អគ្គលេខាធិកាអង្គការសហប្រជាជាតិលោកAntonio Guterres បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ការបំផ្លិចបំផ្លាញដែលបង្កឡើងដោយជំងឺកូវីដ១៩ នៅទូទាំងសកលលោក នឹងមិនអាចប្រសើរឡើងវិញតាមរយៈវ៉ាក់សំាងមួយមុខនោះទេ ហើយការរើបឡើងវិញពេញលេញ អាចចំណាយពេលរាប់ឆ្នាំ ឬរាប់ទសវត្សក៏ថាបាន។
លោក Antonio Guterres បានថ្លែងក្នុងសម័យប្រជុំជាន់ខ្ពស់ពិសេសមួយរបស់មហាសន្និបាត ធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យឡើងវិញលើការឆ្លើយតបជាសាកលក្នុងពេលបច្ចុប្បន្នទៅលើជំងឺកូវីដ១៩ ថា៖ «ផលប៉ះពាល់មកលើសង្គម និងសេដ្ឋកិច្ចដោយសារការរាតត្បាតនេះ គឺធំធេងណាស់ ហើយទំហំនេះ កំពុងរីកធំទៅៗ»។
របាយការណ៍របស់អង្គការសហប្រជាជាតិដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា មនុស្សប្រមាណ៣២លាននាក់ អាចនឹងត្រូវធ្លាក់ក្នុងភាពក្រីក្រខ្លាំងនៅក្នុងឆ្នាំនេះ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩។ អង្គការនេះ កំពុងព្យាយាមដោះស្រាយបញ្ហា តាមរយៈការពង្រីកជំនួយមនុស្សធម៌ទៅកាន់មនុស្សរាប់លាននាក់។ អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏កំពុងអំពាវនាវរកកញ្ចប់ថវិកាជំនួយដែលមានចំនួនយ៉ាងហោចណាស់ ១០% នៃចំនួនផលិតផលក្នុងស្រុកសរុប GDP របស់ពិភពលោក និងសម្រាប់កាត់បន្ថយបំណុលរបស់ប្រទេសទាំងឡាយណាដែលត្រូវការវា។
ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជិត ៨០ នាក់ ចូលរួមថ្លែងក្នុងមហាសន្មិបាតរយ:ពេលពីរថ្ងៃនេះតាមរយៈការផ្ញើជាវីដេអូ ដែលក្នុងនោះ រួមមានការធ្វើបទបង្ហាញពីអ្នកវិទ្យាសាស្ត្រ អ្នកជំនាញ និងមេដឹកនាំរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិជាច្រើនរូប រួមទាំងប្រធានអង្គការសុខភាពពិភពលោកផងដែរ។
បើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ John Hopkins University មកដល់ពេលនេះ ការស្លាប់ដោយសារជំងឺកូវីដ១៩ នៅទូទាំងពិភពលោកកើនឡើងដល់ប្រមាណ ១,៥ លាននាក់ ក្នុងចំណោមករណីឆ្លងសរុប ៦៤,៦ លានករណី។
ការចែកចាយវ៉ាក់សំាងដែលទទួលបានការយល់ព្រមឲ្យប្រើប្រាស់ដំបូងរំពឹងថា នឹងត្រូវចាប់ផ្ដើមនៅក្នុងខែធ្នូនេះ។ លោក Guterres បានអំពាវនាវម្ដងហើយម្ដងទៀតឲ្យមានការទទួលបានវ៉ាក់សំាងស្មើភាពគ្នាសម្រាប់គ្រប់ប្រទេសទាំងអស់ទូទំាងពិភពលោក៕