ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានសន្យាថា នឹងចាប់ផ្ដើមបញ្ជូន «ជនបរទេសខុសច្បាប់រាប់លាននាក់» ចេញពីសហរដ្ឋអាមេរិកនៅសប្ដាហ៍ក្រោយ ប៉ុន្តែការប្រកាសអំពីការសម្រុកចូលចាប់ក្រុមគ្រួសារជនអន្តោប្រវេសន៍នេះទំនងជាធ្វើឲ្យមន្ត្រីអន្តោប្រវេសន៍សហរដ្ឋអាមេរិកមានការភ្ញាក់ផ្អើល។
គម្រោងបញ្ជូនជនបរទេសខុសច្បាប់ចេញពីសហរដ្ឋអាមេរិកនេះត្រូវបានពិចារណាអស់រយៈពេលជាច្រើនខែមកហើយ។ មន្ត្រីរដ្ឋបាលរបស់លោក Trump ម្នាក់បាននិយាយថា ជនចំណាកស្រុក ១ លាននាក់ ដែលត្រូវបានគេចេញបញ្ជាចុងក្រោយឲ្យមានការបញ្ជូនចេញ ប៉ុន្តែកំពុងតែរស់នៅក្នុងសហរដ្ឋអាមេរិកនៅឡើយ នឹងត្រូវអាជ្ញាធរផ្ដោតលើដំបូងគេបង្អស់។
ឆ្នាំ ២០១៣ គឺជាឆ្នាំដែលសហរដ្ឋអាមេរិកបានបញ្ជូនមនុស្សចេញពីប្រទេសច្រើនជាងឆ្នាំណាៗទាំងអស់ ដោយនៅពេលនោះ មនុស្សចំនួន ៤ សែន ៣ ម៉ឺន ៥ ពាន់នាក់ ត្រូវបានបញ្ជូនចេញ។
មន្ត្រីអន្តោប្រវេសន៍សហរដ្ឋអាមេរិកបាននិយាយថា ទោះបីជាលោក Trump បានប្រកាសដូចនេះក៏ដោយ ក៏ការសម្រុកចូលចាប់ក្រុមគ្រួសារជនចំណាកស្រុកនានាគឺជាអ្វីដែលនឹងមិនទាន់កើតឡើងក្នុងពេលឆាប់ៗខាងមុខនេះទេ។
សេចក្ដីរាយការណ៍នានាបានបញ្ជាក់ថា មន្ត្រីទាំងនោះមិនបានដឹងថា លោក Trump មានគម្រោងប្រកាសនៅលើ Twitter អំពីសកម្មភាពអនុវត្តច្បាប់ដ៏រសើបនេះទេ។
ការសម្រុកចូលចាប់ជនចំណាកស្រុកក្នុងទំហំដូចដែលលោក Trump បានរៀបរាប់នេះ អាចតម្រូវឲ្យមានមន្ត្រីអនុវត្តច្បាប់រាប់ពាន់នាក់ធ្វើការលើរឿងនេះ។ ប៉ុន្តែ ភ្នាក់ងារអន្តោប្រវេសន៍ភាគច្រើនត្រូវបានបញ្ជូនទៅកាន់ព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក ដើម្បីគ្រប់គ្រងលំហូរកើនឡើងនៃជនចំណាកស្រុកមកពីទ្វីបអាមេរិកកណ្ដាល ដែលឆ្លងចូលសហរដ្ឋអាមេរិកតាមប្រទេសម៉ិកស៊ិក៕