ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ថៃ​បង្កើន​កម្រិត​ប្រុងប្រយ័ត្ន​អំពី​ជំងឺ​កូវីដ១៩​ដោយសារ​ការរាតត្បាត​នៃ​វីរុស​អូមីក្រុង


រូបឯកសារ៖ បុគ្គលិកសុខាភិបាល​ចាក់​វ៉ាក់សាំង AstraZeneca នៅទីក្រុង​បាងកក ប្រទេស​ថៃ​កាលពី​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។ (AP)
រូបឯកសារ៖ បុគ្គលិកសុខាភិបាល​ចាក់​វ៉ាក់សាំង AstraZeneca នៅទីក្រុង​បាងកក ប្រទេស​ថៃ​កាលពី​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។ (AP)

ប្រទេស​ថៃ​ បាន​បង្កើន​កម្រិត​ប្រុង​ប្រយ័ត្ន​អំពីជំងឺ​កូវីដ១៩​របស់​ខ្លួន​នៅ​ថ្ងៃ​ព្រហស្បតិ៍​បន្ទាប់​ពី​ការឆ្លង​កើនឡើង​បណ្តាល​មកពី​ការរាលដាល​នៃ​វីរុស​បំប្លែង​ខ្លួន​អូមីក្រុង។ នេះ​បើ​តាម​សម្តី​របស់​មន្ត្រី​សុខាភិបាល​ជាន់​ខ្ពស់​ម្នាក់ ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ការផ្លាស់ប្តូរ​ពី​កម្រិត​ទី៣ទៅ​កម្រិត​ទី៤នេះ អាច​នាំឲ្យមាន​ការដាក់​វិធានការនានា ដូចជា​ការបិទកន្លែង​នានា​ដែល​មាន​ហានិភ័យ​ខ្ពស់​ហើយ​នឹង​ដាក់​ការរឹតត្បិត​លើ​ការធ្វើ​ដំណើរ​នៅ​ក្នុង​ស្រុក​ឬ​ការប្រមូល​ផ្តុំ​ជាសាធារណៈ។

លោក Kiattiphum Wongrajit លេខាធិការ​អចិន្ត្រៃយ៍​នៃ​ក្រសួង​សុខាភិបាល​ថៃ​បាន​និយាយ​ថា «ប្រទេស​ថៃ បាន​ចូលក្នុង​ដំណាក់ការ​នៃ​ការឆ្លង​រលក​ថ្មី ដែល​ករណី​ថ្មី​ជាច្រើន នឹង​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស។ កម្រិត​ទី៤នេះ មាន​ន័យ​ថា យើង​អាច​បិទ​ទីកន្លែង​ដែល​មាន​ហានិភ័យ​ខ្ពស់ ហើយ​នឹង​ប្រកាស​វិធានការ​បន្ថែម​ទៀត»។

ចំណាត់ការ​នេះ កើត​មាន​ឡើងនៅពេល​មាន​ការកើនឡើង​នូវ​ការឆ្លង​ប្រចាំ​ថ្ងៃ​ចាប់តាំង​ពី​ដើម​ឆ្នាំ​នេះមក។ ថៃ​បាន​រាយការណ៍​ពី​ការឆ្លង​ថ្មី​ចំនួន៥៧៧៥ ករណី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​ជា​ការកើន​ឡើង​ចំនួន៤៨ភាគរយ​បើ​ប្រៀបធៀប​ទៅនឹង​ថ្ងៃពុធ ហើយ​កើន​ឡើង​ជិត​ទ្វេ​ដង​បើ​ប្រៀបធៀប​ទៅនឹង​ថ្ងៃ​ទី១ មករា។ មនុស្ស​ប្រហែល៦៩​ភាគរយ​នៃ​ប្រជាពលរដ្ឋ​ថៃ​ប្រមាណ ៧២លាន​នាក់ បាន​ចាក់​វ៉ាក់សាំង​២ដុស​រួចហើយ ក៏ប៉ុន្តែ មនុស្ស​ដែល​បាន​ទទួល​ការចាក់​ដូស​ជំរុញ​រួច​ហើយ​មានតែ​ចំនួន ១០,៩ភាគរយ​ប៉ុណ្ណោះ៕

XS
SM
MD
LG