ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពួក​យោធា​មីយ៉ាន់ម៉ា​ចាប់ខ្លួន​ពួក​អ្នក​កាសែត​ថែម​ទៀត


ផ្នែកមួយនៃគេហទំព័រព័ត៌មានឯករាជ្រ Dawei Watch នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ផ្នែកមួយនៃគេហទំព័រព័ត៌មានឯករាជ្រ Dawei Watch នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

អ្នក​កាសែត​៣​នាក់​ដែល​ធ្វើការ​ឲ្យ ​Dawei Watch​ សារ​ព័ត៌មាន​តាមវេបសាយ​ឯករាជ្យ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​ត្រូវ​ចាប់ខ្លួន​នៅ​សប្តាហ៍​នេះ​តាម​ការ​ចោទ​ប្រកាន់​មិន​ជាក់លាក់។​នេះ​បើ​តាម​និពន្ធ​នាយក​នៃសារ​ព័ត៌មាន​នេះ។​

និពន្ធ​នាយកដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​សុវត្ថិភាព​របស់​ខ្លួន​បាន​និយាយ​ថា​ការចាប់​ខ្លួន​នេះ​បាន​កើត​មាន​ឡើង​កាលពី​ថ្ងៃ​អង្គារ​និង​ថ្ងៃ​ពុធ​នៅ​ក្នុង​ទីក្រុង​ Dawei​ ភាគ​ខាង​ត្បូង​ជា​ទីកន្លែង​របស់​វេបសាយ​សារព័ត៌មាន​នេះ​ឋិត​នៅ។​លោក​បាន​និយាយ​ទៀត​ថា​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ។​

និពន្ធ​នាយកនោះ​បាន​ប្រាប់​ VOA​ ភាសា​ភូមា​ថា​«សមាជិកគ្រួសារ​ត្រូវ​បានអនុញ្ញាត​ឲ្យ​ផ្ញើ​ម្ហូប​អាហារ​និង​ថ្នាំ​ពេទ្យ។ ​យើង​មិន​ដឹង​ថាបន្ទាប់​ទៀត​នឹងទៅ​ជា​យ៉ាងណា​ទេ។​ក្រុម​គ្រួសារ មិន​ត្រូវ​បានអនុញ្ញាតឲ្យ​អង្គុយ​និង​និយាយ​ជាមួយ​ពួក​គេ​ទេ​ដោយ​គ្រាន់​តែ​បាន​មើល​ឃើញ​គ្នា​តែ​ប៉ុណ្ណោះ»។​

អ្នក​កាសែត​ម្នាក់​បាន​និយាយ​ថា​អ្នក​ដែល​ត្រូវឃុំ​ខ្លួន​ទាំង​នោះ​មិន​មាន​ស្លាកស្លាម​វាយ​ដំ​ទេ។​លោក​បាន​និយាយ​ថា​«ពួក​គេ​សុខ​សប្បាយហើយ​មាន​ស្ថានភាព​ហ្នឹងន។​នេះ​បើ​តាម​សមាជិក​ក្រុម​គ្រួសារ»។​

អ្នក​កាសែតដែល​ត្រូវ​បាន​ចាប់ខ្លួន​មុន​គេ​គឺ​អ្នកស្រី​ Moe Myint។​ អ្នក​កាសែត​អាយុ​៣៥​ឆ្នាំ​ដែល​មាន​កូន​៣​នាក់នេះ​បាន​ត្រូវឃុំ​ខ្លួន​កាលពី​ថ្ងៃ​អង្គារ។​សហការី​របស់​អ្នកស្រី២​នាក់​ទៀត​គឺ Ko Zaw ​និង​Thar Gyi ​អ្នក​រចនា​វេបសាយបាន​ត្រូវចាប់​ខ្លួន​នៅ​ថ្ងៃ​បន្ទាប់។​

ពួក​យោធា​បាន​និយាយ​ថា​ខ្លួន​គោរព​តួនាទី​របស់​បណ្តាញ​ព័ត៌មាន​ក៏ប៉ុន្តែមិន​អនុញ្ញាត​ឲ្យ​រាយ​ការណ៍​ព័ត៌មាន​មិនពិត​ឬ​ញុះញង់​ឲ្យ​មាន​ចលាចល​នោះ​ទេ។​

អ្នក​នាំពាក្យ​យោធា​ឧត្តម​សេនីយ៍​ទោ​ Zaw Min Tun ​បាន​ប្រាប់ ​VOA ភាសា​ភូមា​កាលពី​ពេល​ថ្មីៗ​នេះ​ថា​«មិន​មាន​ហេតុផលចាប់ខ្លួន​ចោទ​ប្រកាន់​ឬ​ដាក់​គុក​បុគ្គលិក​សារ​ព័ត៌មាន​ទេបើ​ពួកគេ​ធ្វើ​ការងារព័ត៌មាន​របស់​ពួក​គេ»។​

លោក​បាន​និយាយ​ទៀត​ថា​បណ្តាញ​ព័ត៌មាន​បរទេស​និង​ក្នុង​ស្រុក​កំពុង​ធ្វើការ​នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន​ណៃពិដោ​និង ​Madalay​ហើយ​ថា​បណ្តាញ​ព័ត៌មាន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​សន្និសីទ​កាសែត។​

និពន្ធ​នាយក​សារ​ព័ត៌មាន ​Dawei Watch​បាន​អំពាវនាវ​ឲ្យ​ដោះលែង​សហការី​របស់​លោក៕​

(Khin Soe Win ​រួម​ចំណែក​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ ​ហើយ​ព័ត៌មាន​ខ្លះ​ដក​ស្រង់​ពី​ទីភ្នាក់ងារព័ត៌មាន Reuters)

XS
SM
MD
LG