ស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជានៅតែស្ថិតក្នុងស្ថានភាពរឹងមាំរង្វង់៦ទៅ៧ភាគរយនៅឆ្នាំនេះ និងឆ្នាំខាងមុខ ក៏ប៉ុន្តែប្រទេស ដែលកំពុងមានកំណើនប្រជាជនវ័យក្មេងនេះ ត្រូវតែខិតខំបន្ថែមទៀតក្នុងការវិនិយោគលើការបណ្តុះបណ្តាលធនធានមនុស្សឲ្យមានជំនាញខ្ពស់ ដើម្បីបង្កើតឱកាសការងារនាពេលអនាគត។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោកស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាដែល VOA ទទួលបាននៅថ្ងៃព្រហស្បតិ៍នេះ។
ធនាគារពិភពលោកបានរកឃើញថា កំណើនសេដ្ឋកិច្ចកម្ពុជានៅតែមានភាពខ្លាំងក្លា ទោះបីជាមានល្បឿនយឺតជាងមុនបន្តិចក្តី។ កំណើនសេដ្ឋកិច្ចកម្ពុជាមានត្រឹម៦,៨ភាគរយក្នុងឆ្នាំ២០១៧គឺទាបជាងកំណើនក្នុងឆ្នាំ២០១៦ដែលសម្រេចបានដល់ទៅ៧,០ភាគរយ។ យ៉ាងណាក៏ដោយ ក្នុងរបាយការណ៍របស់ខ្លួនស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាសម្រាប់ខែមេសាឆ្នាំ២០១៨ ធនាគារពិភពលោកបានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០១៨នេះ នៅតែខ្លាំងក្លាដដែល។
របាយការណ៍ដដែលត្រូវបានសរសេរតាមន័យដើមថា៖
«កំណើនសេដ្ឋកិច្ចត្រូវបានរំពឹងទុកថា នឹងមានភាពរឹងមាំ កើនដល់ទៅ៦,៩ភាគរយក្នុងឆ្នាំ២០១៨ ដែលទ្រទ្រង់មួយផ្នែកដោយសារចំណាយកាន់តែច្រើនរបស់រដ្ឋាភិបាល និងលក្ខខណ្ឌសេដ្ឋកិច្ចពិភពលោកមានអំណាយផល ក្នុងនោះរួមមានតម្រូវការយ៉ាងស្វាហាប់នៅក្នុងបណ្តាប្រទេសសេដ្ឋកិច្ចជឿនលឿនផង»។
យ៉ាងណាក៏ដោយ ធនាគារពិភពលោកបានប្រមើមើលជាមុនថា អត្រាកំណើនសេដ្ឋកិច្ចកម្ពុជានឹងត្រូវចុះថមថយដោយសន្សឹមៗ ប្រសិនបើបញ្ហារចនាសម្ព័ន្ធ ជាឧទាហរណ៍ ការបាត់បង់សមត្ថភាពប្រកួតប្រជែង ត្រូវបានទុកចោលមិនដោះស្រាយនោះ។
ហេតុដូច្នេះហើយស្ថិតក្នុងរយៈពេលមធ្យម លំហូរច្រើននៃការវិនិយោគដោយផ្ទាល់ពីបរទេស និងការកើនឡើងនៃការវិនិយោគសាធារណៈ នៅក្នុងហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានរំពឹងទុកជាមុនថា បានជួយពង្រីកសមត្ថភាពផលិតរបស់សេដ្ឋកិច្ច។
ជាមួយគ្នានេះ ការដាក់ឲ្យមានកំណែទម្រង់រចនាសម្ព័ន្ធជាច្រើនរួមគ្នា ដែលបានបង្កើតឡើងពីដំបូងដើម្បីជំរុញការប្រកួតប្រជែងនៅខាងក្រៅរបស់កម្ពុជា អាចជួយបង្កើនល្បឿននៃសន្ទុះកំណើនក្នុងរយៈពេលវែង។
ធនាគារពិភពលោកក៏បានព្រមានអំពីហានិភ័យនានា ដែលអាចនឹងធ្វើឲ្យសន្ទុះសេដ្ឋកិច្ចកម្ពុជាចុះថមថយ។ ហានិភ័យដែលអាចកើតមានចំពោះទស្សនទានសេដ្ឋកិច្ចរបស់កម្ពុជា រួមមាន ការបាត់បង់បន្តិចម្តងៗនូវភាពប្រកួតប្រជែងដោយសារតែការកើនឡើងយ៉ាងឆាប់រហ័សនូវបៀវត្សរ៍ជាក់ស្តែងរបស់កម្មករ ពំនូនគរនៃភាពងាយរងគ្រោះដែលមានជាយូរមកហើយនៅក្នុងកំណើននៃវិស័យអចលនទ្រព្យ និងសំណង់ ភាពមិនច្បាស់លាស់ដែលអាចកើតមានជុំវិញការបោះឆ្នោត ភាពរញ្ជួយម្តងម្កាលបណ្តាលមកពីការគាំពារនិយម និងភាពតានតឹងខ្លាំងឡើងនៅក្នុងវិវាទរវាងបណ្តាប្រជាជាតិដែលធើ្វពាណិជ្ជកម្មធំៗជាងគេលើពិភពលោក។
ធនាគារពិភពលោកបានផ្តល់សារសំខាន់ៗដើម្បីឆ្លើយតបលទ្ធភាពដែលនាំឲ្យមានភាពយឺតយ៉ាវនៃសេដ្ឋកិច្ចរបស់កម្ពុជា ពោលគឺប្រទេសកម្ពុជាអាចពង្រឹងកំណើនថែមទៀតបានតាមរយៈការបង្កើតការងារឲ្យកាន់តែច្រើន ដោយធ្វើការវិនិយោគទៅលើមូលធនមនុស្ស កាត់បន្ថយថ្លៃចំណាយលើការបង្កើត ការធ្វើហិរញ្ញប្បទាន និងការប្រតិបត្តិធុរកិច្ច។
អ្នកស្រី អ៊ិនហ្គូណា ដូប្រាចា (Inguna Dobraja) នាយិកាគ្រប់គ្រងធនាគារពិភពលោកសម្រាប់ប្រទេសកម្ពុជា ថ្លែងក្នុងពិធីចេញផ្សាយរបាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា កម្ពុជាចាំបាច់ត្រូវធ្វើទំនើបកម្មនៃការអប់រំ និងការបណ្តុះបណ្តាលរបស់ខ្លួន ដើម្បីបង្កើតបានឱកាសការងារសម្រាប់ចំនួនពលរដ្ឋដែលបានបន្តកើនឡើង។
អ្នកស្រីមានប្រសាសន៍ថា៖
«ដោយការណ៍មានកំណើនកម្លាំងពលកម្មតែឯងនោះ វាមិនមានប្រសិទ្ធភាពនោះទេ ដើម្បីទាក់ទាញ និងបង្កើតការងារ។ ជាពិសេសនៅពេលដែលនិយោជកប្រឈមនឹងកង្វះខាតនៃជំនាញសំខាន់ៗ នោះប្រព័ន្ធអប់រំ និងការបង្កើនការវិនិយោគក្នុងវិស័យអប់រំ ពិតជាមានតួនាទីដើម្បីបំពេញកង្វះខាតទាំងនោះ នៅទីនេះ។ ប៉ុន្តែប្រសិនបើអ្នកអាចដោះស្រាយបានតែមួយផ្នែកនៃការប្រឈមផ្សេងៗ ការសំឡឹងទៅមើលធនធានដែលអាចជំនួសបាន ដូចជាការអភិវឌ្ឍជំនាញ និងធ្វើទំនើបកម្មនៃការអប់រំ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការជំរុញឲ្យហក់ចូលក្នុងការអភិវឌ្ឍជំនាញផ្តល់ដោយក្រុមហ៊ុន គឺជាទិសដៅសំខាន់មួយ ដើម្បីបង្កើតកម្លាំងពលកម្ម សម្រាប់ការងារទៅថ្ងៃខាងមុខ»។
ក្រៅតែពីបញ្ហាធនធានមនុស្សនេះ ប្រទេសកម្ពុជា ដែលកំពុងមានកំណើនការសាងសង់ ក៏ត្រូវបង្កើនការប្រយ័ត្នប្រយែងចំពោះវិស័យអចលនទ្រព្យផងដែរ។ ធនាគារពិភពលោកបានស្នើឲ្យកម្ពុជាធ្វើការតាមឃ្លាំមើលឲ្យបានដិតដល់ទៅលើដំណើរស្ទុះឡើងនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ និងការរៀបចំឲ្យមានគោលនយោបាយប្រុងប្រយ័ត្នក្នុងទិដ្ឋភាពម៉ាក្រូ គឺជាការចាំចាច់ដើម្បីកាត់បន្ថយវិសាលភាពរបស់សកម្មភាពរកស៊ីកេងយកចំណេញនៅក្នុងវិស័យទាំងនេះ។
ការព្យាករណ៍អត្រាកំណើនសេដ្ឋកិច្ចកម្ពុជា ដែលថា កំណើនកើនបាន៦,៨ភាគរយក្នុងឆ្នាំ២០១៧ គឺខុសគ្នាបន្តិចនឹងការប៉ាន់ស្មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលកាលពីខែកញ្ញាឆ្នាំ ២០១៧ បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០១៧ និង២០១៨ គឺស្ថិតក្នុងអត្រា៧,១ភាគរយ ដោយសារភាពប្រសើរឡើងនៃសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍នៅតំបន់អាស៊ី និងការងើបមកវិញនៃសេដ្ឋកិច្ចឧស្សាកម្មធំៗ។ ក៏ប៉ុន្តែ ធនាគារនេះក៏បានណែនាំឲ្យកម្ពុជាបង្កើនប្រសិទ្ធភាពកម្លាំងពលកម្ម ដើម្បីរក្សាបានកំណើន និងការប្រកួតប្រជែង ឈានដល់ការកាត់បន្ថយភាពក្រីក្រ។
ជាផ្នែកមួយនៃការបង្កើនគុណភាពធនធានមនុស្សរបស់កម្ពុជា ធនាគារពិភពលោកកាលពីខែមេសា បានយល់ព្រមផ្តល់ហិរញ្ញប្បទានចំនួន៩០លានដុល្លារដើម្បីកែលម្អការស្រាវជ្រាវនិងការអប់រំថ្នាក់ឧត្តមសិក្សានៅប្រទេសនេះ។
ធនាគារពិភពលោកបាននិយាយថា ថវិកានេះនឹងត្រូវផ្តល់ទៅឱ្យគម្រោងកែលម្អសមត្ថភាពនៃគ្រឹះស្ថានឧត្តមសិក្សាសម្រាប់រយៈពេល៦ឆ្នាំ ហើយមានគោលបំណងលើកកម្ពស់គុណភាពនៃការអប់រំ និងការស្រាវជ្រាវនៅតាមស្ថាប័នគោលដៅដើម្បីពង្រីកលទ្ធភាពទទួលបានការអប់រំថ្នាក់ខ្ពស់ និងលើកកម្ពស់អភិបាលកិច្ច។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សគ្រប់គ្រងប្រទេស មានប្រសាសន៍ប្រាប់ VOA ថា ការបណ្តុះបណ្តាលធនធានមនុស្សជាទស្សនទាននៃកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលបានខិតខំ ធានាឲ្យបាននូវកំណើនសេដ្ឋកិច្ចក្នុងកម្រិតនឹងនមួយ អស់រយៈពេលជាច្រើនឆ្នាំមកហើយនេះ។
«បញ្ហាដែលថា ពាក់ព័ន្ធនឹងធនធានមនុស្សហ្នឹង ខ្ញុំយល់ថា នេះហើយជាទស្សនៈវិស័យ របស់រាជរដ្ឋាភិបាល ដែលថា មនុស្ស ទឹក ផ្លូវ ភ្លើងហ្នឹងគឺថា ស្ថិតនៅក្នុងបួនចំណុចហ្នឹងឯង ហើយក្នុងបួនចំណុចនេះ គឺធនធានមនុស្សនេះ ជាអាទិភាពទីមួយបាទ។ អីចឹងគឺថា មិននេះទេ គឺថា យើងយកចិត្តទុកដាក់ និយាយរួមគឺថា ការជំរុញឲ្យបណ្តាស្ថាប័នរបស់រដ្ឋពាក់ព័ន្ធហ្នឹង គឺថា ខិតខំដើម្បីធ្វើម៉េច កសាងធនធានមនុស្សនោះឲ្យស្របតាមសភាពការណ៍ថ្មី និងការរីកចម្រើនថែមទៀតរបស់ប្រទេសជាតិរបស់យើង បាទ»។
ទាក់ទិនភាពមិនប្រាកដប្រជាដែលអាចកើតឡើងនៅក្នុងអំឡុងពេលនៃការបោះឆ្នោតជាតិខែកក្កដាឆ្នាំ២០១៨ខាងមុខនេះ លោក សុខ ឥសានមានប្រសាសន៍ថា ស្ថិរភាពរបស់ប្រទេសនៅបន្តមានជាដរាប ហើយដំណើរការប្រជាធិបតេយ្យរបស់កម្ពុជាក៏នឹងនៅតែបន្តទៅមុខជាធម្មតា ដែលផ្ទុយពីការប្រកាសរបស់អតីតមេដឹកនាំគណបក្សប្រឆាំងដែលកំពុងអំពាវនាវឲ្យប្រជាពលរដ្ឋពហិការការបោះឆ្នោតនោះ។
សេដ្ឋវិទូរបស់ធនាគារពិភពលោកក៏បានថ្លែងពាក់ព័ន្ធនឹងភាពតានតឹងខាងនយោបាយក្នុងការបោះឆ្នោតនេះ ដោយក្រុមអ្នកជំនាញនៃធនាគារនេះនឹងបន្តតាមដានយ៉ាងដិតដល់ចំពោះការវិវត្តន៍នានារបស់នយោបាយកម្ពុជា។ លោក Miguel Sanchez សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារពិភពលោកប្រចាំនៅកម្ពុជាលើកឡើងថា ធនាគារពិភពបានបន្តតាមដានស្ថានការណ៍នយោបាយនៅមុនការបោះឆ្នោតយ៉ាងចិត្តទុកដាក់បំផុត តែលោកថា ភាពមិនប្រក្រតីខាងហិរញ្ញវត្ថុទំនងជានឹងមិនកើតឡើងដូចការបោះឆ្នោតជាតិចុងក្រោយ ដែលពេលនោះមានការធ្លាក់ចុះនូវប្រាក់បញ្ញើបរទេសនៅធនាគារអស់រយៈពេលប្រមាណ២ទៅ៣ខែ៕