គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កគ្រោះថ្នាក់ដល់ជីវិត បានកើតឡើងច្រើនជាងសោកនាដកម្មនានាទៅទៀត។ គ្រោះថ្នាក់ចរាចរណ៍ បានប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចនៅប្រទេសកំពុងអភិវឌ្ឍន៍។ នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់ធនាគារពិភពលោក (World Bank)។
របាយការណ៍ថ្មីមួយរបស់ធនាគារពិភពលោក គឺជារបាយការណ៍ទីមួយក្នុងចំណោមរបាយការណ៍ផ្សេងទៀត ដែលបង្ហាញថា ការវិនិយោគទៅលើសុវត្ថិភាពនៅលើដងផ្លូវ នៅតាមបណ្តាប្រទេសដែលក្រីក្រ នឹងអាចធ្វើឲ្យប្រាក់ចំណូលជាតិកើនឡើង។
៩០% នៃគ្រោះថ្នាក់ចរាចរណ៍ពិភពលោក ដែលបណ្តាលឲ្យមនុស្ស ១.២៥ លាននាក់បាត់បង់ជីវិតក្នុងមួយឆ្នាំ កើតឡើងនៅប្រទេសកំពុងអភិវឌ្ឍន៍។ អង្គការសុខភាពពិភពលោក (WHO) ថ្លែងថា គ្រោះថ្នាក់ចរាចរណ៍ គឺជាមូលហេតុចំបងនៃការស្លាប់របស់មនុស្សដែលមានវ័យរវាង ១៥ ដល់ ២៩ឆ្នាំ ជុំវិញពិភពលោក។ នេះរួមបញ្ចូលទាំងគ្រោះថ្នាក់ដែលសម្លាប់អ្នកថ្មើរជើង អ្នកជិះកង់ និងអ្នកជិះម៉ូតូផងដែរ។
ប៉ុន្តែ បញ្ហានេះមិនបានទទួលការចាប់អារម្មណ៍ខ្លាំងពីអាជ្ញាធរនោះទេ។ នេះបើយោងតាមលោក Dipan Bose អ្នកជំនាញផ្នែកគមនាគមន៍របស់ធនាគារពិភពលោក។
លោកថ្លែងថា៖ «ប្រទេសក្រីក្រ មិនសូវមានឆន្ទៈនយោបាយក្នុងការធ្វើសកម្មភាពដើម្បីកាត់បន្ថយការស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍នោះទេ»។
លោក Bose បានធ្វើការស្រាវជ្រាវរួមគ្នាមួយ ដោយផ្តោតលើប្រទេស៥ គឺប្រទេសចិន ឥណ្ឌា ថៃ ហ្វីលីពីន និងតង់សានី។ អ្នកស្រាវជ្រាវបានប្រើគំរូសេដ្ឋកិច្ច ដើម្បីប៉ាន់ស្មានពីសេដ្ឋកិច្ចរបស់ប្រទេសទាំងនោះដែលអាចទទួលបាន បើសិនជាកាត់បន្ថយការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍បានពាក់កណ្តាលក្នុងរយៈពេល២៤ឆ្នាំ។
លោកថ្លែងថា៖ «លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ គឺគួរឲ្យភ្ញាក់ផ្អើល»។
ប្រទេសថៃ អាចមានកំណើន ២២% នៃប្រាក់ចំណូលជាតិ។ ប្រទេសដែលមានអាត្រាខ្ពស់ទាំងកំណើនសេដ្ឋកិច្ច និងគ្រោះថ្នាក់ចរាចរណ៍ នឹងទទួលបានកំណើនច្រើនជាងគេ ពីការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ប្រទេសតង់សានី អាចមានកំណើន ៧% នៃប្រាក់ចំណូលជាតិ។ ហើយប្រទេស៣ទៀតអាចមានកំណើនរវាង ៧% និង ២២%។
លោក Bose បន្ថែមថា កំណើនសេដ្ឋកិច្ចបែបនេះ «គឺអ្វីដែលមិនមានរដ្ឋាភិបាលណា មិនអើពើបានទេ។ របាយការណ៍នេះ ផ្តល់សារៈសំខាន់ផ្នែកសេដ្ឋកិច្ច ដែលជាមូលហេតុមួយ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍»។
របាយការណ៍បានឲ្យដឹងថា ការដាក់កំហិតទៅលើល្បឿនយានយន្ត ច្បាប់មួកការពារនិងខ្សែក្រវាត់ និងការកាត់បន្ថយអ្នកបើកបរស្រវឹង គឺជាកត្តាងាយស្រួលបំផុត ដែលអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
របាយការណ៍ផ្សេងមួយទៀត ដែលស្រាវជ្រាវរួមគ្នារវាងធនាគារពិភពលោក និងវិទ្យាស្ថានធនធានពិភពលោក (World Resources Institute) បានឲ្យដឹងថា ប៉ុន្តែ អ្នកបើកបរទទួលខុសត្រូវតែផ្នែកខ្លះ ចំពោះគ្រោះថ្នាក់ចរាចរណ៍តែប៉ុណ្ណោះ។ អ្នករៀបចំទីក្រុង និងមន្ត្រីរដ្ឋាភិបាល ក៏ត្រូវទទួលខុសត្រូវចំពោះរឿងនេះ ដោយកសាងប្រព័ន្ធគមនាគមន៍ឲ្យមានសុវត្ថិភាព។
អ្នកនាង Anna Bray Sharpin អ្នកស្រាវជ្រាវរួមគ្នានៅវិទ្យាស្ថានធនធានពិភពលោកបាននិយាយថា៖ «បើសិនជាប្រព័ន្ធគមនាគមន៍ មិនមានសុវត្ថិភាពទេ បើសិនមនុស្សមិនមានឱកាស ក្នុងការឆ្លងផ្លូវដោយសុវត្ថិភាព ឬ មិនមានឱកាសក្នុងបើកបរយានយន្តដែលមានសុវត្ថិភាពនោះ កំហុសទាំងអស់នេះ អាចបណ្តាលឲ្យមនុស្សស្លាប់។ ហើយមិនគួរមានកំហុសទាំងនេះនោះទេ»។
អ្នកនាងបន្តថា ឧទាហរណ៍ «ទីក្រុងជាច្រើន បានប្រើប្រាស់ការណែនាំរបស់គម្រោងមហាវិថី ទៅលើផ្លូវទីក្រុងរបស់ពួកគេ»។ មហាវិថី ដែលទូលាយ និងមានចំណែកផ្លូវច្រើន គឺសម្រាប់ចរាចរណ៍ច្រើន និងល្បឿនលឿន ប៉ុន្តែមិនមែនសម្រាប់អ្នកជិះកង់ និងអ្នកថ្មើរជើងនោះទេ។
អ្នកនាងបន្ថែមទៀតថា៖ «មនុស្សចូលចិត្ត ប្រថុយគ្រោះថ្នាក់ដើម្បីឆ្លងថ្នល់។ តើនេះជាការទទួលខុសត្រូវផ្លាល់ខ្លួនរបស់បុគ្គល ឬការទទួលខុសត្រូវរួមគ្នារវាងរដ្ឋាភិបាល អ្នករៀបចំទីក្រុង និងពលរដ្ឋដែលប្រើប្រាស់ផ្លូវ»។
របាយការណ៍នោះ បានផ្តល់ការណែនាំសម្រាប់សុវត្ថិភាពទៅក្នុងការរចនាផ្លូវ។ មធ្យោបាយធ្វើដំណើរសាធារណៈ ការដើរ និងការជិះកង់កាត់បន្ថយចំនួនរថយន្តនៅលើផ្លូវនិងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ការដាក់ឲ្យមានចិញ្ចើមថ្នល់ ពូនថ្នល់ដើម្បីបន្ថយល្បឿន និងចំណែកផ្លូវសម្រាប់អ្នកជិះកង់ ជួយឲ្យអ្នកធ្វើដំណើរមានសុវត្ថិភាពជាងមុន។ នៅផ្លូវជនបទ របាំងបែកចែកផ្លូវអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
អ្នកនាង Bray Sharpin កត់សម្គាល់ថា ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន កំពុងរៀបគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។
អ្នកនាងថ្លែងថា៖ «នេះជាឱកាសមួយ ដើម្បីបញ្ចូលវិធានការណ៍ការពារសុវត្ថិភាពចូលទៅក្នុងគម្រោងរបស់ពួកគេ»។ ការធ្វើនៅពេលនេះ នឹងត្រូវចំណាយប្រាក់តិចជាង នៅ ពេលក្រោយ។ នៅពេលផ្លូវទាំងនេះសាងសង់រួចរាល់ ផ្លូវថ្នល់ទាំងនេះនឹងត្រូវដាក់ប្រើរាប់ទសវត្សរ៍។
អ្នកនាងបន្ថែមថា បើសិនគេមិនបញ្ចូលវិធានការណ៍ ការពារសុវត្ថិភាពនៅពេលនេះទេ គេនឹងមានហេដ្ឋារចនាសម្ព័ន្ធដែលមានគ្រោះថ្នាក់ក្នុងរយៈពេលវែង»។
ប្រែសម្រួលដោយ លឹម ហ្គេចហៀង