដ៏ច្រើនកុះករដូចសព្វដងផងដែរ ដោយសារតែបញ្ហាសន្តិសុខនិងការព្រួយបារម្ភរឿងឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ជំនួសដោយការចូលរួមនេះ គេបានដាក់ទង់ជាតិអាមេរិករាប់ពាន់ទង់នៅទីលាន National Mall៕