ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​បញ្ជាក់​ជាថ្មី​ពី​ការប្តេជ្ញា​របស់​អាមេរិក​ចំពោះ​តំបន់​អាស៊ាន


រូបឯកសារ៖ នៅក្នុងរូបភាពដែលចេញផ្សាយដោយកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសប្រ៊ុយណេ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ថ្លែងនៅក្នុងកិច្ចប្រជុំតាមអនឡាញជាមួយមេដឹកនាំប្រទេសជាអាស៊ាន នៅថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១។ (AP)
រូបឯកសារ៖ នៅក្នុងរូបភាពដែលចេញផ្សាយដោយកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសប្រ៊ុយណេ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ថ្លែងនៅក្នុងកិច្ចប្រជុំតាមអនឡាញជាមួយមេដឹកនាំប្រទេសជាអាស៊ាន នៅថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១។ (AP)

សេតវិមានបាន​បញ្ជាក់​ជាថ្មី​ថា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden​នៅ​តែ​ប្តេជ្ញា​ក្នុង​ការស្តារ​និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​នូវ​ទំនាក់​ទំនង​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​តំបន់​អាស៊ាន​ជា​ពិសេស​លើ​បញ្ហា​ដ៏​សំខាន់​ជាច្រើន​ក្នុងនោះ​មានសិទ្ធិមនុស្ស​សន្តិសុខ​ សេដ្ឋកិច្ច​និង​សុខភាព​សាធារណៈ។

ការលើកឡើង​នេះ​ក្នុង​ពេល​ដែលលោក Joe Bidenគ្រោង​នឹង​ជួប​ជាមួយ​មេដឹកនាំ​អាស៊ាន​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​សហរដ្ឋ​អាមេរិក។

អ្នកស្រី​ Jen Psaki ​អ្នកនាំពាក្យ​សេតវិមាន​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃព្រហស្បតិ៍​សប្តាហ៍​មុន​ថា៖

«ការកសាង​ភាពជាដៃគូ​និង​សម្ព័ន្ធភាព​របស់​យើង​ឡើង​វិញ​គឺជា​អាទិភាព​សម្រាប់​លោក​ប្រធានាធិបតី​តាំងពី​ដំបូង។ ទំនាក់ទំនង​ខ្លះ​គឺ​តាម​រយៈ​រចនាសម្ព័ន្ធ​ដែល​មាន​ស្រាប់​ដូចជា​អាស៊ាន។​វិធី​មួយ​ចំនួន​គឺ​តាម​រយៈ​ទំនាក់ទំនង​ទ្វេភាគី​ដោយផ្ទាល់។ ការណ៍​នេះ​ដោយសារ​លោក​ប្រធានាធិបតី​គិត​ថា​វា​នឹង​ពង្រឹង​គោលបំណង​របស់​យើង​ក្នុង​ការតស៊ូមតិ​សម្រាប់​សិទ្ធិមនុស្ស​សម្រាប់​សន្តិសុខ​ពិភពលោក​និង​សម្រាប់​ការធ្វើការ​រួមគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​សកល​ធំៗ​ ដូចជា​សេដ្ឋកិច្ច​ពិភពលោក​ឬ​វិបត្តិកូវីដ»។

លោក​ប្រធានាធិបតី​ Joe Biden​ បាន​ស្នើ​កាលពី​ខែវិច្ឆិកា​ឆ្នាំ​មុន​ឲ្យ​មាន​កិច្ចប្រជុំ​កំពូល​ជាមួយ​នឹង​មេដឹកនាំ​អាស៊ាន​ដោយគ្រោង​ប្រជុំ​នៅ​ខែ​មករា​ប៉ុន្តែត្រូវ​បានពន្យារ​ដល់​ចុង​ខែ​កុម្ភៈ​តាម​ការស្នើ​សុំ​របស់​មេដឹកនាំ​អាស៊ាន។

នៅ​ពេល​ដែល​អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់​វីអូអេ​បាន​សាកសួរ អ្នកស្រី​ Jen Psaki​ បាន​ថ្លែង​ថា​អ្នកស្រី​នៅ​មិនទាន់​មានព័ត៌មាន​លម្អិត​អំពី​របៀប​វារៈ​ប្រជុំ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​អ្នកស្រី​បាន​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​កិច្ចប្រជុំ​នេះ៖

«ប៉ុន្តែ​អ្នកដឹង​ទេ​ថា​វាជា​ឱកាស​មួយ​ទៀត​សម្រាប់​លោកប្រធានាធិបតី​សន្ទនា​អំពី​វិធី​ដែល​យើង​អាច​ធ្វើការ​ជាមួយគ្នា​និង​វិធី​ដែល​យើង​អាច​កសាង​ឡើងវិញ​នូវ​ទំនាក់​ទំនង​ជាច្រើន​ដែល​ត្រូវ​បានបំផ្លាញ​ក្នុង​រយៈពេល​៤​ឆ្នាំ​មុន​អណត្តិ​របស់​លោក»។

ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​តំបន់​អាស៊ាន​ក្នុង​រយៈពេល​៤​ឆ្នាំ​ក្រោម​រដ្ឋបាល​លោក​ដូណាល់ ត្រាំ​ត្រូវ​បាន​អ្នកវិភាគ​មើលឃើញ​ថា​មាន​លក្ខណៈ​ឡើងចុះ។ ក្នុងឆ្នាំ២០១៧ លោក Donald Trump បាន​ទៅចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ក្នុង​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន។ ប៉ុន្តែ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​របស់​អាស៊ាន​ក្នុង​ឆ្នាំ​២០១៩​រដ្ឋបាល​លោក Donald Trump បាន​បញ្ជូន​ត្រឹម​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាមេរិក​ចូលរួម​ដែល​បាន​ធ្វើ​ឲ្យ​មេដឹកនាំ​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​ចំនួន​អាក់អន់​ចិត្ត​និង​ធ្វើ​ពហិការ​មិន​ចូលរួម​កិច្ចប្រជុំ​កំពូល​អាមេរិក​និង​អាស៊ាន​ដែល​រៀបចំ​ឡើង​បន្ទាប់​ពីនោះនៅ​ប្រទេស​ថៃ។

នៅ​ឆ្នាំ​នេះ​កម្ពុជា​គឺ​ជា​ប្រធាន​ប្តូរ​វេន​របស់​អាស៊ាន។ មន្ត្រី​កម្ពុជា​យល់​ថា​កិច្ចប្រជុំ​កំពូល​ខាងមុខ​នេះ​គឺ​ជាឱកាស​ការស្វែង​រក​កិច្ច​សហប្រតិបត្តិ​បន្ត​ទៀត​រវាង​អាស៊ាន​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។ ទន្ទឹម​គ្នា​នេះ​ដែរ​អាស៊ាន​ក៏​នឹង​យក​ឱកាស​នេះ​ពន្យល់​ដល់​សហរដ្ឋ​អាមេរិក​ថា​តំបន់​នេះ​គឺ​ជា​ប្លុក​សេដ្ឋកិច្ចមិនមែន​ជា​ប្លុក​យុទ្ធសាស្រ្ត​នយោបាយ​និង​យោធា​ទេ។ នេះ​បើតាម​ការលើក​ឡើង​របស់​លោក ផៃ​ ស៊ីផាន​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា។

លោកផៃ ស៊ីផាន​ដែល​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​បន្ថែម​ប្រាប់​វីអូអេកាលពី​ថ្ងៃ​ពុធ​ថា៖

«យើង​ដឹង​ហើយ​ថា​អាស៊ាន​រួមគ្នា​មិនមែន​ដើម្បី​ប្រឆាំង​នឹង​អ្នកណា​មួយ​ទេ។ នេះ​ជា​គោលការណ៍​ជា​ច្បាប់​របស់​អាស៊ាន។ អាស៊ាន​រៀបចំ​ជា​ប្លុក​មួយ​យក​សេដ្ឋកិច្ច​ជា​ធំ​ហើយ​នយោបាយ​ក៏​ជា​នយោបាយ​មួយ​ដើម្បី​រក្សា​សន្តិភាព​និង​រក្សា​តុល្យភាព​រវាង​មហាអំណាច​ធំៗ​ដែល​កម្ពុជា​ត្រូវ​តែ​អនុវត្ត​ត្រូវតែ​ធ្វើ»។

លោកផៃ ស៊ីផាន​បាន​បន្ថែម​ថា​ក្រុមបណ្តា​មេដឹកនាំ​អាស៊ាន​ក៏អាច​នឹង​សម្តែង​កង្វល់ចំពោះ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន​ដែល​បាន​ចាប់​ផ្តើម​តាំង​ពី​រដ្ឋបាល​របស់​លោកDonald Trumpផងដែរ។

រូបឯកសារ៖ ពលរដ្ឋ​ហ្វីលីពីន​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​ស.រ.អា.​នៅរដ្ឋធានី​ម៉ានីល ប្រឆាំង​នឹង​ទស្សនកិច្ច​លើកទីមួយ​របស់​លោក​ប្រធានាធិបតីស.រ.អា.​ Donald Trump មក​កាន់​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ​ដើម្បី​ចូលរួម​ក្នុងកិច្ច​ប្រជុំកំពូល​អាស៊ាន​លើក​ទី​៣១និង​កិច្ច​ប្រ
រូបឯកសារ៖ ពលរដ្ឋ​ហ្វីលីពីន​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​ស.រ.អា.​នៅរដ្ឋធានី​ម៉ានីល ប្រឆាំង​នឹង​ទស្សនកិច្ច​លើកទីមួយ​របស់​លោក​ប្រធានាធិបតីស.រ.អា.​ Donald Trump មក​កាន់​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ​ដើម្បី​ចូលរួម​ក្នុងកិច្ច​ប្រជុំកំពូល​អាស៊ាន​លើក​ទី​៣១និង​កិច្ច​ប្រ

អ្នកជំនាញ​កិច្ចការ​បរទេស​មើលឃើញ​ថា​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​តំបន់​អាស៊ាន​មាន​ភាព​ល្អ​ប្រសើរ​ឡើង​នៅ​ក្រោម​រដ្ឋបាល​លោកJoe Bidenដូច្នេះ​កិច្ចប្រជុំ​កំពូល​នេះ​គឺ​ជា​ការបញ្ជាក់​ពី​ការយកចិត្ត​ទុកដាក់​របស់​មហា​អំណាច​ពិភពលោក​នេះ។

ក្នុង​រយៈពេល​១​ឆ្នាំ​ក្រោម​រដ្ឋបាល​លោក​Biden​មាន​មន្ត្រី​ជាន់ខ្ពស់​ជាច្រើន​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​ក្នុង​តំបន់​ក្នុង​នោះ​មាន​អនុប្រធានាធិបតី​អ្នកស្រី Kamala Harris លោក​Lloyd Austin​រដ្ឋមន្ត្រី​ការពារ​ជាតិ​និង​រដ្ឋមន្ត្រី​ការបរទេស​លោក​Anthony Blinken​ ជាដើម។

លោក ឈាង វណ្ណារិទ្ធិប្រធាន​វិទ្យាស្ថាន​ចក្ខុ​វិស័យ​អាស៊ី​បាន​បញ្ជាក់​ប្រាប់​វីអូអេ​កាលពី​ថ្ងៃ​ពុធ​ថាលក្ខណៈ​ទីតាំង​ភូមិសាស្ត្រ​របស់​អាស៊ាន​មានសារៈ​សំខាន់​ដល់​ការសម្រេច​បាន​គោលនយោបាយ​ឥណ្ឌូប៉ាស៊ីហ្វិក​របស់​សហរដ្ឋ​អាមេរិក។

លោកឈាង វណ្ណារិទ្ធិ​បាន​បន្ថែម​ថា៖

«អ៊ីចឹង​គោលនយោបាយ​ឥណ្ឌូប៉ាស៊ីហ្វិក​របស់​អាមេរិក​ហ្នឹង​ត្រូវការ​តួអង្គ​អាស៊ាន​សំខាន់​ណាស់។ អីចឹង​ទេ​ត្រូវ​ពង្រឹង​តួអង្គ​អាស៊ាន​ពង្រឹង​នូវ​មជ្ឈភាព​របស់​អាស៊ាន​នៅ​ក្នុង​ការតាក់តែង​នូវ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​មួយ​គឺជា​ការសំខាន់»។

អាស៊ានកំពុងតែ​ពង្រឹងគោលការណ៍​«ចក្ខុវិស័យ​អាស៊ាន​លើ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក»​(Asean Outlook on the Indo-Pacific (AOIP)) ​របស់​ខ្លួន​ផងដែរ។ គោលការណ៍​ចក្ខុវិស័យ​អាស៊ាន​លើ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិកបង្ហាញ​ថា​អាស៊ាន​គឺ​ជា​តំបន់​ដែល​មាន​ទំនាក់​ទំនង​ជាប់​គ្នា​ដោយ​មានតួនាទី​មជ្ឈភាព​និង​យុទ្ធសាស្រ្តហើយ​តំបន់​នេះ​ជា​កន្លែង​សន្ទនា​និង​សហប្រតិបត្តិការ​ជាជាង​ជម្លោះ។ ទន្ទឹម​នឹង​នោះ​តំបន់​នេះលើក​កម្ពស់​ការអភិវឌ្ឍ​និង​វឌ្ឍនភាព​សម្រាប់​គ្រប់​ភាគី។

លោកឈាង វណ្ណារិទ្ធិ​បាន​បន្ថែម​ថា៖

«អ៊ីចឹង​ទេ​ពី​ស្មារតី​អាស៊ាន​គឺ​ជំរុញ​AOIP (ចក្ខុវិស័យ​អាស៊ាន​លើ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក)​ហើយ​ត្រូវ​ជំរុញ​បណ្តា​ប្រទេស​ដែល​ជាដៃគូ​អាស៊ាន​ហ្នឹង​យក​AOIP​ជាកត្តា​ចម្បង​ឲ្យ​អាទិភាព​ខ្ពស់​លើ​AOIP។ អ៊ីចឹង​កិច្ចប្រជុំ​ខាងមុខ​ទាក់ទង​នឹង​ទស្សនទាន​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​មាន​ភាព​ស៊ីគ្នា​រវាង​ឥណ្ឌូប៉ាស៊ីហ្វិក​របស់​អាមេរិក​និង​AOIP​របស់​អាស៊ាន»។

សហរដ្ឋ​អាមេរិក​គាំទ្រ​គោលការណ៍​ចក្ខុវិស័យ​អាស៊ាន​លើ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ដោយ​ចាត់ទុក​ថា​គោលការណ៍​ទាំងនោះបាន​ឆ្លុះបញ្ចាំង​នៅក្នុង​ចក្ខុវិស័យ​អាមេរិក​សម្រាប់​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​សេរី​និង​បើក​ចំហរ។ នេះ​បើតាមសេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេសកាលពី​ខែសីហា​ឆ្នាំ​មុន​។

តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ជាច្រក​ពាណិជ្ជកម្ម​ដែល​មាន​ទំហំ​ជាង​៣,៥​លានលាន​(ទ្រីលាន)​ដុល្លារ​ជារៀង​រាល់​ឆ្នាំ។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក។

ប៉ុន្តែ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​និង​វិបត្តិ​នយោបាយ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ក៏​ជា​ចំណុច​សំខាន់​ដែល​អាច​នឹង​ប៉ះពាល់​ដល់កិច្ច​ពិភាក្សា​នេះ​ដែរ។ នេះ​បើតាម​ការលើកឡើង​របស់​លោក​ឈាង វណ្ណារិទ្ធិ។

ប្រទេស​មហាអំណាច​ចិន​មាន​ជម្លោះ​ជាច្រើន​ឆ្នាំ​ហើយ​ជាមួយ​នឹង​សមាជិក​អាស៊ាន​ខ្លះ​ក្នុង​ការទាមទារ​ដែន​ទឹក​និង​កោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង។​មេដឹកនាំ​កម្ពុជាបាន​ប្តេជ្ញា​ប្រឹងប្រែង​សម្រេច​ឲ្យ​បានក្រមប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​ក្រោយ​ពី​ការចរចា​អស់​ជាច្រើន​ឆ្នាំ។ ក្នុង​រយៈពេលប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ការចរចា​បាន​ឈាន​ទៅ​សម្រេច​បាន​ត្រឹម​តែ​ក្របខណ្ឌ​រួម​ប៉ុណ្ណោះ​ដោយសារ​នៅ​មិន​ទាន់​ចុះ​សម្រុង​គ្នា​លើ​គោលការណ៍​សំខាន់ៗ​មួយ​ដូចជា​ដែន​សមត្ថកិច្ចរបស់​ស្ថាប័ន​ណា​មួយ​ដែល​អាច​កាត់​សេចក្តី​ចំពោះ​វិវាទ​នេះ​ឬ​ក៏​ប្រើ​ការ​ចរចា​ទ្វេភាគី​រវាង​ភាគីចិននិង​ប្រទេស​ដែល​ទាមទារ​កម្មសិទ្ធិក្នុង​ដែន​ទឹក​ដែល​មាន​ជម្លោះ​នោះ។

លោកផៃ ស៊ីផាន​ក៏​បាន​បញ្ជាក់​បន្ថែមថា៖

«រឿង​សមុទ្រ​ចិន​ខាងត្បូង​យើង​បន្ត​ខំប្រឹងប្រែង​ធ្វើ​យ៉ាងម៉េច​ដើម្បី​ឲ្យ​ក្រម​ប្រតិបត្តិ​នៃ​ការដោះស្រាយ​ហ្នឹង​ស្ថិតនៅ​ក្នុង​ការដោះស្រាយ​ដោយសន្តិភាព​គឺ​មិនមាន​កម្លាំង​ណា​មួយ​ដែល​វា​អាច​បង្ក​ឲ្យ​មាន​ហានិភ័យ​និង​អំពើ​ហិង្សា»។​

ក្រុមអ្នកតស៊ូ​មតិ​ដើម្បី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជានិង​មីយ៉ាន់ម៉ា​បាន​រួមគ្នា​ស្នើ​សុំ​ឲ្យ​លោក​ប្រធានាធិបតី​Joe Biden​កុំ​ឲ្យ​អញ្ជើញ​តំណាង​យោធា​មីយ៉ាន់ម៉ា​ចូលរួម​ប្រជុំ​ប៉ុន្តែ​អញ្ជើញ​ក្រុម​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​ដែល​គាំទ្រ​អ្នកស្រី​អោង សានស៊ូជី​ ​វិញ។ នៅ​ក្នុង​លិខិត​ទៅ​លោកប្រធានាធិបតី​Joe Biden​កាលពី​ថ្ងៃទី២១​ខែមករា​ក្រុម​សកម្មជន​ក៏​សម្តែង​ការព្រួយ​បារម្ភ​ពី​តួនាទី​ដឹកនាំ​របស់​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​ប្តូរវេន​អាស៊ាន​ជាពិសេស​ប្រវត្តិ​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​មិន​គោរព​សំឡេង​ជំទាស់​និង​ការធ្វើ​ទស្សនកិច្ច​ទៅ​មីយ៉ាន់ម៉ា​ជា​ឯកតោ​ភាគី​ដើម្បី​ជួប​ពិភាក្សា​ជាមួយ​នឹង​លោក​Min Aung Hlaing ​ដែល​ជា​មេដឹកនាំ​រដ្ឋប្រហារ​យោធា។​

លោកផៃ ស៊ីផាន​បាន​ការពារ​វិធីដោះស្រាយ​របស់​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន៖

«រឿង​របស់​ភូមា​ជាជំហរ​គឺ​ការប្រឹងប្រែង​របស់​កម្ពុជា​ជា​ប្រធាន​ហ្នឹង​គឺ​យើង​មាន​រឿង​ច្រើន​ណាស់​ដែល​ត្រូវ​ធ្វើហើយ​រឿង​របស់​ភូមា​មិន​អាច​ចាប់​អាស៊ាន​ទៅ​ជា​ចំណាប់​ខ្មាំង​ទេ។ ដូច្នេះ​នេះ​ជា​ការបង្ហាញ​នូវ​ការសាមគ្គី​ភាព​រវាង​អាស៊ាន»។

គណបក្ស​សង្គ្រោះ​ជាតិចង់ឲ្យ​សហរដ្ឋ​អាមេរិក​យក​ឱកាស​នៃ​កិច្ចប្រជុំ​កំពូល​នេះ​រំលឹក​មេដឹកនាំ​អាស៊ាន​ឲ្យ​ផ្តោត​លើការគោរព​សិទ្ធិមនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ។​

លោកអេង ឆៃអ៊ាង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់នៅ​នីរទេស​ខ្លួន​ក្នុង​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ប្រាប់​វីអូអេថា៖

«យើង​ឃើញ​ថា​រដ្ឋបាល​លោកBiden ពេល​ដែល​គាត់​មកកាន់​តំណែង​បន្ត​ពី​លោក Donald Trump​ហ្នឹង​គឺ​លោក Biden​គាត់​ផ្តោត​ខ្ពស់​លើ​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​សម្រាប់​ប្រទេស​នានា​លើ​ពិភពលោក។ អ៊ីចឹង​យើង​សង្ឃឹម​ថា​ប្រធាន​បទស្តីពី​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​នឹង​ត្រូវ​យក​មក​ជជែក​គ្នា​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​អាមេរិក​លើស​ពី​កត្តា​សេដ្ឋកិច្ច​បញ្ហា​ពាណិជ្ជកម្ម​និង​បញ្ហា​ភេរវកម្ម»។

គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការកម្ពុជា​រំលាយ​កាលពី​ចុង​ឆ្នាំ​២០១៧ហើយត្រូវ​គណបក្ស​កាន់​អំណាច​រឹបអូស​យក​អាសនៈ​នៅ​ថ្នាក់​មូលដ្ឋាន​និង​ថ្នាក់​ជាតិ​និង​ហាមឃាត់​ថ្នាក់​ដឹកនាំ​ជាង​១០០​នាក់​មិន​ឲ្យ​ធ្វើ​នយោបាយ​ចំនួន​៥​ឆ្នាំ។ ចំណាត់ការ​នេះ​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​មើលឃើញ​ថា​ជា​ការរំលោភ​សិទ្ធិនយោបាយ​និង​សិទ្ធិពលរដ្ឋ។

គណបក្ស​សង្គ្រោះ​ជាតិ​យល់​ថា​ការវិវត្តន៍​នយោបាយ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដែល​ក្រុម​យោធា​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​គណបក្ស​ឈ្នះឆ្នោត​កាលពី​ខែកុម្ភៈ​ឆ្នាំ​មុន​គឺ​កាន់តែ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ពី​សារៈសំខាន់​នៃ​ការគោរព​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​ពីព្រោះ​ស្ថានការណ៍​រវាង​មីយ៉ាន់ម៉ា​និង​កម្ពុជា​មាន​លក្ខណៈ​ស្រដៀងគ្នា។

លោកអេង ឆៃអ៊ាង​បាន​បន្ថែម​ថា៖​

«រឿង​ភូមា​ក៏​មិនខុស​ពី​កម្ពុជា​ប៉ុន្មាន​ដែរ​គ្រាន់តែ​ថា​នៅ​ក្នុង​ប្រទេស​កម្ពុជា​លោកហ៊ុន សែន​គាត់​មាន​ល្បិច​ក្នុង​ការកម្ទេច​សម្លាប់​ប្រជាធិបតេយ្យ​សម្លាប់​សិទ្ធិមនុស្ស​ហ្នឹង​វាមាន​តាក់តិច​ខ្ពស់​ជាង​នៅ​ភូមា​លោក​Min Aung Hlaing»៕

XS
SM
MD
LG