មនុស្ស៧នាក់ក្នុងចំណោមមនុស្ស១០នាក់នៅក្នុងពិភពលោកបានស្លាប់ដោយសារជំងឺបេះដូង មហារីក ទឹកនោមផ្អែម និងជំងឺសួតរ៉ាំរ៉ៃ នេះបើតាមការសិក្សាមួយដែលបានចេញផ្សាយដោយទស្សនាវដ្តីពេទ្យ Lancet នៅដើមខែនេះ។
ជំងឺទាំងនេះមិនត្រឹមតែសម្លាប់ជីវិតមនុស្សប៉ុណ្ណោះទេ វាបានធ្វើឲ្យខាតបង់ប្រាក់ដ៏សម្បើមទៀតផង។ របាយការណ៍របស់ទស្សនាវដ្តីពេទ្យ Lancet បានប៉ាន់ស្មានថា ក្នុងរយៈពេល១៥ឆ្នាំខាងមុខទៀត ការខាតបង់សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវបានគេព្យាករណ៍ថាមានតម្លៃជាង៧លានលានដុល្លារ។
កាលពី៣ឆ្នាំមុន ពួកមេដឹកនាំសាកលលោកបានសន្យាកាត់បន្ថយការស្លាប់មុនអាយុមកពីជំងឺមិនឆ្លងទាំងនោះចំនួន១ភាគ៣នៅកំណត់ឆ្នាំ២០៣០។
នៅឯជំនួបមហាសន្និបាតរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បត៍ នៅបូរីញូយ៉ក លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus នាយកអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា មានប្រទេសមិនដល់ពាក់កណ្តាលផងរបស់ពិភព លោកដែលធ្វើទៅតាមការសន្យានេះ។ លោកបានជំរុញឲ្យពួកមេដឹកនាំពិភពលោកសន្យាធ្វើទៅតាមគោលដៅទាំងអស់នោះឡើងវិញ។
លោក Tedros បានអំពាវនាវឲ្យមានការតាំងចិត្តខាងនយោបាយនិងការវិនិយោគទុនក្នុងប្រទេសកាន់តែច្រើនឡើង។ លោកបាននិយាយទៀតថា លោកបានដឹងពីបទពិសោធន៍របស់លោកផ្ទាល់ថា «ដោយមានការតាំងចិត្តខាងនយោបាយអ្វីៗក៏អាចធ្វើបានដែរ។ បើគ្មានការតាំងចិត្តខាងនយោបាយ ការជឿនលឿនមានភាពយឺតយ៉ាវ»។
លោក Tedros បានជំរុញប្រទេសនានាឲ្យបង្កើនពន្ធគយលើថ្នាំជក់ រឹតត្បិតការឃោសនាសុរា ហើយនឹងបញ្ចុះការប្រើផលិតផលម្ហូបអាហារមានជាតិអំបិល ស្ករនិងខ្លាញ់។ ការបញ្ចុះសារធាតុនេះនឹងកាត់បន្ថយភាពគ្រោះថ្នាក់នៃជំងឺទឹកនោមផ្អែម មហារីក បេះដូងនិងជំងឺដាច់សសៃឈាមក្នុងខួរក្បាល៕