ស្ថិតិរបស់អង្គការសុខភាពពិភពលោកហៅកាត់ថា WHO បង្ហាញថា មនុស្សពេញវ័យម្នាក់ ក្នុងបណ្តាបួននាក់ និងមនុស្សជំទង់៨០% មិនបានធ្វើសកម្មភាពខាងរាងកាយឱ្យបានគ្រប់គ្រាន់ទេ ហើយថា ជាទូទៅ កុមារីនិងស្រ្តី ធ្វើសកម្មភាពខាងរាងកាយ តិចជាងកុមារានិងបុរស។ ទីភ្នាក់ងារនេះនិយាយថា ការណ៍នេះ ធ្វើឱ្យមានផលមិនល្អដល់សុខភាពមនុស្ស និងសេដ្ឋកិច្ចពិភពលោកផងដែរ។
ទីភ្នាក់ងារ WHO រាយការណ៍ថា សកម្មភាពខាងរាងកាយអាចជួយបញ្ចៀសកុំឱ្យមានជំងឺបេះដូង ជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺមហារីក ព្រមទាំងកាត់បន្ថយការចុះថយខាងការចងចាំដូចជាជំងឺ Alzheimer ជាដើម។ អង្គការ WHO ថ្លែងថាការគ្មានសកម្មភាពខាងរាងកាយ ក៏អាចនាំឱ្យសង្គមមានបញ្ហាសេដ្ឋកិច្ចដែរ។ ការចាយវាយក្នុងពិភពលោកលើការថែទាំសុខភាពដោយផ្ទាល់ មានប្រមាណ៥៤ពាន់លានដុល្លារ ហើយមានការខាតបង់ផលិតផលចំនួន១៤ពាន់លានដុល្លារថែមទៀត។
លោក Ruediger Krech ដែលជានាយកខាងការឧបត្ថម្ភសុខភាពនៃអង្គការ WHO និយាយថា មិនយ៉ឺតពេលទេក្នុងចាប់ផ្តើមធ្វើចលនា។ លោកថ្លែងថា សកម្មភាពខាងរាងកាយណាមួយក៏ដោយ មិនថាការដើរ ការជិះកង់ ការរាំ ការធ្វើកិច្ចការក្នុងផ្ទះ និងកិច្ចការថែសួនច្បារ អាចទប់ទល់នឹងផលអាក្រក់នៃការអង្គុយយូរ។
«អង្គការ WHO អំពាវនាវឱ្យមនុស្សគ្រប់គ្នាធ្វើសកម្មភាពខាងរាងកាយតទៅទៀតនៅពេលមានការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។ ប្រសិនបើលោកអ្នកមិនធ្វើសកម្មភាពរាងកាយទេ យើងអាចប្រឈមនឹងការបង្កើតការរាតត្បាតមួយទៀត គឺសុខភាពមិនល្អដោយសារលទ្ធផលនៃការអង្គុយច្រើន»។
គោលការណ៍ណែនាំថ្មីរបស់អង្គការ WHO ផ្តល់អនុសាសន៍ឱ្យមនុស្សពេញវ័យ ហាត់ប្រាណដែលចាប់ពីការចេញកម្លាំងល្មមៗ រហូតដល់ការចេញកម្លាំងខ្លាំងក្លាយ៉ាងតិចណាស់១៥០ ទៅ៣០០នាទី ក្នុងមួយអាទិត្យ និងជាមធ្យមចំនួន៦០នាទីក្នុងមួយថ្ងៃសម្រាប់កុមារ និងមនុស្សវ័យជំទង់។
អ្នកស្រី Fiona Bull ប្រធានផ្នែកសកម្មភាពខាងរាងកាយនៃអង្គការ WHO និយាយថា ជាលើកដំបូងហើយ ដែលគោលការណ៍ណែនាំទាំងនេះ ពិនិត្យស៊ីជម្រៅអំពីផលប៉ះពាល់នៃការអង្គុយច្រើនលើសុខភាព។
«ភ័ស្តុតាងបង្ហាញថា ការអង្គុយច្រើននាំឱ្យមានផលអាក្រក់ចំពោះសុខភាព។ វាអាចបង្កើនគ្រោះថ្នាក់នៃការកើតជំងឺមិនឆ្លង ដូចជាជំងឺបេះដូងជាដើម...ហើយភ័ស្តុតាងបង្ហាញថា បើលោកអ្នកធ្វើសកម្មភាពខាងរាងកាយច្រើនជាងមុន លោកអ្នកអាចទប់ទល់នឹងផលប៉ះពាល់អាក្រក់នៃការអង្គុយយូរ»។
គោលការណ៍ណែនាំនៃអង្គការ WHO ក៏គូសបញ្ជាក់អំពីអត្ថប្រយោជន៍នៃការធ្វើសកម្មភាពខាងរាងកាយសម្រាប់ពួកជនកាយវិកលដែរ។ គោលការណ៍ណែនាំផ្តល់ការទូន្មានដល់មនុស្សអាយុច្រើនជាង៦៥ឆ្នាំឱ្យធ្វើសកម្មភាពដែលជួយពង្រឹងសាច់ដុំ និងធ្វើសកម្មភាពដែលជួយឲ្យមានលំនឹង ដែលអាចជួយបញ្ចៀសកុំឱ្យដួលព្រមទាំងធ្វើឲ្យសុខភាពកាន់តែល្អប្រសើរឡើងផងដែរ។
ប្រែសម្រួលដោយលោក ឈឹម សុមេធ