ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​អាមេរិក​គ្រោង​ចាត់​វិធានការ​ចាប់​បញ្ជូន​ខ្លួន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ទ្រង់ទ្រាយ​ធំ


រូបឯកសារ៖ មន្ត្រីអន្តោប្រវេសន៍និងគយ (ICE) ផ្តល់ព័ត៌មានដល់ជនអន្តោប្រវេសន៍នៅខាងក្រៅទីស្នាក់ការ ICE ក្បែរតុលាការអន្តោប្រវេសន៍ប្រចាំទីក្រុង Atlanta កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩។
រូបឯកសារ៖ មន្ត្រីអន្តោប្រវេសន៍និងគយ (ICE) ផ្តល់ព័ត៌មានដល់ជនអន្តោប្រវេសន៍នៅខាងក្រៅទីស្នាក់ការ ICE ក្បែរតុលាការអន្តោប្រវេសន៍ប្រចាំទីក្រុង Atlanta កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩។

ការ​ចាត់​វិធានការ​ចាប់​បញ្ជូន​ខ្លួន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ទ្រង់ទ្រាយ​ធំ​នេះ មិន​ទាន់​ត្រូវបាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់​ដោយ​មន្ត្រី​អន្តោប្រវេសន៍​និង​គយ​អាមេរិក ឬ​ហៅថា (ICE) នៅ​ឡើយ​ទេ។

មន្ត្រី​អន្តោប្រវេសន៍​និង​គយ​អាមេរិក គ្រោង​ចាប់​ផ្តើម​វិធានការ​រឹត​បន្តឹង​ច្បាប់​អន្តោប្រវេសន៍​ទ្រង់ទ្រាយ​ធំ នៅ​ថ្ងៃ​អាទិត្យ​នេះ ដោយ​រំពឹង​ថា នឹង​ចាប់​បញ្ជូន​ខ្លួន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ប្រមាណ​ ២,០០០​នាក់ ដែល​ភាគ​ច្រើន​ត្រូវបាន​ចៅក្រម​ចេញ​ដីកា​បញ្ជូន​ខ្លួន​ទៅ​ប្រទេស​កំណើត​របស់​ពួក​គេ​វិញ និង​ជន​អន្តោប្រវេសន៍​ដែល​មិន​បាន​ទៅ​បង្ហាញ​ខ្លួននៅ​តុលាការ​ទាក់ទង​នឹង​សំណុំ​រឿង​អន្តោប្រវេសន៍​របស់​ពួកគេ។

ការ​ចាត់​វិធានការ​ចាប់​បញ្ជូន​ខ្លួន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ទ្រង់ទ្រាយ​ធំ​នេះ មិន​ទាន់​ត្រូវបាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់​ដោយ​មន្ត្រី​អន្តោប្រវេសន៍​និង​គយ​អាមេរិក ឬ​ហៅថា (ICE) នៅ​ឡើយ​ទេ។ ការ​ចាត់​វិធានការ​នេះ​បាន​កើត​ឡើង​បី​សប្តាហ៍ ក្រោយ​ពី​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​សន្យា​ថា នឹង​ចាប់​ផ្តើម​ចាប់​បញ្ជូន​ខ្លួន «ជន​អន្តោប្រវេសន៍​ខុសច្បាប់​រាប់​លាន​នាក់‍» ចេញ​ពី​សហរដ្ឋ​អាមេរិក។

លោក Matthew Bourke មន្ត្រី ICE បាន​សរសេរ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «‍ជា​ទូទៅ មន្ត្រី​អន្តោប្រវេសន៍​និង​គយ​អាមេរិក ផ្តល់​លទ្ធភាព​ចម្បង​លើ​ការ​ចាប់​ខ្លួន និង​បញ្ជូន​ខ្លួន​ជន​អន្តោប្រវេសន៍​ខុសច្បាប់​ ដែល​បង្ក​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​ជាតិ សណ្តាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​តាម​ព្រំដែន»។

លោក Bourke បាន​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​វិធានការ​រឹត​បន្តឹង​ច្បាប់​អន្តោប្រវេសន៍​ ដែល​មិន​ទាន់​ត្រូវបាន​អនុម័ត​ជា​ផ្លូវការ​នេះ​នៅ​ឡើយ​ទេ ក៏​ប៉ុន្តែ លោក​បាន​លើក​ឡើង​ថា៖ «ជន​គ្រប់រូប​ដែល​បំពាន​ច្បាប់​អន្តោប្រវេសន៍ អាច​នឹង​ត្រូវបាន​ចាប់​ខ្លួន ឃុំ​ខ្លួន និង​បញ្ជូន​ខ្លួន​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ បើ​សិន​ជា​ពួកគេ​ត្រូវបាន​រក​ឃើញ​ថា ត្រូវបាន​ចៅក្រម​ចេញ​ដីកា​បញ្ជូន​ខ្លួន​ចេញ​ពី​សហរដ្ឋ​អាមេរិក‍»។

កាសែត The New York Times បាន​រាយការណ៍​មុន​គេ​អំពី​វិធានការ​ចាប់​បញ្ជូន​ខ្លួន​ទ្រង់ទ្រាយ​ធំ​នេះ​នៅ​ថ្ងៃ​ព្រហស្បតិ៍។ យោងតាម​កាសែត​មួយ​នេះ វិធានការ​នេះ​នឹង​កើត​ឡើង​នៅ​ក្នុង​ទីក្រុង​ធំៗ​ចំនួន ១០ នៅ​សហរដ្ឋ​អាមេរិក ដែល​នឹង​ចំណាយ​ពេល​ជា​ច្រើន​ថ្ងៃ។

សេតវិមាន​របស់​រដ្ឋបាល​របស់​លោក ត្រាំ បាន​លើក​ឡើង​អំពី​វិធានការ​រឹតបន្តឹង​ច្បាប់​អន្តោប្រវេសន៍​នេះ​ជា​ច្រើន​ខែ​មក​ហើយ។​

កាល​ពី​ថ្ងៃ​ពុធ លោក Ken Cuccinelli នាយក​ស្តីទី​ប្រចាំ​ទីភ្នាក់ងារ​ផ្តល់​សិទ្ធិ​និង​អន្តោប្រវេសន៍​អាមេរិក ឬ​ហៅ​ថា (USCIS) បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ទីភ្នាក់ងារ​របស់​លោក​នឹង​ចាត់​វិធានការ​លើ​ជន​អន្តោប្រវេសន៍​ប្រមាណ ១លាន​នាក់ ដែល​ត្រូវបាន​ចៅក្រម​ចេញ​ដីកា​ចាប់​បញ្ជូន​ខ្លួន​ចេញ​ពី​សហរដ្ឋ​អាមេរិក។

មន្ត្រី​អន្តោប្រវេសន៍​និង​គយ​អាមេរិក បាន​ប្រាប់ VOA ថា ចំនួន​ជន​អន្តោប្រវេសន៍​សរុប​ ដែល​អាច​នឹង​ត្រូវបាន​ចាប់​បញ្ជូន​ខ្លួន ​ក្នុង​នោះ​រួម​មាន​អ្នក​ដែលត្រូវបាន​ចៅក្រម​ចេញ​ដីកា​ចាប់​បញ្ជូន​ខ្លួន ឬ​ដែល​កំពុង​រង់ចាំ​ដំណើរការ​នីតិវិធី​ចាប់​បញ្ជូន​ខ្លួន​នៅ​តុលាការ «មិន​ទាន់​ត្រូវ​បាន​ផ្សព្វផ្សាយ​ភ្លាមៗ‍» នៅ​ឡើយ​ទេ។

​ទីភ្នាក់ងារ​អន្តោប្រវេសន៍​និង​គយ​ បាន​រាយការណ៍​ថា មាន​ការ​បញ្ជូន​ខ្លួន​ជន​អន្តោប្រវេសន៍​ខុសច្បាប់​ចំនួន ២៥៦,០៨៥​នាក់ សម្រាប់​ឆ្នាំ ២០១៨ និង​ចំនួន ២២៦,១១៩​នាក់ សម្រាប់​ឆ្នាំ​ ២០១៧។

យោង​តាម​កាសែត The New York Times ការ​ចាត់​វិធានការ​ចាប់​បញ្ជូន​ខ្លួន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ទ្រង់ទ្រាយ​ធំ​នេះ អាច​នឹង​ជំរុញ​ឲ្យ​មាន​ការ​ចាប់​បញ្ជូន​ខ្លួន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ ដែល​មិន​ត្រូវបាន​កំណត់​ជា​គោលដៅ​នៅ​ក្នុង​ដំណើរការ​ចាប់​បញ្ជូន​ខ្លួន​នេះ។ កាសែត​មួយ​នេះ បាន​ដក​ស្រង់​ពាក្យ​សម្តី​មន្ត្រី​អន្តោប្រវេសន៍​ដែល​បាន​លើក​ឡើង​ថា ក្រុម​គ្រួសារ​ជន​អន្តោប្រវេសន៍​ដែល​ត្រូវបាន​ឃុំ​ខ្លួន នឹង​ត្រូវ​ប្រមូល​ផ្តុំ​គ្នា និង​បញ្ជូន​ខ្លួន​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​ភ្លាមៗ​តែ​ម្តង។

លោក Chuck Schumer មេដឹកនាំ​សំឡេង​ភាគ​តិច​ប្រចាំ​ព្រឹទ្ធសភា​អាមេរិក​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ បាន​ថ្កោល​ទោស​ការ​ចាត់​វិធានការ​បែប​អមនុស្ស​ធម៌​នេះ។ លោក​បាន​មាន​ប្រសាសន៍​ថា៖ «‍នេះ​មិន​មែន​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ចាប់​បញ្ជូន​ខ្លួន​ជន​ដែល​បង្ក​គ្រោះថ្នាក់​ទេ។ នេះ​គឺជា​សកម្មភាព​ចាប់​បង្ខំ​បែប​ហិង្សា ដែល​ធ្វើ​ឡើង​ដើម្បី​ធ្វើឲ្យ​ភាព​ភ័យ​ខ្លាច​រីក​រាលដាល​នៅ​ក្នុង​សហគមន៍​ជន​អន្តោប្រវេសន៍»៕

​ប្រែ​សម្រួល​ដោយ ទែន សុខស្រីនិត

XS
SM
MD
LG