នាយកអង្គការរូបិយប័ណ្ណអន្តរជាតិ IMF កំពុងធ្វើការព្រមានថាប្រព័ន្ធពាណិជ្ជកម្មពិភពលោកកំពុងតែស្ថិតក្នុងគ្រោះថ្នាក់នៃការបែកបាក់ជាបំណែក។
នៅក្នុងសុន្ទរកថាដែលត្រៀមថ្លែងក្នុងដែនដីហុងកុងនៅថ្ងៃពុធនេះ លោកស្រី Christine Lagarde បានស្នើសុំឲ្យប្រជាជាតិនានាកុំឲ្យនិយមការពារ ផលិតផលក្នុង ស្រុក។ លោកស្រីទំនងជានិយាយយោងទៅលើសកម្មភាពរបស់ក្រុងវ៉ាស៊ីនតោន ថ្មីៗនេះ ដែលបានតម្លើងថ្លៃពន្ធនាំចូលដែក និងផលិតផលផ្សេងទៀត។ ជាការឆ្លើយតបប្រទេសចិនបានតម្លើងថ្លៃពន្ធលើផលិតផលអាមេរិក ដែលនេះជាការចាប់ផ្តើមបង្ក បញ្ហាមិនចេះចប់។ អ្នកជំនាញខ្លះបានព្រមានឲ្យដឹងថារឿងនេះអាចនាំឲ្យមានកំណើន នៃភាពតានតឹង ហើយនឹងឈានទៅដល់សង្គ្រាមពាណិជ្ជកម្ម។
លោកស្រី Lagarde បានថ្លែងថា សេដ្ឋកិច្ចពិភពលោកកំពុងមានការរីកចម្រើនខ្លាំង ហើយបន្ថែមថា នេះជាពេលវេលាដែលប្រទេសទាំងឡាយត្រូវកែទម្រង់សេដ្ឋកិច្ចដូចជាការបើកទូលាយផ្នែកវិស័យសេវាកម្មដើម្បីអភិវឌ្ឃសេដ្ឋកិច្ច ធ្វើការអភិវឌ្ឃបន្ថែមឲ្យ មានការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ឌីជីថល ដើម្បីលើកកម្ពស់វិធីដែលរដ្ឋាភិបាល ផ្តល់សេវាកម្មដល់ពលរដ្ឋ។
លោកស្រីបានព្រមានដូច្នេះមួយសប្តាហ៍នៅមុនកិច្ចប្រជុំរបស់អង្គការ IMP និង ធនាគារពិភពលោក World Bank ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដែលកិច្ចប្រជុំទាំងនេះនឹងមានការចូលរួមដោយមេដឹកនាំផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយនិងអ្នកជំនាញមកពីជុំវិញពិភពលោក ដើម្បីជួបប្រជុំគ្នារកដំណោះស្រាយលើបញ្ហាធនាគារ ពាណិជ្ជកម្ម ការចុះឱនភាពសេដ្ឋកិច្ច និងបញ្ហាផ្សេងៗទៀត៕