ខណៈអាជ្ញាធរសុខាភិបាលកំពុងផ្តល់វ៉ាក់សាំងដូសទី៣ ដល់ប្រជាពលរដ្ឋ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះបានសម្រេចឲ្យអាជ្ញាធរសុខាភិបាលចាប់ផ្តើមផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសទី៤ ដល់ក្រុមជួរមុខប្រមាណ ៧០ម៉ឺននាក់ដែលប្រឈមនឹងហានិភ័យ។
ក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាករដណ្តើមមេដាយមាសពិភពលោកកីឡាប៉េតង់នៅវិមានសន្តិភាពក្នុងរាជធានីភ្នំពេញលោកហ៊ុន សែនថ្លែងថារដ្ឋាភិបាលនឹងប្រើប្រាស់វ៉ាក់សាំង Pfizer ប្រមាណ២,៣លានដូសដែលជាជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលីសម្រាប់ចាក់ជាដូសទី៤ដល់មន្រ្តីជួរមុខ។
លោកបញ្ជាក់ថា៖«ផ្នែកអាទិភាពរបស់យើងគឺខ្ញុំបាននិយាយហើយគឺសម្រាប់មន្រ្តីជួរមុខនិងអ្នកដែលជាប់ពាក់ព័ន្ធ។ ក្នុងនោះអ្នកដែលជាប់ពាក់ព័ន្ធនោះមានកីឡាករកីឡាការិនីមានខាងផ្នែកសារព័ត៌មានក៏ស្ថិតនៅក្នុងលំដាប់អាទិភាពដែរ។អ្នកដែលមកយកព័ត៌មាននៅថ្ងៃនេះក៏ស្ថិតនៅក្នុងលំដាប់អាទិភាពផងដែរ»។
លោកនាយករដ្ឋមន្រ្តីក៏បានជំរុញឲ្យចាក់វ៉ាក់សាំងដូសទី៣ដោយផ្តើមពីរាជធានីភ្នំពេញសម្រាប់កុមារនិងយុវវ័យអាយុក្រោម១៨ឆ្នាំផងដែរ។
យោងតាមក្រុមហ៊ុនធានារ៉ាប់រងផ្នែកសុខភាព Discovery Health Ltd ដែលមានមូលដ្ឋាននៅប្រទេសអាហ្វ្រិកខាងត្បូងដែលជាប្រភពដើមនៃវីរុសកូវីដ១៩បំប្លែងថ្មីប្រភេទអូមីក្រុង ការចាក់វ៉ាក់សាំងប្រភេទ Pfizer ចំនួនពីរដូសអាចផ្តល់ប្រសិទ្ធភាព៧០%ទប់ទល់នឹងការឆ្លងវីរុសប្រភេទថ្មីនេះក្នុងសភាពធ្ងន់ធ្ងរដែលតម្រូវឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។
ប្រធានមជ្ឈមណ្ឌលដើម្បីអភិវឌ្ឍន៍និងសន្តិភាពលោកយង់ គិមអេងថ្លែងថាការចាក់វ៉ាក់សាំងដូសទីបីនិងទីបួនជារឿងសំខាន់ខណៈបណ្តាប្រទេសមួយចំនួននៅលើពិភពលោកបានបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទីបីដូចគ្នានេះផងដែរ។ យ៉ាងណាក្តីលោកក៏បានជំរុញឲ្យមានការសិក្សាត្រឹមត្រូវតាមបែបវិទ្យាសាស្រ្តចំពោះការចាក់ដូសជំរុញផងដែរ។
លោកថ្លែងថា៖ «រឿងសំខាន់បំផុតយើងគួរមានការពិភាក្សាផ្នែកវិទ្យាសាស្រ្តឲ្យបានច្បាស់លាស់នៅក្នុងការសម្រេចចិត្តក្នុងការចាក់ដូសទីបួនឬអីបន្តទៀតណា៎បាទ»។
ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជាលោកអ៊ូច វុទ្ធីប្រាប់វីអូអេនាថ្ងៃពុធនេះថាការចាក់ដូសជំរុញទី៣និងទី៤ជារឿងប្រសើរមួយដែលអាចដើរតួជាការជំរុញបន្ថែមដល់បុគ្គលដែលមិនទាន់មានភាពស៊ាំរឹងមាំនិងដែលអាចប្រឈមនឹងការឆ្លងជំងឺកូវីដ១៩បើទោះបីជាបានចាក់វ៉ាក់សាំងបង្ការដូសទី១និងទី២រួចហើយក៏ដោយ។
ចាប់តាំងពីការផ្ទុះឆ្លងជំងឺកូវីដ១៩នៅលើសាកលលោកមក កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩មួយភាគធំរបស់ក្រុមហ៊ុនស៊ីណូវ៉ាក់ (Sinovac) និងស៊ីណូហ្វាម (Sinopharm) ពីប្រទេសចិនវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ដែលជាជំនួយពីអង្គការសុខភាពពិភពលោក(WHO) ប្រទេសជប៉ុន និងអង់ គ្លេស វ៉ាក់សាំងរបស់ក្រុមហ៊ុនJohnson & Johnsonរបស់អាមេរិកនិងវ៉ាក់សាំងរបស់ក្រុមហ៊ុនPfizerដែលជាជំនួយរបស់ប្រទេសអូស្រ្តាលី។
គិតត្រឹមថ្ងៃទី៥ខែមករានេះ កម្ពុជាបានចាក់វ៉ាក់សាំងជំងឺកូវីដ១៩បានជិត៩០%នៃចំនួនប្រជាជនសរុបជាង១៦លាននាក់ដោយចំនួនពលរដ្ឋអាយុលើនិងក្រោម១៨ឆ្នាំដែលបានទទួលវ៉ាក់សាំងយ៉ាងតិចពីរដូសមានសរុបជាង១៣,៦លាននាក់។នេះបើយោងតាមទិន្នន័យពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩។
នៅក្នុងសារជាសំឡេងបញ្ជាក់ពីវ៉ាក់សាំងជំនួយរបស់អូស្រ្តាលីកាលពីថ្ងៃទី២០ខែធ្នូ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានលើកឡើងថាប្រជាពលរដ្ឋប្រមាណ៣លាននាក់បានទទួលវ៉ាក់សាំងកូវីដ១៩ដូសទីបី។
ក្រសួងសុខាភិបាលកម្ពុជារាយការណ៍អត្រាឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសតិចតួចប៉ុណ្ណោះ និងថ្ងៃខ្លះមិនមានតែម្តង។ក្រសួងបញ្ជាក់ថាករណីឆ្លងថ្មីសម្រាប់ថ្ងៃទី៤ខែមករាឆ្នាំ២០២២ដែលបញ្ជាក់ដោយម៉ាស៊ីនPCRនិងសុទ្ធជាប្រភេទបំប្លែងថ្មីអូមីក្រុងគឺមានចំនួន៩ករណីដែលជាករណីនាំចូលទាំងអស់។
នៅថ្ងៃពុធនេះលោកនាយករដ្ឋមន្រ្តីហ៊ុន សែនក៏បានលើកឡើងដែរថា រាល់បុគ្គលដែលត្រូវបានធ្វើតេស្តឃើញវិជ្ជមានវីរុសកូវីដ១៩ប្រភេទអូមីក្រុងគឺត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យជាដាច់ខាតដើម្បីបញ្ចៀសលទ្ធភាពនៃការឆ្លងរាលដាលទៅក្នុងសហគមន៍៕