ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌា​ងាក​ទៅ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ ខណៈ​ប្រទេស​នេះ កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការកើន​ឡើង​នៃ​ជំងឺ​កូវីដ​ជាថ្មីទៀត


បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់ លើកដៃ​ទៅ​ម៉ាស៊ីនថត មុន​ពេល​ទទួល​ការចាក់​វ៉ាក់សាំង​លើក​ទីបី​សម្រាប់​បង្ការ​ជំងឺ​កូវីដ១៩ នៅ​មន្ទីរពេទ្យ​រដ្ឋាភិបាល​ក្នុង​ទីក្រុង Gauhati ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។
បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់ លើកដៃ​ទៅ​ម៉ាស៊ីនថត មុន​ពេល​ទទួល​ការចាក់​វ៉ាក់សាំង​លើក​ទីបី​សម្រាប់​បង្ការ​ជំងឺ​កូវីដ១៩ នៅ​មន្ទីរពេទ្យ​រដ្ឋាភិបាល​ក្នុង​ទីក្រុង Gauhati ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។

ប្រទេស​ឥណ្ឌា​ បាន​ចាប់​ផ្តើម​រៀប​ចំ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩​ដូស​ជំរុញ​ដល់​ក្រុម​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​កាលពី​ថ្ងៃចន្ទ ទី​១០ ខែ​មករា ខណៈ​ដែល​ការ​ឆ្លង​ជំងឺ​នេះ​ កំពុង​តែ​កើនឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល​៧ខែ​ចុង​ក្រោយ​នេះ ដែល​កើនឡើង​ដោយសារ​តែ​វីរុស​បំប្លែង​ថ្មី​អូមីក្រុង (Omicron) ហើយ​ទីក្រុង​ដែល​កកកុញ​ដូចជា​ទីក្រុង​ញូវដែលី ​និង​ទីក្រុង Mumbai បាន​ដាក់​ការ​រឹតត្បិតឡើង​វិញ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​រលក​ទី៣​នៃ​ជំងឺ​រាតត្បាត​នេះ។

ក្រុម​បុគ្គលិក​សុខាភិបាល​ និង​ក្រុម​អ្នក​ធ្វើការ​ជួរ​មុខ​ និង​ពលរដ្ឋ​វ័យ​ចំណាស់​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ បាន​ឈរ​តម្រង់​ជួរ​ចាក់​វ៉ាក់សាំង​កាល​ពី​ថ្ងៃចន្ទ ដើម្បី​ទទួល​បាន​នូវ​អ្វី​ដែល​ឥណ្ឌា ហៅ​ថា ជា​«ការ​ចាក់ថ្នាំ​បង្ការ​គ្រោះថ្នាក់​ទុកជាមុន»។

លោក J.A. Jayalal ដែលបាន​ធ្វើជា​ប្រធាន​សមាគម​សុខាភិបាល​ឥណ្ឌារហូត​ដល់​ខែ​ធ្នូ​ឆ្នាំ​មុន ​បាន​ថ្លែង​ថា៖ «យើង​បាន​បង្កើនការ​ទាមទារ​ឱ្យ​មាន​ការចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ដល់​បុគ្គលិក​សុខាភិបាល ​និង​ក្រុម​វេជ្ជបណ្ឌិត​កាលពី​៤ខែមុន។ រដ្ឋាភិបាល​បាន​ធ្វើការ​សម្រេចចិត្ត​យឺត​បន្តិច ប៉ុន្តែ​យ៉ាង​ហោចណាស់ ​ឥឡូវ​នេះ ​ពួកគេ​ នឹង​ទទួល​បាន​ការ​ការពារខ្លះ។ ​នេះ​ គឺ​ជា​ការ​ចាំបាច់​ក្នុង​ការ​ធានា​ថា ​យើង​មាន​ក្រុម​គ្រូពេទ្យ​គ្រប់គ្រាន់​ដើម្បី​មើល​ថែ​អ្នក​ជំងឺ»។

នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ខណៈ​ដែល​អត្រា​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩​នៅ​ឥណ្ឌា​កើនឡើង​ខ្លាំង ក្រុមគ្រូពេទ្យ​ និង​បុគ្គលិក​សុខាភិបាល​រាប់​រយ​នាក់​ បាន​ឆ្លង​វីរុស​នេះ។ នេះ​ បើ​យោង​តាម​សេចក្តី​រាយការណ៍​នានា​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក។ ការណ៍​នេះ​ បាន​នាំ​ឲ្យ​មាន​ការ​ព្រមាន​ពី​កង្វះ​ខាត​បុគ្គលិក​នៅ​តាម​មន្ទីរពេទ្យ​នានា។

ការសិក្សា​ដំបូងៗ​បាន​បង្ហាញថា វ៉ាក់សាំងដូស​ជំរុញ​ប្រហែល​អាច​ការពារ​បន្ថែម​ប្រឆាំង​នឹង​វីរុស​បំប្លែង​ថ្មី​អូមីក្រុង​ដែល​ងាយ​ឆ្លង​ខ្ពស់ ហើយ​ដែល​នេះ ​បាន​ជំរុញ​ឲ្យ​បណ្តា​ប្រទេស​ជាច្រើន​បង្កើន​កម្មវិធី​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ។

នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដែលមាន​ប្រជាជន​ជិត​ ១.៤០០​ លាន​នាក់ មនុស្ស​ពេញវ័យ​ជិត​២ភាគ៣ បាន​ចាក់​វ៉ាក់សាំង​បាន​ពេញលេញ ខណៈ​ដែល​ជាង ​៩០ ភាគរយ​ បានចាក់​វ៉ាក់សាំងត្រឹម​មួយដូស។ កាលពី​សប្តាហ៍​មុន កម្មវិធី​ចាក់​វ៉ាក់សាំង​ ក៏​ត្រូវ​បាន​ផ្តល់​ដល់​ក្រុមមនុស្ស​ដែល​មាន​វ័យ​ចន្លោះ​ពី១៥ ដល់​១៨ ឆ្នាំ​ ផងដែរ។

កម្មវិធី​ចាក់វ៉ាក់សាំង​របស់​ឥណ្ឌា​ ត្រូវ​បាន​ធ្វើឡើង​រហ័ស​ជាង​មុន បន្ទាប់​ពី​ប្រទេស​នេះ ​មាន​មនុស្ស​បាត់បង់​ជីវិត​ច្រើន​នៅ​ក្នុង​រលក​ទី២នៃ​ជំងឺ​រាតត្បាត​នេះ​ កាលពីពាក់​កណ្តាល​ឆ្នាំ​មុន។ នៅ​ពេល​នោះ​ ក្រុម​អាជ្ញាធរ ​បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង ដោយសារ​តែ​ការ​គ្រប់គ្រង​វិបត្តិ​នេះ ​មិនបាន​ល្អ។ មនុស្ស​ភាគច្រើន​ពេលនោះ ​មិន​ត្រូវ​បាន​ការពារ នៅ​ពេល​ដែល​វីរុស​បំប្លែង​ខ្លួន​ដែលតា (Delta) ឆ្លង​រីករាល​ដាល​ទូទាំង​ប្រទេស ខណៈ​មន្ទីរពេទ្យ​ខ្វះ​អុកស៊ីហ្ស៊ែន និង​គ្រែ​សម្រាក​ព្យាបាល។

បុគ្គលិក​ម្នាក់ កំពុង​បំពេញ​បំពង់​អុកស៊ីហ្សែន​ក្នុង​រោងចក្រ​មួយ នៅ​ពេល​ដែល​មាន​ការរីករាលដាល​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្រុង Ahmedabad ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។
បុគ្គលិក​ម្នាក់ កំពុង​បំពេញ​បំពង់​អុកស៊ីហ្សែន​ក្នុង​រោងចក្រ​មួយ នៅ​ពេល​ដែល​មាន​ការរីករាលដាល​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្រុង Ahmedabad ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។

ខណៈ​ដែល​ចំនួន​ឆ្លង​នេះ​ បាន​កើនឡើង​ម្តងទៀត ក្រុម​អាជ្ញាធរបាន​ថ្លែងថា ពួកគេ​ត្រៀមខ្លួន​បាន​ប្រសើរ​ជាង​មុន​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​រលក​ទី៣នៃការ​ឆ្លង​ជំងឺ​រាតត្បាត​នេះ ដោយ​មាន​ឧបករណ៍​អុកស៊ីហ្ស៊ែន​ច្រើន​ជាង​មុន ហើយ​មាន​គ្រែ​មន្ទីរពេទ្យ​ត្រៀម​សម្រាប់​ទប់ទល់​នឹង​រលកថ្មីនេះ។

ការ​ឆ្លងភាគច្រើន​លើកនេះ ​ត្រូវ​បាន​រាយការណ៍​ថា ​មាន​សភាព​ស្រាល​ជាង​មុន ដែល​ធ្វើ​ឲ្យ​មាន​សុទិដ្ឋិនិយម​ជាង​មុន។

លោក Arvind Kejriwal អភិបាល​ក្រុង​ញូវដែលី​ បាន​ថ្លែងកាលពី​ថ្ងៃអាទិត្យ​ថា៖ «ការ​កើន​ឡើង​នៃ​ករណី​ឆ្លង​ជំងឺ​កូវីដ ​គឺ​ជា​រឿង​គួរ​ឲ្យ​បារម្ភ ប៉ុន្តែ​យើង​មិន​ត្រូវ​ស្លន់ស្លោ​នោះទេ។ មនុស្ស​តិច​ណាស់​ដែល​ត្រូវចូលសម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ»។

អំឡុង​មួយសប្តាហ៍ចុង​ក្រោយ​នេះ ខណៈ​ដែល​ចំនួន​ឆ្លងបាន​កើនឡើង​ខ្ពស់ ទីក្រុង​ឆ្លង​ខ្លាំង​បំផុត​ដូចជា​ញូវដែលី Mumbai និង Kolkata ​បានដាក់​ការ​រឹតត្បិត​ឡើង​វិញ។ រោងកុន កន្លែង​ហាត់​ប្រាណ សាលារៀន និង​មហាវិទ្យាល័យ​នានា​ដែល​ទើប​បើក​ឡើង​វិញ​កាលពី​ប៉ុន្មាន​ខែ​មុន ឥឡូវ​នេះ ​ត្រូវ​បាន​បិទ​ទ្វារ​ឡើង​វិញ ហើយ​ព្រឹត្តិការណ៍​ធំៗ​ ត្រូវ​បាន​លុបចោល។ ទីក្រុង​ញូវដែលី​ ក៏​បាន​ចេញ​នូវ​បម្រាម​គោចរ​សម្រាប់​ពេលចុង​សប្តាហ៍​ផងដែរ។

បុរស​ម្នាក់​ឆ្លង​កាត់​របាំង ខណៈ​ប៉ូលិស​បិទ​ផ្លូវ​មួយ បន្ទាប់​ពី​អាជ្ញាធរ​ក្នុង​រដ្ឋធានី​បាន​ចេញ​បម្រាម​គោចរ​កាល​ពី​ចុង​សប្តាហ៍ បន្ទាប់ពី​មាន​ការកើនឡើង​នៃ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ក្នុង​សង្កាត់​ចាស់​នៃ​ទីក្រុងញូវដែលី ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី៨ ខែមករា ឆ្នាំ២០២២។
បុរស​ម្នាក់​ឆ្លង​កាត់​របាំង ខណៈ​ប៉ូលិស​បិទ​ផ្លូវ​មួយ បន្ទាប់​ពី​អាជ្ញាធរ​ក្នុង​រដ្ឋធានី​បាន​ចេញ​បម្រាម​គោចរ​កាល​ពី​ចុង​សប្តាហ៍ បន្ទាប់ពី​មាន​ការកើនឡើង​នៃ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ក្នុង​សង្កាត់​ចាស់​នៃ​ទីក្រុងញូវដែលី ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី៨ ខែមករា ឆ្នាំ២០២២។

ទោះជា​យ៉ាង​នេះ​ក្តី ក្រុម​អាជ្ញាធរ​បាន​ប្រកាស​ថា ពួកគេ​នឹង​ធ្វើ​ការ​បោះឆ្នោត​ដើម្បី​ជ្រើសរើសអាជ្ញាធរ​គ្រប់គ្រង​នៅ​មូលដ្ឋាន ដែល​នឹង​ចាប់​ផ្តើម​នៅ​ខែ​កុម្ភៈ នៅ​ក្នុង​រដ្ឋ​ចំនួន៥ រួម​បញ្ចូល​ទាំង​រដ្ឋ​ដ៏​មានប្រជាជន​ច្រើន​បំផុត​របស់​ប្រទេស​ គឺ​រដ្ឋ Uttar Pradesh ផងដែរ។

ប៉ុន្តែ​ គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ បាន​ហាមឃាត់​ជាបណ្តោះ​អាសន្ន​នូវការ​ប្រមូល​ផ្តុំខាង​នយោបាយ​ធំៗ ដែល​កាលពី​ឆ្នាំ​មុន ​បាន​រងការ​រិះគន់​យ៉ាង​ខ្លាំង ដោយសារ​តែ​ការ​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រមូលផ្តុំ​ទ្រង់ទ្រាយ​ធំ ក្នុង​អំឡុង​ពេល​បោះឆ្នោត​ក្នុង​តំបន់ សូម្បីតែ​ក្នុង​ពេល​ដែល​ជំងឺ​កូវីដ១៩ កំពុង​រីករាល​ដាល​ខ្លាំង​នៅ​ក្នុង​ប្រទេស។ ការប្រមូល​ផ្តុំ​នេះ ​ត្រូវបាន​អ្នក​ជំនាញ​សុខភាព​សាធារណៈ​ចាត់ទុក​ថា​ ​ជាព្រឹត្តិការណ៍​ចម្លង​វីរុស​ខ្លាំងក្លា។

កាលពី​ថ្ងៃចន្ទ ឥណ្ឌា​ បាន​រាយការណ៍​ថា​ មាន​ករណី​ឆ្លង​ថ្មី ១៧៩.៧២៣ ករណី។ ឥណ្ឌា ​គឺ​ជា​ប្រទេស​ដែល​រងផល​ប៉ះពាល់​ខ្លាំង​បំផុត​ទី២​នៅ​ក្នុង​ពិភពលោក​ដោយសារ​ជំងឺ​រាតត្បាតនេះ។ ឥណ្ឌា​មកដល់​ពេល​នេះ​ បាន​រក​ឃើញការ​ឆ្លង ​៣៥ ​លាន​ករណី​រួច​មក​ហើយ ហើយ​មាន​មនុស្ស​សា្លប់​ប្រមាណ ៤៨៤. ០០០ នាក់​ ប៉ុន្តែ មនុស្ស​ជាច្រើន​ជឿ​ថា ​ចំនួន​ពិត​នៃ​ការ​ស្លាប់​មាន​ច្រើន​ជាង​នេះ​ឆ្ងាយ៕

ប្រែសម្រួល​ដោយអ្នកនាង ស្រេង លក្ខិណា

XS
SM
MD
LG