ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​បង្ហើប​ឲ្យ​ដឹង​ថា​ខ្លួន​កំពុង​ទាក់ទង​រដ្ឋាភិបាល​កម្ពុជា ពាក់ព័ន្ធ​នឹង​វ៉ាក់សាំង​ចិន​សម្រាប់​បង្ការជំងឺ​កូវីដ​១៩


រូបឯកសារ៖ រទេះ​មួយ​មាន​សុទ្ធ​តែ​ដប​ថ្នាំតូចៗ​ដែល​សរសេរ​ថា​​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ស្ថិត​នៅ​​ពីលើ​ទង់ជាតិ​ប្រទេស​ចិន។​
រូបឯកសារ៖ រទេះ​មួយ​មាន​សុទ្ធ​តែ​ដប​ថ្នាំតូចៗ​ដែល​សរសេរ​ថា​​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ស្ថិត​នៅ​​ពីលើ​ទង់ជាតិ​ប្រទេស​ចិន។​

ប្រធាន​ផ្នែកកិច្ចការ​នយោបាយ​នៃ​ស្ថានទូត​ចិនប្រចាំ​កម្ពុជា លោក​ Wang Dexin បាន​លើក​ឡើង​នៅ​លើ​គណនី​ហ្វេស​ប៊ុក​របស់​លោក​កាល​ពី​សប្តាហ៍​មុន​ថា​មន្ត្រី​ទូត​ចិន​កំពុង​ទាក់​ទង​ភាគី​កម្ពុជា ទាក់​ទង​នឹងវ៉ាក់​សាំង​បង្ការ​ជំងឺឆ្លង​កូវីដ​១៩​ផលិត​ដោយ​ប្រទេស​ចិន។

ការ​ព្រលយ​អំពី​ដំណឹង​នេះ កើត​មាន​ឡើង​ស្រប​ពេល​រដ្ឋាភិបាល​កម្ពុជា​កំពុង​កៀរគរ​ថវិកា​ពី​សប្បុរស​ជន​នានា​ ដើម្បី​ទិញ​វ៉ាក់សាំង​ឲ្យ​ពលរដ្ឋ​ខ្លួន ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប៉ាន់​ប្រមាណ​ថា​ប្រជាពលរដ្ឋ​ខ្មែរ​១០​លាន​នាក់ ត្រូវ​ការ​ចាក់​វ៉ាក់សាំង​នេះ។

លោកWang Dexin​ ដែល​ប្រើ​ឈ្មោះ​ Winston Wang លើ​គណនី​ហ្វេស​ប៊ុក​របស់​លោក ​បាន​បង្ហោះ​សារ​មួយ​កាល​ពី​ថ្ងៃ​សៅរ៍​ ទី១២​ ខែ​ធ្នូ​ថា«ឥឡូវ​នេះ​ ស្ថាន​ទូត​ចិន​កំពុង​ទំនាក់​ទំនង​ជាមួយរដ្ឋាភិបាល​កម្ពុជាសម្រាប់​លទ្ធភាព​នៃ​ការ​ប្រើប្រាស់​វ៉ាក់​សាំង​កូវីដ​១៩ ​ផលិត​ដោយ​ចិន​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា»។

លោក​បន្ថែម​ថា​វ៉ាក់សាំងផលិត​ដោយ​ប្រទេស​ចិន ​មាន​គុណភាព​ល្អ​ ដោយសារ​តែ​សុវត្ថិភាព​របស់​វា​ ដែលលោក​ថា​បានប្រើ​រូបមន្ត​បុរាណ​នៃ​ភាព​អសកម្ម​ ហើយ​ប្រសិទ្ធភាព​ គឺ​មានទៅ​ដល់៨៦​% ខណៈជា​មធ្យម​ប្រសិទ្ធភាព​របស់​វា​ គឺ​៧៥% ធៀប​នឹង​វ៉ាក់សាំង​ស្រដៀង​គ្នា​នេះ។ លោក​ឲ្យ​ដឹង​ទៀត​ថា​វា​មាន​ភាព​ងាយ​ស្រួល​សម្រាប់​រក្សា​ទុក​វ៉ាក់សាំង​នេះ និង​អាច​ដឹក​ជញ្ជូន​ក្រោម​សីតុណ្ហ​ភាពចន្លោះ​ពី​២​ទៅ​៨​អង្សា​សេ​បាន។

ស្ថាន​ទូត​ចិន​ប្រចាំ​ទីក្រុង​ភ្នំពេញ​មិន​ទាន់​ឆ្លើយ​តបនឹង​សំណួរ​របស់​VOA​តាម​សារ​អ៊ីមែល ដើម្បី​បញ្ជាក់​បន្ថែម​ពី​ការ​វិវឌ្ឍ​ចុង​ក្រោយ​នៃ​ការ​ទាក់​ទង​រវាង​ភាគី​ចិន​ និង​កម្ពុជា រឿង​ទិញ​លក់​វ៉ាក់​សាំង​នេះ​ទេ។

VOA​ក៏​មិន​ទាន់​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​បន្ថែម​ពី​លោក​Wang Dexin​បាន​ដែរ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ទាំង​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ និង​ទូរស័ព្ទ។

លោក ​ម៉ម ប៊ុនហេង​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ ប្រាប់VOA​នៅ​ថ្ងៃ​ច័ន្ទ​នេះថា​ រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​សម្រេច​ថា​នឹង​ទិញ​វ៉ាក់​សាំង​ពី​ប្រទេស​ណា​នោះ​ទេ។ លោក​បាន​ដាក់​ទូរស័ព្ទ​ចុះ​ នៅ​ពេល​VOAព្យាយាមសួរ​អំពី​ការ​ទាក់​ទង​របស់​ចិន​ ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់វ៉ាក់សាំង​របស់​ប្រទេស​ចិន។

កាល​ពី​ខែ​តុលា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​ចិន​ Wang Yi មក​កម្ពុជា លោក​ឧបនាយក​រដ្ឋមន្ត្រី ហោ ណាំហុង បាន​លើក​ឡើង​ថា​ប្រទេស​ចិន​នឹង​ផ្ដល់​វ៉ាក់សាំងបង្ការ​ជំងឺ​កូវីដ​១៩ ដល់​ប្រទេស​កំពុង​អភិវឌ្ឍ ដែល​លោក​ថា​«ជា​ពិសេស​កម្ពុជា ជា​មិត្ត​ដែក​ថែប»។

លោក​ស្រី ​ឱ វណ្ណឌីន​ អ្នក​នាំ​ពាក្យ​ក្រសួង​សុខា​ភិបាល​ បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ​ ដោយ​ថា​លោក​ស្រី​ជាប់​រវល់​ប្រជុំ។

យ៉ាង​ណាក៏​ដោយ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ នឹង​ធ្វើ​បច្ចុប្បន្នភាព​នៃ​ផែនការ​ទិញ​វ៉ាក់សាំង​នេះ​នៅ​ថ្ងៃ​អង្គារ ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២០។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​ប្រទេស​កម្ពុជា ​លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា​កម្ពុជា​ត្រូវ​ថ្លឹង​ថ្លែង​ឲ្យ​បាន​ហ្មត់ចត់​ពី​ការ​រក្សា​តុល្យការនៃ​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​ប្រទេសចិន និងការទិញ​វ៉ាក់សាំង​យក​មកប្រើ​ប្រាស់។

លោកលើក​ឡើង​ថា​អ្នក​នយោបាយ​កម្ពុជា​អាច​បាត់​បង់​ទំនុក​ចិត្ត​ពី​ប្រជា​ពលរដ្ឋ​ ប្រសិន​បើ​វ៉ាក់​សាំង​ដែល​យក​មក​ប្រើ​នោះ​ មិន​ត្រូវ​បាន​ទទួល​ស្គាល់​ជា​លក្ខណៈ​សាកល។

លោក​ប្រាប់​VOA​ថា៖ «ទស្សនៈ​ខ្ញុំ​ផ្ទាល់​ ខ្ញុំ​មិន​គិត​ថា​ ថ្នាំ​ចិន​ ឬ​ក៏​ថ្នាំ​លោក​ខាង​លិច​ ពូកែ​ជាង[គេ]​អី​ទេ។​ ប៉ុន្តែ​គ្រាន់​តែ​ថា​ថ្នាំ​ចិន​យើង​គិត​ថា​ថ្នាំ​ណា​ដែល​អន្តរ​ជាតិ​ គេ​ឲ្យ​តម្លៃ​សិន។ បើ​សិន​ទោះ​បី​ជា​មាន​ថ្នាំ​បុរាណ​អី​ក៏​ដោយ​ ប៉ុន្តែ​បើ​អន្តរជាតិ​មិន​ទាន់​ទទួល​ស្គាល់​ទេ​ យន្តការ​នេះ​ អ្នក​នយោបាយ​គួរ​តែ​ធ្វើការ​សម្រេច​ចិត្ត​ ផ្អែក​ទៅ​លើ​យន្តការ​ច្បាប់​ និង​វិទ្យាសាស្ត្រ​របស់​អង្គការ​សហប្រជាជាតិ​ ជាពិសេស​អង្គការ​សុខភាព​ពិភពលោកWHO។ បើ​មិន​ដូច្នោះ​ទេ​ បាត់​ការ​គាំទ្រ​ហើយ»។

កាល​ពី​ថ្ងៃទី​៧​ ខែ​ធ្នូ ​លោក​ ហ៊ុន សែន​ បាន​ប្រកាស​តាម​ខ្សែ​អាត់​សំឡេង​មួយថា​ រដ្ឋាភិបាល​មាន​ផែន​ការ​ទិញ​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ យក​មក​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ ​ដោយ​ឥត​គិត​ថ្លៃ។​ លោក​ថាសម្រាប់​ជំហាន​ដំបូង រដ្ឋាភិបាល​គ្រោង​ទិញ​ប្រមាណ​១​លាន​ដូស ដើម្បី​ចាក់​ជូន​ប្រជា​ពលរដ្ឋ​ប្រមាណ​៥០​ម៉ឺន​នាក់ ដោយ​សារ​ពលរដ្ឋ​ម្នាក់ ត្រូវការ​ចាក់​២​ដូស ដើម្បី​ឲ្យ​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​ពេញ​លេញ។ ក្រុម​អាទិភាព​ដែល​អាច​ទទួល​បាន​វ៉ាក់សាំង​មុន​គេ គឺ​គ្រូពេទ្យ​ គ្រូបង្រៀន និង​កង​កម្លាំង​ប្រដាប់​អាវុធ។

ភ្លាមៗ​ក្រោយ​បង្ហាញ​ផែនការ​ទិញ​វ៉ាក់សាំង​នេះ អ្នក​រក​ស៊ី​ស្តុក​ស្តម្ភ ឧកញ៉ា​ទ្រព្យ​មហាសាល និង​មហាជន​ទូទៅ ក៏​បាន​ចាប់​ផ្តើមចូលរួម​បរិច្ចាគ។ គិត​ត្រឹម​ថ្ងៃ​ទី​៨ ខែ​ធ្នូ​ ថវិកា​ប្រមូល​បាន​ដើម្បី​ទិញ​វ៉ាក់សាំង​ប្រឆាំង​កូវីដ​១៩ មាន​ជាង​៣០​លា​ន​ដុល្លារ​អាមេរិក។ នេះ​បើ​តាម​ការ​ប្រកាស​របស់​នាយករដ្ឋ​មន្ត្រី។

បើ​តាម​លោក ហ៊ុន សែន ​កម្ពុជា​មិន​ទាន់​បាន​សម្រេច​ថា​នឹង​ទិញ​វ៉ាក់សាំង​ពី​ប្រទេស​ណា​សម្រាប់​យក​ចាក់​ជូន​ប្រជាជន​កម្ពុជា​ទេ។

លោក​បាន​បង្ហោះ​សារ​តាម​ហ្វេសប៊ុកថា៖ «ការ​ស្វះស្វែង​រក​វ៉ាក់សាំង​ ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​របស់​យើង​ ហើយ​ដែល​ដំបូង​ គឺ​យើង​សម្រេច​ថា​ទិញ​១​លាន​ដូស​ តែ​យើង​មិន​ទាន់​ប្រាកដ​ថា​តើ​ទិញ​នៅ​ក្នុង​ប្រទេស​ណា​នៅ​ឡើយ។ ចាំបាច់​ត្រូវ​តែ​ធ្វើ​ការ​ពិភាក្សា ហើយ​និងស្វះស្វែង​រក​ជំនួយ​ថែម​ទៀត»។ ​

ពាក់​ព័ន្ធ​នឹង​ការ​ប្រើប្រាស់​វ៉ាក់សាំង​របស់​ប្រទេស​ចិន​ មាន​សេចក្តីរាយការណ៍ថា​ប្រទេស​មួយ​ចំនួន​ដែល​សាកល្បង​ប្រើ​វ៉ាក់សាំង​ចិន​ បាន​បញ្ជា​ឲ្យ​ឈប់​ប្រើ​វ៉ាក់សាំង​ចិន​នេះ​ជា​បន្ត​បន្ទាប់​ ក្រោយ​ប្រតិកម្ម​របស់​វា​ បង្ក​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ​ដល់អ្នក​សាក​ល្បង។ ប្រទេស​ដែល​បាន​ផ្អាក​ ឬពន្យារ​ការ​ប្រើ​វ៉ាក់សាំង​របស់​ចិន​ រួមមានប្រទេស​ប្រេស៊ីល​ ប៉េរូ និង​ប្រទេស​ឥណ្ឌូនេស៊ី​ជាដើម។ នេះ​បើ​យោង​តាម​សារ​ព័ត៌មាន​BBC។

ប្រធាន​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ លោកស្រី​វេជ្ជ​បណ្ឌិត Laurence Baril ​បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ​សំណួរ​របស់​VOA​ ពាក់​ព័ន្ធ​នឹង​ប្រសិទ្ធភាព​វ៉ាក់​សាំង​ផលិត​ដោយ​ប្រទេស​ចិន​ និង​បណ្តា​ប្រទេស​ផ្សេង​ទៀត​ ដោយ​លោក​ស្រី​ថា​មិន​ស្ថិត​ក្នុង​ឯកទេស​របស់​លោក​ស្រី។

តំណាង​អង្គការ​សុខភាព​ពិភព​លោក​(World Health Organization)ប្រចាំ​កម្ពុជា​បង្ហើប​ឲ្យ​ដឹង​កាល​ពី​សប្តាហ៍​មុន​ថា​វ៉ាក់សាំង​សម្រាប់​បង្ការ​ជំងឺកូវីដ​១៩ ទំនង​មក​ដល់​កម្ពុជា​ដំបូង​នៅ​ខែ​មីនា ​ឆ្នាំ​២០២១​ខាង​មុខ ប៉ុន្តែ​មិន​ច្បាស់​នោះ​ទេ។ ក៏​ប៉ុន្តែ​អង្គការ​អន្តរជាតិ​នេះមិន​បាន​បញ្ជាក់​ពី​ប្រភព​នៃ​វ៉ាក់​សាំង​ថា​ផលិត​ចេញ​ពី​ប្រទេស​ណា​ទេ។

ការ​ស្រាវជ្រាវ​រួម​របស់​ក្រុមហ៊ុន​អាមេរិក Pfizer និង​ក្រុមហ៊ុន​អាល្លឺម៉ង់ BioNTech បាន​បង្ហាញ​ពី​ជោគជ័យ​នៃ​វ៉ាក់​សាំង​របស់​ខ្លួន ដែល​មាន​ប្រសិទ្ធភាព​ក្នុង​អត្រា​៩៥%​ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា។ ក្រុមហ៊ុន​អាមេរិក​មួយ​ទៀត​ឈ្មោះ Moderna បាន​បង្ហាញ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ថា​វ៉ាក់សាំង​ពិសោធន៍​របស់​ខ្លួន​មាន​ប្រសិទ្ធភាព​ក្នុង​អត្រា​៩៤,១% ក្នុង​ដំណាក់​កាល​សាក​ល្បង។ មិន​មាន​ការ​សិក្សា​ស៊ី​ជម្រៅ​ជា​លក្ខណៈ​សាកល​ពី​អ្នក​ជំនាញ​សុខាភិបាល​ទៅ​លើ​វ៉ាក់សាំង​ផលិត​ដោយ​ក្រុមហ៊ុន Sinovac និងSinopharm ​របស់​ចិន​នោះ​ទេ៕

XS
SM
MD
LG