ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារ​ពិភព​លោក​ផ្តល់​ហិរញ្ញប្ប​ទាន​​១១០​លាន​ដុល្លារ​សម្រាប់​​ផ្លូវ​ជាតិ​លេខ៤


ផ្លាក​សញ្ញាធនាគារពិភពលោក។
ផ្លាក​សញ្ញាធនាគារពិភពលោក។

កាលពី​ខែ​ឧសភា ធនាគារ​ពិភពលោក​ប្រកាស​​​ថា​ កំណើន​សេដ្ឋ​កិច្ច​​កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​រឹងមាំ​រង្វង់​៦​ទៅ​៧​ភាគ​រយ​នៅ​ឆ្នាំ​នេះ​និង​ឆ្នាំ​ខាង​មុខ។​ ជា​ផ្នែក​មួយ​នៃ​ការ​ទ្រទ្រង់​កំណើន​នេះ​បន្ត​ទៀត​ ធនាគារ​ពិភពលោក​បាន​សម្រេច​បន្ថែម​ជំនួយ​ហិរញ្ញ​ប្បទាន​គ្មានការ​​ប្រាក់​​ដើម្បី​រក្សា​គុណភាព​ផ្លូវ​ជាតិ​លេខ៤​​ ដែល​​តភ្ជាប់​ទីក្រុង​ភ្នំពេញ​និង​ខេត្ត​ព្រះសីហនុ​ដែល​ជា​ខេត្ត​មាន​កំពង់​ផែ​សមុទ្រ​ទឹកជ្រៅ​តែមួយ​គត់​របស់​កម្ពុជា។

ធនាគារ​ពិភព​លោក​នៅ​ថ្ងៃ​សុក្រ​នេះ​ ​បាន​សម្រេច​ផ្តល់​ជំនួយ​ហិរញ្ញប្បទាន​គ្មាន​ការ​ប្រាក់បន្ថែម​ចំនួន​១១០​លាន​ដុល្លារ​អាមេរិក​ ​ដើម្បី​កែ​លម្អ​លក្ខខណ្ឌ​ សុវត្ថិភាព​ ​និង​ភាពធន់​អាកាស​ធាតុ​របស់ផ្លូវ​ជាតិ​លេខ៤​ ​ដែល​ជា​ផ្លូវ​មាន​ប្រយោជន៍​ខាង​សេដ្ឋកិច្ច​របស់​កម្ពុជា។​ នេះបើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ការិយាល័យ​ធនាគារ​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា។​

សេចក្តី​ប្រកាស​របស់​ធនាគារ​ពិភព​លោក​ចុះ​ថ្ងៃទី២១​ខែ​មិថុនា​ និង​ដែល​បាន​ផ្ញើជូន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃ​សុក្រនេះ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ​ប្រទេស​កម្ពុជា​នឹង​បន្ត​កែ​លម្អ​លក្ខខណ្ឌ​ សុវត្ថិភាព​ និង​ភាព​ធន់​នឹង​អាកាស​ធាតុ​នៃ​ផ្លូវ​ជាតិ​ដ៏​សំខាន់​មួយ​«ជាមួយ​នឹង​ហិរញ្ញ​វត្ថុ​បន្ថែម​ចំនួន​១១០​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ ដែល​ក្រុម​ប្រឹក្សា​នាយក​ប្រតិបត្តិ​របស់​ធនាគារ​ពិភពលោក​បាន​អនុម័ត​នៅ​ថ្ងៃ​នេះ»។​

ការ​គាំទ្រ​ខាងហិរញ្ញ​វត្ថុ​បន្ថែម​សម្រាប់​គម្រោង​គ្រប់​គ្រង​សម្បត្តិ​ផ្លូវ​ថ្នល់​ជំហាន​ទី២​ (Road Asset Management Project II/RAMP/II)​នេះក៏នឹង​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ជួយ​ផ្តល់​ការ​ឆ្លើយ​តប​ភ្លាមៗនិងប្រកប​ដោយ​ប្រសិទ្ធ​ភាព​ក្នុង​ករណី​មាន​ស្ថាន​ភាព​បន្ទាន់។​

ធនាគារ​ពិភព​លោក​បាន​បញ្ជាក់​បន្ត​ក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន​ទៀត​ថា​ បច្ចុប្បន្ន ផ្លូវជាតិ​លេខ​៤​ ដែល​ជា​ផ្លូវជាតិ​ត​ភ្ជាប់​រាជធានី​ភ្នំពេញ​ទៅ​កំពង់​ផែ​សមុទ្រ​ទឹក​ជ្រៅ​របស់​កម្ពុជា​តែ​មួយ​គត់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ​កំពុង​រង​សម្ពាធ​ចរាចរណ៍​យ៉ាង​មមាញឹកឆ្លង​កាត់​តំបន់​សេដ្ឋ​កិច្ច​មួយ​ចំនួន​ និង​តំបន់​កសិកម្ម​ជា​ច្រើន​ ក្នុង​នោះ​រួម​មាន​កសិដ្ឋាន​ខ្នាត​ធំ​ផង​ដែរ។​

លោក​ ផែង សុវិជ្ជានោ​ ​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ត្រូវ​បាន​ស្រង់​ប្រសាសន៍​ក្នុង​សេចក្តី​ប្រកាស​នោះ​តាម​ន័យ​ដើម​ថា៖​

«ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា​ពឹង​ផ្អែក​លើ​ផ្លូវ​ជាតិ​លេខ​៤​នេះ ​ដោយ​សារ​ថា ​វា​ជា​ផ្លូវ​តែមួយ​គត់​សម្រាប់​ត​ភ្ជាប់​មជ្ឈមណ្ឌល​សេដ្ឋ​កិច្ច​ជាមួយ​កំពង់​ផែ​សមុទ្រ​ទឹក​ជ្រៅ​របស់​កម្ពុជា»។

លោក​ត្រូវ​បាន​ស្រង់​ប្រសាសន៍បន្ថែម​ថា៖​

«ការ​កែ​លម្អ​ស្ថាន​ភាព​ផ្លូវ​ដ៏​សំខាន់​មួយ​នេះ​នឹង​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ពេល​វេលា​ ​និង​ការ​ចំណាយ​លើ​ការ​ដឹក​ជញ្ជូនដែល​អាច​ជួយ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​កម្ពុជា​កាន់តែ​មា​ន​ភាព​ប្រកួត​ប្រជែង​ខ្លាំង​ឡើង​ថែម​ទៀត​នៅ​ក្នុង​តំបន់»។​

VOA​ ​ព្យាយាម​សុំ​ការ​អធិប្បាយ​បន្ថែម​ពី​លោក​ ផែង សុវិជ្ជានោ​ រដ្ឋលេខាធិការ​ក្រសួង​សាធារណ​ការ​និង​ដឹក​ជញ្ជូន​ តែ​លោក​បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ​ ដោយ​បាន​បង្វែរ​សំណួរ​ទៅ​លោក ​វ៉ា ស៊ីមសូរិយា​ អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន។ ​វីអូអេ​បាន​ព្យាយាម​ទាក់​ទង​លោក​ដើម្បី​សុំ​ការ​អធិប្បាយ តែ​មិន​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​សុក្រ​នេះ។​

ផ្លូវ​ជាតិ​លេខ​៤ជា​ផ្លូវ​សំខាន់​មួយ​ ដែល​ភា្ជប់​ការ​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​ ​ទៅ​កាន់​បណ្តា​ខេត្ត​ផ្សេងៗទៀត​នៅ​តាម​តំបន់​សមុទ្រ​កម្ពុជា​ ​ក្នុង​នោះ​មាន​ខេត្ត​ព្រះ​សីហនុ​ ដែល​ជា​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​ ​និង​កន្លែង​ទេស​ចរណ៍​ដ៏​សំខាន់​មួយ​របស់​កម្ពុជា។​

នៅ​ក្រោម​ជំនួយ​ហិរញ្ញប្បទាន​បន្ថែម​នេះ​ ​ផ្លូវប្រវែងជាង​២០០​គីឡូម៉ែត្រ​នេះ​នឹង​ទទួល​បាន​ការ​បង្កើន​គុណភាព​ឲ្យ​ល្អ​ជាង​មុន​ ​តាមរយៈ​ការ​អ៊ុត​កៅ​ស៊ូ​ថ្មី​ពី​លើ​ និង​ការ​រៀបចំ​ឡើងវិញ​នូវ​ចិញ្ចើម​សង​ខាង​ផ្លូវ​ ​ការ​ដាក់​លូ​បង្ហូរ​ទឹក​ និងការ​ធ្វើ​ស្ពាន​ នៅ​ក្នុង​តំបន់​ងាយ​លិច​ទឹក​ នៅ​តាម​ដង​ផ្លូវ​នេះ។​ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ធនាគារ​ពិភព​លោក​ដែល​មាន​មូលដ្ឋាន​នៅ​សហ​រដ្ឋ​អាមេរិក។​

អ្នកស្រី​ ​Inguna Dobraja​ នាយិកា​គ្រប់គ្រង​ធនាគារ​ពិភព​លោក​ប្រចាំ​នៅ​កម្ពុជា ​ ត្រូវ​បាន​ស្រង់​ប្រសាសន៍​ក្នុង​សេចក្តី​ប្រកាស​នោះ​តាម​ន័យ​ដើម​ថា៖​

«ការ​ខ្វះ​ចន្លោះ​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជា​ការ​ប្រឈម​ដ៏​ធំ​មួយ​ដល់​សមត្ថភាពប្រកួត​ប្រជែង​ និង​ការ​អភិវឌ្ឍវិស័យ​ឯកជន។ ​គម្រោង​ដែល​នឹង​កែ​លម្អ​ស្ថានភាព​ផ្លូវ​ជាតិ​លេខ​៤នេះ នឹង​ជួយ​ដោះស្រាយ​ភាព​ប្រឈមទាំងនោះ​ ហើយ​វា​នឹង​ពង្រីក​កាលានុវត្តភាព​ផ្នែក​សេដ្ឋកិច្ចសម្រាប់​ពលរដ្ឋ​កម្ពុជា»។​

ការិយាល័យ​របស់​ធនាគារ​ពិភព​លោក​ប្រចាំ​ទីក្រុង​ភ្នំពេញមិនទាន់​មាន​ការ​ឆ្លើយ​តប​សំណួរ​តាម​សារ​អេឡិចត្រូនិក​ Email ទេមក​ដល់​ល្ងាច​ថ្ងៃសុក្រ​នេះ។

ធនាគារ​ពិភព​លោក​បាន​បញ្ជាក់​ឲ្យដឹង​បន្ត​ទៀត​ក្នុងសេចក្តី​ប្រកាស​របស់​ខ្លួន​ថា​ ហិរញ្ញប្បទាន​បន្ថែម​នេះ​បាន​ពង្រីក​វិសាលភាព​របស់​គម្រោង​គ្រប់​គ្រង​សម្បត្តិ​ផ្លូវ​ថ្នល់​ជំហាន​ទី​២​ ហៅ​កាត់​ថា​ (RAMP II)​ ដែល​ត្រូវ​បាន​អនុម័ត​កាល​ពីខែ​ឧសភា​ ឆ្នាំ​២០១៦​ ក្នុង​គោលដៅ​កែ​លម្អ​ផ្លូវ​ជាតិ​នៅ​ក្នុង​ខេត្ត​កំពត​ ​ខេត្ត​ព្រះ​សីហនុ​ ខេត្ត​ត្បូងឃ្មុំ​ និង​ខេត្តក្រចេះ។ ​កញ្ចប់​ហិរញ្ញប្បទាន​នេះ​នឹង​ជួយ​សម្រួល​ដល់​ការ​ឆ្លើយ​តប​ភ្លាមៗ​ផង​ដែរក្នុង​ករណី​ស្ថានភាព​មាន​វិបត្តិ​ ឬស្ថានភាព​បន្ទាន់​ណាមួយ​ដែល​ចាំបាច់។​

ធនាគារ​ពិភព​លោក​បាន​ថ្លែងបញ្ជាក់​ថា​ ​មូលនិធិ​បន្ថែម​ ​សម្រាប់​គាំទ្រ​គម្រោង​ដែល​ពង្រីករហូត​ដល់​រយៈពេល​ប្រាំបី​ឆ្នាំ​កន្លះ​នេះបានផ្តល់​ហិរញ្ញវត្ថុ​ដោយ​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ​ ដែល​ជា​ផ្នែក​មួយ​របស់​ក្រុម​ធនាគារ​ពិភពលោក​សម្រាប់​ប្រទេស​ក្រីក្រ។​ ​មូលនិធិនេះជា​ឥណ​ទាន​ដែល​គ្មានការប្រាក់ ហើយ​នឹង​ត្រូវ​សង​ទូទាត់​ក្នុង​រយៈពេល​៣៨​ឆ្នាំ​ ​រាប់​ទាំង​ដំណាក់​កាល​អនុគ្រោះ​រយៈពេល​៦ឆ្នាំ​ផងដែរ។​

ការ​សម្រេច​បន្ថែមហិរញ្ញប្បទាន​គ្មាន​ការ​ប្រាក់​នេះកើត​មាន​ឡើង​ ក្រោយ​ការ​ប្រកាស​របស់​ការិយាល័យ​ធនាគារ​ពិភព​លោក​ប្រចាំ​ទីក្រុង​ភ្នំពេញ​កាលពី​ខែ​ឧសភាថា​ ​ ​កំណើន​សេដ្ឋ​កិច្ច​កម្ពុជា​នៅ​តែ​មាន​ភាព​ខ្លាំងក្លា​ ​ទោះ​បី​ជា​មាន​ល្បឿន​យឺត​ជាង​មុន​បន្តិច​ក្តី។​ ​កំណើន​សេដ្ឋ​កិច្ច​កម្ពុជា​មាន​ត្រឹម​៦,៨​ភាគ​រយ​ក្នុង​ឆ្នាំ​២០១៧គឺ​ទាប​ជាង​កំណើន​ក្នុង​ឆ្នាំ​២០១៦​ដែល​សម្រេច​បាន​ដល់​ទៅ​៧,០​ភាគ​រយ។ ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​រំពឹង​ទុក​ថា​ ​នឹង​មាន​ភាព​រឹង​មាំ​ ដោយ​សារការ​ទ្រទ្រង់​មួយ​ផ្នែក​កើតចេញពី​ការ​ចំណាយ​កាន់​តែ​ច្រើន​របស់​រដ្ឋាភិបាល​ និង​លក្ខខណ្ឌ​សេដ្ឋកិច្ច​ពិភព​លោក​មាន​អំណាយ​ផល​ ក្នុង​នោះ​រួមមាន​តម្រូវ​ការ​យ៉ាង​ច្រើន​នៅ​ក្នុង​បណ្តា​ប្រទេស​សេដ្ឋកិច្ច​ជឿន​លឿន​ផង។​

ក៏​ប៉ុន្តែ​ក្រុមសេដ្ឋវិទូ​របស់​ធនាគារ​នេះបាន​ព្រមាន​ថា​ ​ អត្រា​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​ត្រូវ​ចុះ​ថម​ថយ​ដោយ​សន្សឹមៗ​ ប្រសិន​បើ​បញ្ហា​រចនា​សម្ព័ន្ធ​ ​ជា​ឧទាហរណ៍​ ​ការ​បាត់​បង់​សមត្ថ​ភាព​ប្រកួត​ប្រជែង​ ​ត្រូវ​បាន​ទុក​ចោល​មិន​ដោះស្រាយ​នោះ។​

បន្ថែម​លើការ​ជួយ​ទ្រទ្រង់​ក្នុង​បញ្ហា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ធនាគារ​ពិភពលោក​បាន​បន្ត​ជួយ​កម្ពុជា​ក្នុង​កិច្ចការ​អប់​រំសិក្សាធិការ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ទ្រទ្រង់​ការ​ចម្រើន​ជឿនលឿន​ទៅមុខ​របស់​ប្រទេស​ក្រីក្រ​មួយ​នេះ។​

កាល​ពីខែ​មេសា​ ធនាគារ​នេះ​បានយល់​ព្រម​ផ្តល់​ហិរញ្ញប្ប​ទាន​ចំនួន​៩០លាន​ដុល្លារ​ដើម្បី​កែ​លម្អ​ការ​ស្រាវជ្រាវ​ និង​ការ​អប់រំ​ថ្នាក់​ឧត្តម​សិក្សា​នៅ​កម្ពុជា។​

ធនាគារ​ពិភព​លោក​បាន​និយាយ​ថា​ ថវិកា​នេះ​នឹង​ត្រូវ​ផ្តល់​ទៅ​ឱ្យ​គម្រោង​កែ​លម្អ​សមត្ថភាព​នៃ​គ្រឹះស្ថាន​ឧត្តម​សិក្សា​សម្រាប់​រយៈ​ពេល​៦​ឆ្នាំ​ ហើយ​មាន​គោល​បំណង​លើក​កម្ពស់​គុណភាព​នៃ​ការ​អប់រំ​ និង​ការ​ស្រាវជ្រាវ​នៅ​តាម​ស្ថាប័ន​គោល​ដៅ​ដើម្បី​ពង្រីក​លទ្ធភាព​ទទួល​បាន​ការ​អប់រំ​ថ្នាក់​ខ្ពស់​និង​លើក​កម្ពស់​អភិបាល​កិច្ច៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG