លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានប្រកាសថា កម្ពុជាបានបញ្ជាទិញវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ប្រមាណ១លានដូស ប៉ុន្តែលោកថា វ៉ាក់សាំងនេះ ត្រូវតែទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO)។
ថ្លែងទៅកាន់ប្រជាពលរដ្ឋខ្មែរ ដែលមានការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ជាតិកម្ពុជា (TVK) និងទំព័រហ្វេសប៊ុករបស់លោកនៅព្រឹកថ្ងៃអង្គារនេះ លោក ហ៊ុន សែន មានប្រសាសន៍ថា រហូតមកដល់ពេលនេះ លោកមិនទាន់អាចបញ្ជាក់បានទេថា វ៉ាក់សាំងដែលត្រូវនាំយកមកកម្ពុជានោះ ផលិតដោយប្រទេសណា និងមកដល់កម្ពុជានៅពេលណាទេ។ ក៏ប៉ុន្តែលោកថា កម្ពុជានឹងផ្អែកតាមយន្តការកូវ៉ាក់ (Covax) ដើម្បីទិញវ៉ាក់សាំងចាក់ឲ្យពលរដ្ឋកម្ពុជាដោយមិនគិតប្រាក់។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «រៀបចំតាមរយៈយន្តការកូវ៉ាក់សម្រាប់២០ភាគរយ ធ្វើលិខិតស្នាមរួចអស់ហើយ ទិញថែមតាមរយៈកូវ៉ាក់...១លានដូសក៏បានបញ្ជាទិញរួចហើយ តែត្រង់ថាមកដល់ពេលណា ខ្ញុំឆ្លើយអត់ទាន់បាន ព្រោះសុំបញ្ជាក់ថា កម្ពុជាទទួលទិញតែវ៉ាក់សាំងរបស់ប្រទេសណាដែលមានការទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកតែប៉ុណ្ណោះ។ កម្ពុជានឹងមិនយកពលរដ្ឋរបស់ខ្លួនធ្វើតេស្តវ៉ាក់សាំងសម្រាប់ក្រុមហ៊ុន ឬប្រទេសណានោះទេ»។
កូវ៉ាក់ គឺជាមជ្ឈមណ្ឌលនៃក្រុមអ្នកស្រាវជ្រាវរកការផលិត និងអភិវឌ្ឍមធ្យោបាយធ្វើតេស្ត និងបង្កើតឲ្យមានភាពដែលអាចទទួលបានដោយសមធម៌នូវការព្យាបាលជំងឺកូវីដ១៩ និងវ៉ាក់សាំងប្រឆាំងនឹងជំងឺនេះ។ អង្គការសុខភាពពិភពលោក ក៏ជាផ្នែកមួយនៃក្រុមអ្នកស្រាវជ្រាវនេះដែរ ហើយកម្ពុជា គឺប្រទេសមួយក្នុងចំណោមប្រទេសមានចំណូលទាបចំនួន៩២ ដែលទទួលបានការគាំទ្រពីមជ្ឈមណ្ឌលនេះ។ កូវ៉ាក់បានសន្យាថា នឹងផ្តល់វ៉ាក់សាំងឲ្យកម្ពុជា២០ភាគរយនៃប្រជាជនសរុប។
នៅក្នុងការថ្លែងរយៈពេលជិត៤ម៉ោង លោក ហ៊ុន សែន លើកឡើងថា បើមិនមានវ៉ាក់សាំងដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកទេ ការប្រើប្រាស់ម៉ាស់ត្រូវតែបន្ត និងបង្កើនវិធានការការពារ ជាជាងយកវ៉ាក់សាំងពីបណ្តាប្រទេសដែលបានដាក់វ៉ាក់សាំងរបស់ខ្លួនឲ្យប្រើប្រាស់ តែមិនមានការទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក។
លោកបន្ថែមថា៖ «អ៊ីចឹង សុខចិត្តរង់ចាំ អង្គុយរង់ចាំ ហើយសុខចិត្តពាក់ម៉ាស់។ អង្គុយរង់ចាំប្រសើរជាងភាពមិនច្បាស់លាស់»។
បើតាមលោក ហ៊ុន សែន ប្រទេសដែលបានផលិតវ៉ាក់សាំង និងដាក់ឲ្យប្រើប្រាស់វ៉ាក់សាំងទាំងនោះ រួមមានចិន រុស្សី សហរដ្ឋអាមេរិក អង់គ្លេស និងអាល្លឺម៉ង់ជាដើម។
លោកបញ្ជាក់ទៀតថា ការទទួលស្គាល់ជាអន្តរជាតិទៅលើវ៉ាក់សាំងរបស់ប្រទេសណាមួយនោះ អាចនឹងធ្វើឡើងក្នុងខែមករាខាងមុខ។ លោកក៏សូមអភ័យទោសចំពោះប្រទេសនានា ដែលកម្ពុជាមិនព្រមយកវ៉ាក់សាំងដែលផលិតរួចហើយ តែគ្មានការទទួលស្គាល់ជាផ្លូវការពីអង្គការសុខភាពពិភពលោក។
លោក ហ៊ុន សែន ថ្លែងថា៖ «និយាយយ៉ាងដូច្នេះ សូមអភ័យទោសពីប្រទេសនានា ក្រែងគេថាម៉េច អញមិនទាន់បាន គេក៏មិនទាន់ទទួលស្គាល់ អញយកទៅចាក់ហើយ បែរជាថាធ្វើតេស្ត មិនមែនទេ តែនេះគឺករណីដាច់ដោយឡែករបស់កម្ពុជាតែប៉ុណ្ណោះ»។
កាលពីសប្តាហ៍មុន ប្រធានផ្នែកកិច្ចការនយោបាយស្ថានទូតចិន លោក Wang Dexin បានបង្ហើបឲ្យដឹងថា មន្ត្រីទូតចិនកំពុងធ្វើការទំនាក់ទំនងជាមួយភាគីកម្ពុជា ទាក់ទងនឹងវ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ១៩ ផលិតដោយប្រទេសចិន។ ក៏ប៉ុន្តែក្រុមមន្ត្រីសុខាភិបាលកម្ពុជា មិនមានការបំភ្លឺណាមួយទៅលើទំនាក់ទំនងនេះទេ។
លោក ទឹម វរ៉ា នាយកប្រតិបត្តិគណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាពប្រាប់ VOA ថា ការបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក មានភាពចាំបាច់ ដើម្បីធានាថា វ៉ាក់សាំងដែលយកមកប្រើនោះ មិនបង្កហានិភ័យដល់សុខភាពរបស់ពលរដ្ឋ។
លោកមានប្រសាសន៍ថា៖ «យើងត្រូវទិញឱសថណាដែលមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកចឹង បានយើងយកមកប្រើប្រាស់ជាផ្លូវការបាន ហើយគេមានការធានាត្រឹមត្រូវ។ នៅពេលណាដែល WHO គាត់ទទួលស្គាល់ បានន័យថា គេមានការធ្វើតេស្តអីត្រឹមត្រូវ ជឿជាក់ច្រើន»។
លោកបង្ហាញជំនឿថាមន្ត្រីសុខាភិបាលកម្ពុជា បានត្រៀមរួចរាល់ក្នុងប្រើប្រាស់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩នេះ ដោយហេតុថានឹងមានការផ្តល់វគ្គបណ្តុះបណ្តាលដល់ក្រុមបុគ្គលិកសុខាភិបាលនៅពេលទទួលបានវ៉ាក់សាំង។
អង្គការសុខភាពពិភពលោកបានបង្ហើបឲ្យដឹងកាលពីសប្តាហ៍មុនថា វ៉ាក់សាំង ទំនងមកដល់កម្ពុជាដំបូងនៅខែមីនា ឆ្នាំ២០២១ខាងមុខ។ ក៏ប៉ុន្តែអង្គការអន្តរជាតិនេះ មិនបានបញ្ជាក់ពីប្រភពនៃវ៉ាក់សាំងថាផលិតចេញពីប្រទេសណាទេ។
លោក ហ៊ុន សែន លើកឡើងថា កម្ពុជាក៏បានត្រៀមបម្រុងថវិកាប្រមាណ១០០ ទៅ២០០លានដុល្លារ ដើម្បីឆ្លើយតបនឹងតម្រូវការវ៉ាក់សាំង បន្ថែមនឹងជំនួយចំនួនប្រមាណ៥៣៨លានដុល្លារ ដែលផ្តល់ដោយដៃគូអភិវឌ្ឍន៍ ក្នុងនោះមានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារអភិវឌ្ឍន៍ជប៉ុន JICA។
បើតាមលោក ហ៊ុន សែន គិតត្រឹមថ្ងៃអង្គារទី១៥ ខែធ្នូ ថវិកាប្រមូលបានដើម្បីទិញវ៉ាក់សាំង មានប្រមាណ៤៨លានដុល្លារអាមេរិក៕