អ្នកជំនាញអង្គការសុខភាពពិភពលោក (WHO) បានលើកឡើងកាលពីថ្ងៃអង្គារម្សិលមិញថា ការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ ម្តងហើយម្តងទៀត មិនមែនជាយុទ្ធសាស្ត្រល្អនៅក្នុងការទប់ទល់នឹងវីរុសកូវីដ១៩ បំប្លែងថ្មីផ្សេងៗនោះទេ និងបានអំពាវនាវឲ្យមានការបង្កើតវ៉ាកសាំងប្រភេទថ្មីដែលអាចការពារបានប្រសើរជាងមុនមិនឲ្យមានការឆ្លងវីរុសបំប្លែងថ្មីទាំងនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ក្រុមផ្ដល់ប្រឹក្សាផ្នែកបច្ចេកទេសរបស់អង្គការសុខភាពពិភពលោកស្ដីពីការបង្កើតវ៉ាក់សាំងកូវីដ១៩ បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «វ៉ាក់សាំងកូវីដ១៩ ដែលមានប្រសិទ្ធភាពខ្ពស់នៅក្នុងការបង្ការការឆ្លងនិងការចម្លងវីរុស បន្ថែមទៅនឹងការបង្ការមិនឲ្យមានអាការៈធ្ងន់ធ្ងរនិងការស្លាប់ដោយសារជំងឺកូវីដ១៩ គឺត្រូវការជាចាំបាច់ និងគួរត្រូវបង្កើតឡើង»៕