រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ បានថ្លែងការពារការដំឡើងប្រាក់ឈ្នួលអប្បបរមាកម្មកររោងចក្រកាត់ដេរសម្រាប់ឆ្នាំ២០២២ ស្របពេលដែលក្រុមសហជីពនៅតែមិនពេញចិត្តចំពោះប្រាក់ឈ្នួលអប្បបរមាត្រឹម១៩៤ ដុល្លារ។
កាលពីថ្ងៃអង្គារកន្លងទៅនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានកំណត់យកតួលេខ១៩២ដុល្លារអាមេរិកដែលទទួលបានសំឡេងគាំទ្រ៤៥សំឡេងលើ៥១សំឡេងជាប្រាក់ឈ្នួលគោលសម្រាប់កម្មករនៅឆ្នាំ២០២២។ ប៉ុន្តែដោយមានកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលសម្រេចផ្តល់២ដុល្លារបន្ថែមទៀតនោះប្រាក់ឈ្នួលអប្បបរមារបស់កម្មករនៅឆ្នាំ២០២២បានកើនដល់១៩៤ដុល្លារ។
អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកកាលពីថ្ងៃពុធ ដោយបានអធិប្បាយថា នៅពេលប្រទេសកម្ពុជាសម្រេចដំឡើងប្រាក់ឈ្នួលកម្មករចំនួន២ដុល្លារ គូប្រជែងរបស់កម្ពុជាក្នុងឧស្សាហកម្មកាត់ដេរ មិនទាន់មានលទ្ធភាពដំឡើងទេ។
លោកលើកឡើងក្នុងន័យដើមថា៖«យើងដំឡើង ក្នុងខណៈគេអត់បានដំឡើង២ឆ្នាំហើយ។ បានដំឡើងទោះតិច ឬច្រើនគឺប្រាកដជាប្រសើរជាងអត់ ក្នុងគ្រាដែលយើង[កម្ពុជា]ថាខ្លួនកំពុងលំបាក ២ដុល្លារ គឺប្រសើរជាង ០ (សូន្យ) ដុល្លារ»។
លោកបន្ថែមថា៖«ក្នុងខណៈពេល ដែលយើងឃើញអ្នកផ្សេងកំពុងពិបាករកការងារ ឬកំពុងបាត់បង់ការងារ យើងពិតជាមនុស្សមានសំណាង ដែលនៅរក្សាការងារ និងចំណូលពេលពិភពលោកគ្រប់គ្រងកូវីដ-១៩ បានល្អ និងពេលប្រទេសគូរប្រជែងយើងចាប់ផ្តើមដំឡើងប្រាក់ឈ្នួលវិញ នោះយើងការចរចារប្រាក់ឈ្នួលអាចនឹងមានភាពប្រសើរជាងនេះ»។
អ្នកនាំពាក្យរូបនេះ បានបង្ហោះសារដាច់ដោយឡែកមួយទៀត កាលពីថ្ងៃពុធដដែលនោះ ដោយថ្លែងអបអរសាទរកម្មករនិយោជិតក្នុងវិស័យកាត់ដេរ ដែលបានទទួលប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២២ ចំនួន១៩៤ដុល្លារ ខណៈប្រទេសជិតខាង និងប្រទេសជាគូប្រជែងកម្ពុជាបានផ្អាកការដំឡើងប្រាក់ឈ្នួលចំនួន ២ឆ្នាំជាប់គ្នាហើយ។
លោក ហេង សួរ បានបញ្ជាក់វីអូអេបន្ថែម តាមសារតេឡេក្រាមនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសជិតខាងដែលលោកសំដៅដល់នោះគឺ ប្រទេសទាំងបីដែលនៅជាប់កម្ពុជា តែលោកមិនបញ្ចេញឈ្មោះប្រទេសទាំងនោះ ដែលមិនដំឡើងប្រាក់ឈ្នួលឲ្យកម្មករ។
ប្រធានសហព័ន្ធសហជីពកម្ពុជាអ្នកស្រី យ៉ាង សុភ័ណ្ឌ នៅតែសម្តែងការខកចិត្តជាខ្លាំងចំពោះការដែលរដ្ឋាភិបាល មិនព្រមដំឡើងប្រាក់ឈ្នួលឲ្យលើសពី២ដុល្លារអាមេរិក ក្រោមហេតុផលថា អត្រានៃការនាំចេញសម្លៀកបំពាក់នៅកម្ពុជាបានកើនឡើងប្រមាណ៣.៣%។ នេះមានន័យថា ភាគីនិយោជកនៅតែទទួលបានផលចំណេញពីដំណើរការផលិតកម្មរបស់ខ្លួន។
អ្នកស្រីប្រាប់វីអូអេថា៖«ហើយយើងសួរថាប្រាក់ឈ្នួលវៀតណាមប៉ុន្មាន? ប្រាក់ឈ្នួលរបស់គេមានបី បួន តំបន់របស់គេ ប្រាក់ឈ្នួលរបស់គេ គេមានកម្រិតខ្ពស់កម្រិតទាប កម្រិតអីរបស់គេ ហើយសួរថាប្រជាពលរដ្ឋគេ គេអាចរស់នៅបាន តម្លៃទំនិញរបស់គេម៉េចដែរ។ អញ្ចឹងឥឡូវនៅថៃ ស្រុកជាប់យើងដែរ ប្រាក់ឈ្នួលគេប៉ុន្មាន? អញ្ចឹងកន្លែងនឹងយើងគិតថាជាហេតុផលមួយអត់សមរម្យទេដែលលើកយកមកនិយាយអញ្ចឹង។ កម្ពុជាយើងពីមុនមកការឡើងប្រាក់ឈ្នួល៥ឆ្នាំឡើងម្តង ហើយគេ[ប្រទេសជិតខាងក្នុងតំបន់] ឡើងរាល់ឆ្នាំ យកមកប្រៀបធៀបមើលម៉េចដែរ។ វាមិនអាចយករឿងអញ្ចឹងមកជជែកគ្នាវិញបានទេ» ។
នៅក្នុងការបោះឆ្នោតកំណត់ប្រាក់ឈ្នួលអប្បបរមាថ្មីដល់កម្មករសម្រាប់ឆ្នាំ២០២២ កាលពីថ្ងៃទី២៨ខែកញ្ញា តួលេខប្រាក់ឈ្នួល២០៤ដុល្លាររបស់ភាគីសហជីពទទួលបានការគាំទ្រតែ៦សំឡេង លើ៥១សំឡេង។ រីឯសំណើរកំណត់ប្រាក់ឈ្នួលត្រឹម១៨៨ ដុល្លារដែលស្នើដោយភាគីនិយោជកមិនទទួលបានសំឡេងគាំទ្រទេ។
ប្រធានសហភាពចលនាកម្មករកម្ពុជាលោក ប៉ាវ ស៊ីណា បានបញ្ជាក់ថា ការតំឡើងប្រាក់ឈ្នួលត្រឹម២ដុល្លារនេះមិនបានឆ្លើយតបទៅនឹងអតិផរណាទំនិញទីផ្សារកើនឡើងខុសពីធម្មតាក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ ពីប្រមាណ២.៨% ទៅ ៣%។
លោកបានបន្ថែមថា គម្លាតរវាងអត្ថប្រយោជន៍របស់ថៅកែទទួលបាននិងអត្ថប្រយោជន៍របស់កម្មករនិយោជិតមានភាពខុសគ្នា ខណៈកម្មករចាប់ផ្តើមខាតប្រយោជន៍ពីការមិនទទួលបានប្រាក់ឈ្នួលបន្ថែម ផ្ទុយទៅវិញកំណើនចំណូលរបស់និយោជកចេះតែមានការកើនឡើង។
លោកថ្លែងថា៖«អីចឹងនិយោជកខាតទៅណា បើគ្រាន់តែកាត់ផលប្រយោជន៍កម្មករច្រើនម្លឹងៗទៅហើយសួរថាគាត់ខាតអីទៀត។ អញ្ចឹងគាត់អត់ខាតទេ គាត់មានអីខាត យើងមើលគាត់កាត់លុយបុណ្យ[ចំនួន៧] ថ្ងៃ កាត់រហូត។ ហើយយើងគុណមើលទៅ៧ថ្ងៃ» ។
វីអូអេមិនអាចទាក់ទងសុំការអធិប្បាយពីលោក ហេង សួរ អ្នកនាំពាក្យការងារបានទេនៅថ្ងៃព្រហស្បតិ៍នេះ។
វិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើង គឺជាក្បាលម៉ាស៊ីននៃការនាំចេញធំបំផុតលំដាប់ទីមួយរបស់កម្ពុជា។ វិស័យនេះបានស្រូបយកកម្លាំងពលកម្មប្រមាណជាង៨០ម៉ឺននាក់ដែលភាគច្រើន គឺជាប្រជាពលរដ្ឋមកពីបណ្តាខេត្ត និងជនបទ។
ឧស្សាហកម្មកាត់ដេររបស់ប្រទេសកម្ពុជា បានទទួលរងផលប៉ះពាល់ពីការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩មួយផ្នែក និងមួយផ្នែកទៀតដោយសារការបាត់បង់ ២០%នៃប្រព័ន្ធឋានៈអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប កាលពីខែសីហាឆ្នាំ២០២០ ក្រោយការរកឃើញការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរក្នុងប្រទេស។
អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជាហៅកាត់ថា GMAC លោក កាំង ម៉ូនីកា បានប្រាប់វីអូអេក្រោយការបោះឆ្នោតកំណត់ប្រាក់ឈ្នួលកម្មកររោងចក្រកាត់ដេរចុងក្រោយនេះថា ការដំឡើងប្រាក់ឈ្នួលចំនួន២ដុល្លារបន្ថែមលើប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២១ដែលមាន ១៩២ដុល្លារនោះ ជាសម្ពាធចំណាយធ្ងន់ធ្ងរមួយសម្រាប់រោងចក្រកាត់ដេរនៅកម្ពុជា។
ប៉ុន្តែលោកថា ភាគីនិយោជកនឹងសម្របទៅតាមការកំណត់របស់រដ្ឋាភិបាលដែលសម្រេចផ្តល់២ដុល្លារបន្ថែមទៀតជូនកម្មករនៅឆ្នាំ២០២២។
កម្មការិនីផ្នែកត្រួតពិនិត្យសម្លៀកបំពាក់នៅរោងចក្រវាយនភណ្ឌមួយក្នុងក្រុងតាខ្មៅ អ្នកស្រី អ៊ាន ណៃគាន បានលើកឡើងពីបំណងចង់ធ្វើការតវ៉ាទាមទារឲ្យមានការដំឡើងប្រាក់ឈ្នួលបន្ថែមទៀតដូចដែលកម្មករដទៃទៀតធ្លាប់ចង់បានប្រមាណ២១៤ ដុល្លារ។
កម្មការិនីវ័យ ៣៩ ឆ្នាំរូបនេះបានប្រាប់វីអូអេថា៖ «ខាងគាត់ គាត់គិតថា២ដុល្លារនឹងច្រើនណាស់ តែសម្រាប់ខ្ញុំជាកម្មករនឹងវាតិចខ្លាំងណាស់ ព្រោះអីដោយសារអីទំនិញទីផ្សារឡើងថ្លៃរហូត ដល់ពេលចរចារឲ្យពួកខ្ញុំមួយឆ្នាំ ឡើងបានតែ២ដុល្លារ។ ហើយដល់ពេលការកាត់ពន្ធកាត់អី ពួកខ្ញុំខំប្រឹងធ្វើការចង់ងាប់ចង់រស់ កាត់ពន្ធពីពួកខ្ញុំយកទៅ ដល់ពេលឡើងឲ្យពួកខ្ញុំវិញ» ។
លោក រឿន សាវ៉ាន វ័យ ៤៦ឆ្នាំ ដែលជាកម្មករខាងផ្នែកដេរសម្លៀកបំពាក់ជាង៨ឆ្នាំ នៅរោងចក្រ Punctual Garment Factory Co,Ltd និយាយថា លោកគ្មានជម្រើសក្នុងការតវ៉ា ក្រៅតែពីការព្រមទទួលយកប្រាក់ឈ្នួលថ្មីដែលបានកំណត់ដោយរដ្ឋាភិបាល។
លោកថ្លែងថា៖«គេទៅម៉េចយើងចឹងទៅហើយ វាមិនអាចពេញចិត្តបានទេ សម្បីតែយើងទៅតវ៉ាមិនដឹងទៅប្រកែកណាបាន បានន័យថាអ្វីដែលគេដាក់មកឲ្យមានតែទទួលយក»។
ការអនុវត្តប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់កម្មករក្នុងឧស្សាហកម្មកាត់ដេរនឹងចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដោយកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប នឹងមានប្រាក់ឈ្នួលអប្បបរមាចំនួន១៩៤ដុល្លារក្នុងមួយខែចំពោះកម្មករពេញសិទ្ធិ និងចំនួន១៩២ដុល្លារក្នុងមួយខែចំពោះកម្មករនិយោជិតសាកល្បង។ នេះបើតាមការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការងារលោក អ៊ិត សំហេង៕