នៅក្នុងវិធានការដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថា លោកនឹងពន្យាពេលពីរសប្ដាហ៍ទៀតនូវគម្រោងសម្រុកចាប់ខ្លួន [ជនអន្តោប្រវេសន៍ខុសច្បាប់] ដែលគ្រោងធ្វើនៅថ្ងៃអាទិត្យនេះដោយទីភ្នាក់ងារអន្តោប្រវេសន៍ និងការអនុវត្តច្បាប់គយរបស់សហរដ្ឋអាមេរិក។
លោក Trump បានសរសេរនៅលើ Twitter កាលពីរសៀលថ្ងៃសៅរ៍ម្សិលមិញយ៉ាងដូច្នេះថា៖ «តបតាមសំណើរបស់គណបក្សប្រជាធិបតេយ្យ ខ្ញុំបានពន្យាពេលដំណើរការចាប់ខ្លួនបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីសហរដ្ឋអាមេរិករយៈពេល ២ សប្ដាហ៍ទៀតដើម្បីមើលថាតើគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋអាចធ្វើការរួមគ្នាដើម្បីស្វែងរកដំណោះស្រាយចំពោះរឿងសុំសិទ្ធិជ្រកកោន និងបញ្ហាចន្លោះប្រហោងនានានៅឯព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិកបានដែរឬក៏យ៉ា ងណានោះ»។
កន្លងមក សេចក្ដីរាយការណ៍នានាដែលថា ទីភ្នាក់ងារអន្តោប្រវេសន៍ និងការអនុវត្តច្បាប់គយមានគម្រោងធ្វើប្រតិបត្តិការទ្រង់ទ្រាយធំនេះ បានបង្កឲ្យមានការខឹងសម្បារពីក្រុមមេដឹកនាំគណបក្សប្រជាធិបតេយ្យនៅតាមទីក្រុងសំខាន់ៗជាច្រើន ដោយអ្នកទាំងនោះបានថ្កោលទោសផែនការនេះ និងបានផ្ដួចផ្ដើមកិច្ចប្រឹងប្រែងដើម្បីជួយពលរដ្ឋដែលរងការប៉ះពាល់ដោយសារផែនការនេះ។
ប្រធានរដ្ឋសភាអ្នកស្រី Nancy Pelosi បាននិយាយជាមួយនឹងលោក Trump កាលពីយប់ថ្ងៃសុក្រ ដោយជំរុញឲ្យមានការពន្យាពេលនេះ។ នេះបើតាមការផ្សាយរបស់កាសែត the Associated Press ដោយស្រង់សម្ដីរបស់មនុស្សម្នាក់ដែលដឹងអំពីស្ថានការណ៍នេះ។
អ្នកស្រី Pelosi បានស្នើលោក Trump ឲ្យលុបចោលផែនការសម្រុកចូលចាប់ខ្លួននេះ។ អ្នកស្រីក៏បានចេញផ្សាយសេចក្ដីប្រកាសមួយកាលពីថ្ងៃសៅរ៍ម្សិលមិញផងដែរ មុនពេលលោក Trump ប្រកាសអំពីការពន្យាពេលនេះ ហើយអ្នកស្រីបានសុំឲ្យលោក Trump បង្ហាញការអាណិតអាសូរដូចគ្នាចំពោះអ្វីដែលលោកបានធ្វើកាលពីថ្ងៃសុក្រនៅពេលដែលលោកសម្រេចលុបចោលនូវការវាយប្រហារលើប្រទេសអ៊ីរ៉ង់៕