ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មករ​កាត់ដេរ​ត្អូញត្អែរ​ថា​ប្រាក់​ឈ្នួល​គោល​ ២០០​ដុល្លារ​ មិន​ប្រសើរ​នោះ​ទេ បើ​ទំនិញ​បន្ត​ឡើង​ថ្លៃ​


រូបឯកសារ៖ កម្មកររោងចក្រ​កម្ពុជាដេរ​​សម្លៀកបំពាក់​ក្នុង​រោងចក្រ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ​ ទី​២៣ ខែសីហា ឆ្នាំ​២០១៧។ (AP Photo/Heng Sinith)
រូបឯកសារ៖ កម្មកររោងចក្រ​កម្ពុជាដេរ​​សម្លៀកបំពាក់​ក្នុង​រោងចក្រ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ​ ទី​២៣ ខែសីហា ឆ្នាំ​២០១៧។ (AP Photo/Heng Sinith)

កម្មករ​ក្នុងវិស័យ​កាត់ដេរ​មួយ​ចំនួន​ត្អូញ​ត្អែរ​ថា ការ​ដំ​ឡើង​ប្រាក់​ឈ្នួលអប្បបរមា​បាន ៦ ដុល្លារ​បន្ថែម​សម្រាប់​ឆ្នាំ​ ២០២៣ មិន​អាច​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ពួកគេ​បាន​នោះ​ទេ ប្រសិន​បើ​តម្លៃ​ទំនិញ​នៅ​តែបន្ត​ឡើង​ថ្លៃ។​

ការ​ត្អូញ​ត្អែរ​របស់​ពួកគេ​ធ្វើ​ឡើង​ បន្ទាប់​ពី​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​រោងចក្រ​កាត់​ដេរ​ក្នុង​ឆ្នាំ​ ២០២៣ ត្រូវ​បាន​ដំឡើង​ត្រឹម ២០០​ ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ខែ ពោល​គឺ​កើនឡើង​ ៦​ ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ​ ២០២២។

កញ្ញា ធួង ស្រីម៉ី កម្មការិនី​ផ្នែក​អ៊ុត​ នៅ​រោង​ចក្រមួយ​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស 7NG ក្នុង​ភូមិ​វិហារ​សួគ៌ ឃុំ​វិហារសួគ៌ ស្រុក​ខ្សាច់​កណ្ដាល ​ខេត្ត​កណ្ដា​ល លើកឡើង​ថា ប្រាក់​ឈ្នួល​គោល​ ២០០ ដុល្លារ​នេះ ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​មិន​អាច​ជួយ​ឱ្យ​ការ​រស់​នៅ​របស់​កញ្ញា​បាន​ប្រសើរ​ឡើង​នោះទេ ដោយ​សារ​តម្លៃ​ទំនិញ​លើ​ទីផ្សារ​ក៏​ឡើង​ថ្លៃ​ជាបន្ត​បន្ទាប់។

កម្មការិនី​វ័យ​ ២៨​ ឆ្នាំ​រូបនេះ​បន្ថែម​ថា ជារៀង​រាល់​ខែ​កញ្ញា​តែងចំណាយ​ជាង​ ២០០​ដុល្លារ បើទោះបី​ជា​កញ្ញា​ព្យាយាម​ចាយ​ត្បិត​ត្បៀត​ក៏​ដោយ។ កញ្ញា​ស្នើ​ឱ្យ​រដ្ឋាភិបាល​ជួយ​ទប់​ស្កាត់​តម្លៃ​ទំនិញ​ កុំ​ឱ្យ​ឡើង​ថ្លៃ​ខ្លាំង​ពេក។​

កញ្ញា ធួង ស្រីម៉ី បាន​ថ្លែង​ថា៖ «ទំនិញ​គឺ​គេ​ឡើង​ថ្លៃមក​ស្រឺតៗ ទំនិញ​ឡើង​ហើយ​បាន​ប្រាក់​ឈ្នួល​យើង​ឡើង​តាម​ក្រោយ ដូច​ទំនិញ​ទីផ្សារ​ឡើង​ថ្លៃ​មុន​អ៊ីចឹង ​ប្រាក់ឈ្នួល​យើង​ឡើង​តាមក្រោយ សាំងថ្លៃ ឡើងអី​អ៊ីចឹង។ អ៊ីចឹង​មាន​តែស្នើ​សុំ​ខាង​រដ្ឋាភិបាល​ទប់​ស្កាត់​កុំ​ឱ្យ​ប្រេងឡើង​ ខាង [ទំនិញ] ទីផ្សារ​ឡើង​ថ្លៃ​អ៊ីចឹង​ហា៎បង»។

ចំណែក​កញ្ញា នយ សារ៉ាន់ កម្មការិនី​ធ្វើការ​នៅ​រោងចក្រ​ហុងវ៉ា ស្ថិត​ក្នុង​ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ លើកឡើង​ដែរ​ថា ប្រាក់​ឈ្នួល​ដែល​ឡើង​បាន​ត្រឹម​ ២០០ ​ដុល្លារ​អាមេរិកនេះ គឺ​នៅ​មានកម្រិត​ទាប​នៅ​ឡើយ បើធៀប​នឹង​តម្លៃ​ទំនិញ​លើ​ទីផ្សារ​ក្នុង​ពេល​បច្ចុប្បន្ន។

កញ្ញា​ថ្លែង​ថា៖ «ការ​ចំណាយ​ទៅលើ​អាហារ ទឹក​ភ្លើង និង​ចំណាយ​ផ្សេងៗ​ក្នុង​មួយខែៗ គឺអស់​ច្រើន​ បើ​ប្រៀប​ធៀបនឹង​ប្រាក់ខែគោល​តែ ២០០​ ដុល្លារ អត់​មាន​លុយ​បន្ទាប់បន្សំ លុយ​ពួកខ្ញុំ​ធ្វើ​ការ​ក្រៅម៉ោង ឬ​ក៏​ថែម​ម៉ោង​វិញ​ គឺ​លុយ​ហ្នឹង​ចាយ​មិន​គ្រប់ទេ»។

ដូចគ្នា​នឹង​កញ្ញា ស្រីម៉ី ដែរ កញ្ញា នយ សារ៉ាន់ ​ចង់​ឱ្យ​រដ្ឋាភិបាល​ជួយ​សម្រួលធ្វើ​យ៉ាង​ណា​ទប់​ស្កាត់​ កុំ​ឱ្យ​ទំនិញ​គ្រប់​ប្រភេទ​ឡើង​ថ្លៃ។​

កញ្ញា នយ សារ៉ាន់ ថ្លែង​ថា៖ «ដូចពួកខ្ញុំ​ជាកម្ម​ករអត់​មាន​អីទេ ​គ្រាន់តែ​ចង់​ស្នើ​សុំ​ដល់រដ្ឋាភិបាលជួយ​សម្រួល ​កុំ​ឱ្យ​ប្រាក់​ខែ​ឡើង​តែ​បន្តិច​បន្តួច ហើយ​ថ្លៃ​ផ្ទះ​ ទឹក​ភ្លើង​ឡើង​ថ្លៃ ហើយ​ទំនិញ​ទីផ្សារ អាហារ​ប្រចាំ​ថ្ងៃ​ឡើង​ខ្ពស់​អ៊ីចឹង​ ហ៎ាបង»។

ប្រាក់​ឈ្នួល​គោល​អប្បបរមា​កំណត់ដោយ​យោង​លើ​ល​ក្ខខណ្ឌវិនិច្ឆយចំនួន​ ៧ ចំណុច រួមមាន​ស្ថានភាពគ្រួសារ អត្រា​អតិផរណា និង​ការ​ចំណាយ​ក្នុង​ការរស់នៅ ផលិតភាព ភាព​ប្រកួត​ប្រជែង​របស់​ប្រទេស ស្ថានភាព​ទីផ្សារ​ការងារ និង​កម្រិត​ចំណេញ​របស់​វិស័យ។​

ប្រធាន​សហភាព​ការងារ​កម្ពុជា (CLC) លោក អាត់ ធន់ លើកឡើង​ថា រដ្ឋាភិបាល​អាច​ទប់​ស្កាត់​ការឡើង​ថ្លៃ​ប្រេងសាំង ​ទឹក អគ្គិសនី ព្រមទាំង​ទំនិញ​ផ្សេងៗ​ជាដើម ​តាមរយៈការ​ឧបត្ថម្ភ​ធន និង​ទប់​ស្កាត់​ការ​នាំ​ចូល​ទំនិញ​ផ្សេងៗ ដើម្បី​សម្រួល​ដល់​ជីវភាព​របស់​កម្មករ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា​ រដ្ឋាភិបាល​អាច​ធ្វើ​បាន ដូចជា​ការ​ទប់​តម្លៃ​ទឹក តម្លៃ​ភ្លើង និង​តម្លៃ​សាំង​អីផ្សេងៗ​ដែល​អាច​ទប់​បាន។ ឧទាហរណ៍​ដូចជា​ឧបត្ថម្ភ​ធន ឬក៏​យក​ពន្ធ​ កម្រិត​ពន្ធ​ដើម្បីបន្ថយ​ការ​ឡើង​ថ្លៃ​ហ្នឹង​បាន។ ហើយ​ដូចជា​រឿង​អង្ករ រឿង​អី​ហ្នឹង ស្រុក​ខ្មែរ​យើង​ធ្វើ​បាន អ៊ីចឹង​វា​មិនគួរ​អី​ឡើង​ថ្លៃ​ទេ។ អ៊ីចឹង​ទប់​ស្កាត់​តែការ​ឡើង​ថ្លៃ​សាច់ និង​ការ​នាំ​ចូល​នូវ​សម្ភារៈ​មួយ​ចំនួនពីប្រទេស​មួយ​ចំនួន​ ដែលអាច​ទប់​បានទៅ។ ខ្ញុំ​គិត​ថា​ សុទ្ធ​តែអាច​ធ្វើ​បាន»។

លោក​ថ្លែង​បន្ថែមថា ប្រសិន​បើតម្លៃទំនិញ​នៅតែ​ខ្ពស់ ស្របពេល​ដែល​ប្រាក់ឈ្នួល​អប្បបរមារបស់​កម្មករនៅតែ​ទាប នោះ​កម្មករ​នឹង​ត្រូវ​បង្ខំ​ចិត្ត​ធ្វើការ​ងារ​ច្រើន​ម៉ោង ដែល​អាច​ធ្វើ​ឱ្យ​ពួកគេ​ប្រឈម​នឹង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ។

លោក អាត់ ធន់ បាន​ថ្លែងថា៖ «ធ្វើឱ្យ​សុខភាព​គាត់​ចុះ​ខ្សោយ គាត់​អា​ចប្រឈម​នឹង​ជំងឺ ហើយ​អាច​បាក់​កម្លាំង។ ហើយ​មួយ​ទៀត​ គាត់​អាច​នឹង​មិនមាន​កម្លាំង​ផលិតបាន​លឿន​ ឬក៏​មានគុណភាព​ ដើម្បី​ប្រកួត​ប្រជែង​ប្រទេស​ក្នុង​តំបន់​នោះទេ។ ហើយ​ចុង​ក្រោយ​អាច​ថា នៅពេល​ដែល​ស្ថានភាព​ធ្វើការ​ច្រើន បរិយាកាស ​អត់​ល្អ ហើយ​មាន​ជំងឺ​ច្រើន​ អាច​ប៉ះពាល់​ដល់ការ​ចំណាយ​ផ្សេងៗ ការ​ព្យាបាលផ្សេង​ៗ»។

​លោក​ ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារ​ប្រាប់ VOA តាម​បណ្តាញ​សង្គម WhatsApp ​ថា ការ​កើន​ប្រាក់ឈ្នួល​ពី ១៩៤​ ដុល្លារ ទៅ​ ២០០ ​ដុល្លារ អាច​ជួយ​កម្មករ​កម្មការិនី​បាន​ខ្លះ ហើយ​ថា ប្រាក់​ដែល​ពួកគេ​ធ្វើថែមម៉ោង ក៏​នឹង​បាន​ច្រើន​ជាង​មុន​ដែរ។

លោក ហេង សួរ​ លើក​ឡើង​ទៀត​ថា ការ​ជួយ​ទប់​ស្កាត់​តម្លៃ​ទំនិញ​ឡើង​ថ្លៃ និង​ការ​គ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច គឺ​ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​ដើម្បីរក្សា​លំនឹង​ជីវភាព​ប្រជាពលរដ្ឋ។

លោក​ថ្លែង​ថា៖ «ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏​ដូចជា​រាជរដ្ឋាភិបាល គឺ​បាន​អន្តរាគមន៍​ច្រើននៅ​ក្នុងការ​ទប់​ស្កាត់​ការ​ឡើង​ថ្លៃ​ទំនិញ​នៅពេលកន្លង​មក ហើយ​យើងបន្ត​ទប់​ស្កាត់ និង​អន្តរាគមន៍​បន្ថែម​ទៀត ហើយ​ការជួយ​អន្តរាគមន៍​នេះ​មិនមែន​សំដៅ​តែលើ​ក្រុម​មនុស្ស​ណាមួយទេ គឺ​សម្រាប់​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស​តែម្តង។ ដូចជា​ថ្លៃ​អគ្គិសនី​ គឺមិនមាន​ឡើង​ថ្លៃ​ទេ ទៅបី​ជា​ប្រទេស​គេ​មាន​ការ​ឡើង​ថ្លៃ​អគ្គិសនី ប៉ុន្តែ​ក្នុង​ប្រទេស​កម្ពុជា​មិនមាន​ការ​ឡើង​ថ្លៃ​អគ្គិសនី​ទេ»។

ក្រោយ​បញ្ចប់​ការ​ប្រជុំ​កំណត់​ប្រាក់​ឈ្នួល កាលពី​ថ្ងៃទី​ ២១ ខែ​កញ្ញា ឆ្នាំ​ ២០២២ រដ្ឋមន្ត្រី​ក្រសួង​ការងារ ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ លោក ​អ៊ិត សំហេង បាន​អំពាវ​នាវ​ឱ្យ​អ្នកលក់​ដូរ និងអ្នកផ្តល់​សេវាកម្ម​ទាំងអស់ កុំ​ដំឡើង​ថ្លៃ ដើម្បី​សម្រួល​ដល់​ការ​ចំណាយ​របស់កម្មករកម្មការិនី៕

XS
SM
MD
LG