អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា រដ្ឋាភិបាលចិននឹងស្វាគមន៍ក្រុមស៊ើបអង្កេតអន្តរជាតិអំពីជំងឺកូវីដ១៩ ដែលគ្រោងធ្វើដំណើរទៅប្រទេសចិននៅខែមករាខាងមុខនេះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
គេនៅមិនទាន់ច្បាស់នៅឡើយទេ ថាតើក្រុមអ្នកស៊ើបអង្កេតរបស់អង្គការ WHO នេះ នឹងធ្វើដំណើរទៅប្រទេសចិន ឬក៏យ៉ាងណានោះ ដោយសារការពិភាក្សាអំពីគម្រោងនេះនៅបន្តនៅឡើយ។
លោក Babatunde Olowokure ប្រធានផ្នែកស្ថានការណ៍បន្ទាន់នៃអង្គការ WHO ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច បានបញ្ជាក់នៅក្នុងសន្និសីទកាសែតនៅថ្ងៃព្រហស្បត៍នេះថា៖ «អង្គការ WHO នៅបន្តទាក់ទងជាមួយនឹងប្រទេសចិន ហើយនឹងពិភាក្សាអំពីក្រុមស៊ើបអង្កេតអន្តរជាតិនេះ និងអំពីទីកន្លែងដែលក្រុមនេះនឹងទៅស៊ើបអង្កេត»។
កាលពីថ្ងៃពុធម្សិលមិញ សមាជិកម្នាក់របស់អង្គការ WHO និងមន្ត្រីការទូតមួយចំនួន បានប្រាប់ទីភ្នាក់ងារព័ត៌មានReutersថា ក្រុមបេសកកម្មនេះត្រូវគេរំពឹងថានឹងធ្វើដំណើរទៅប្រទេសចិននៅសប្តាហ៍ទីមួយនៃខែមករាខាងមុខ ដើម្បីស៊ើបអង្កេតអំពីប្រភពនៃជំងឺកូវីដ១៩៕