ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ថា មេដឹកនាំ​យោធា​មីយ៉ាន់​ម៉ា អាច​ចូល​ប្រជុំ​អាស៊ាន លុះត្រា​មាន​ការវិវឌ្ឍ​ចំណុច​ឯកភាពគ្នា


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅដល់រដ្ឋធានីណៃពិដោ ថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២២ ដោយលោកបានក្លាយជាមេដឹកនាំប្រទេសដំបូងគេបង្អស់ដែលធ្វើដំណើរទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរបបយោធាគ្រប់គ្រងប្រទេសនេះ។ (Photo by Handout / MYANMAR MILITARY INFORMATION TEAM / AFP)
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅដល់រដ្ឋធានីណៃពិដោ ថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២២ ដោយលោកបានក្លាយជាមេដឹកនាំប្រទេសដំបូងគេបង្អស់ដែលធ្វើដំណើរទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរបបយោធាគ្រប់គ្រងប្រទេសនេះ។ (Photo by Handout / MYANMAR MILITARY INFORMATION TEAM / AFP)

នៅ​ក្នុង​ជំនួប​មួយ​ជាមួយ​នាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី ​នៅថ្ងៃ​អង្គារនេះ ​ លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​បាន​បញ្ជាក់​ថា ​មេដឹកនាំ​យោធា​មីយ៉ាន់​ម៉ា​ នឹង​មិន​ត្រូវ​អញ្ជើញ​ឲ្យ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ឡើយ​ ប្រសិន​បើ​មិន​មាន​ការ​វិវឌ្ឍ​៥​ចំណុច ​ដែល​មេដឹកនាំ​អាស៊ាន​បាន​ឯក​ភាព​គ្នា ​កាល​ពី​ខែ​មេសា ​ឆ្នាំមុន។​

លោក ​ហ៊ុន សែន​ អះអាង​បែប​នេះ​នៅ​ក្នុង​ជំនួប​មួយ​ជាមួយ​នាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី ​លោក Ismail Sabri Yaakob ​តាម​ប្រព័ន្ធ​វីដេអូ​អនឡាញ។​

លោក ​ហ៊ុន សែន ​ថា​ កម្ពុជា​ នឹង​ខិតខំ​ធ្វើ​ការងារ​ជាមួយ​ប្រទេស​មីយ៉ាន់ម៉ា​ជា​បន្ត​ទៀត​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ ប៉ុន្តែ​ស្ថាន​ភាព​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ ពិត​ជា​មាន​«ភាព​ស្មុគ​ស្មាញ ​និង​«មាន​ការ​លំបាក»។​ ដូច្នេះ ​មិន​អាច​ដោះ​ស្រាយ​ក្នុង​រយៈ​ពេល​ខ្លី​បាន​ឡើយ។ នេះ​ បើ​តាម​ព័ត៌មាន​បង្ហោះ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក

លោកឲ្យ​ដឹង​ទៀត​ថា​ ក្រោយ​ពី​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា ​ស្រាប់​តែ​មាន​ការ​កាត់​ទោស​អ្នកស្រី Aung San Suu Kyi​ មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល​ជាប់​ឆ្នោត​ឲ្យ​ជាប់​ពន្ធនាគារ៤​ឆ្នាំ ​និង​ការ​ប្រើ​ប្រាស់​យន្ត​ហោះ​ក្នុង​ប្រតិបត្តិការ​យោធា។ ​លោក​បន្ថែម​ថា​ លោក​នឹង​ពិភាក្សា​ជាមួយ​លោក​ Min Aung Hlaing ​នៅ​ថ្ងៃ​ពុធ ​ទី​២៦ ​ខែ​មករា ​ឆ្នាំ​២០២២ ​ដើម្បី​ចង់​ដឹង​បន្ថែម​ទៀត​អំពី​ការងារ​ទាំង​អស់​នេះ។​

លោក​បញ្ជាក់​បន្ថែម​ថា ​លោក​អាច​អញ្ជើញ​លោក ​Min Aung Hlaing ​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន​បាន ​បើ​មាន​វឌ្ឍន​ភាព​កិច្ច​ព្រម​ព្រៀង​ចំណុច​ទាំង​៥ ដែល​បាន​សម្រេច​ជា​ឯកច្ឆន្ទ។ ​បើមិន​ដូច្នេះ​ទេ ​ប្រទេស​មីយ៉ាន់ម៉ា ​ត្រូវ​បញ្ជូន​តំណាង​ដែល​មិន​មែន​នយោបាយ​ចូលរួម​ប្រជុំ​អាស៊ាន។ ​

លោក ​ហ៊ុន សែន ​ថា​ អាស៊ាន​ពិត​ជា​មាន​ការងារ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​ ​ហើយ​មិន​អាច​ក្លាយជា​«ចំណាប់​ខ្មាំង​នៃ​បញ្ហា​មីយ៉ាន់ម៉ា»ទេ។ ​

នៅ​ក្នុង​ជំនួប​នោះ​ នាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ទោស​នយោបាយ​ទាំង​អស់​ នៅ​ប្រទេស​មីយ៉ាន់ម៉ា​ រួម​ទាំង​អ្នកស្រី ​Aung San Suu Kyi​ ផង​ដែរ។​

កាល​ពី​ពេលកន្លង​ទៅ​ លោក ​ហ៊ុន សែន​ បាន​អះអាង​ថា ​លោក​នឹង​ព្យាយាម​នាំ​ប្រទេស​មីយ៉ាន់ម៉ា​ឲ្យ​បាន​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន​ឡើង​វិញ ​ដោយ​ថា ​អាស៊ាន​ត្រូវ​មាន​១០​ប្រទេស។ ​លោកបាន​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ា ​ហើយ​ជួប​ជាមួយ​មេដឹកនាំ​យោធា ​លោក ​Min Aung Hlaing។ ​ប៉ុន្តែដំណើរ​ទស្សន​កិច្ច​នេះ​ ត្រូវ​បាន​រដ្ឋមន្រ្តីការ​បរទេស​ម៉ាឡេស៊ី​ រិះគន់​ថា ​ខ្វះ​ការ​ពិគ្រោះ​យោបល់​ពី​សមាជិក​អាស៊ាន។​

នៅ​ថ្ងៃ​អង្គារ​នេះ​ផង​ដែរ ​លោក ​ប្រាក់ សុខុន ​រដ្ឋ​មន្រ្តី​ការ​បរទេស​កម្ពុជា ​និង​ជា​ប្រេសិត​ពិសេស​នៃ​ប្រធាន​អាស៊ាន ​បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុកថា​ ដំណើរ​ការ​សន្តិភាព​នៅ​ប្រទេសមីយ៉ាន់ម៉ា​ ត្រូវ​តែ​ដឹកនាំ​ដោយ​មីយ៉ាន់ម៉ា​ខ្លួន​ឯង។​

លោក​បន្ថែម​ថា៖ ​«ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ​កម្ពុជា​ នឹង​ប្រឹង​ប្រែង​សម្រប​សម្រួល​ដំណើរ​ការ​នេះ ​ប៉ុន្តែ​ជាក់​ស្តែង ​ការ​គាំ​ទ្រ​ក្នុង​លក្ខណៈ​ស្ថាបនា​ពី​គ្រួសារ​អាស៊ាន​ និង​ដៃគូ​របស់​យើង​ ព្រម​ទាំង​តួអង្គ​ពាក់​ព័ន្ធ​ទាំង​អស់ ​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់»៕

XS
SM
MD
LG