ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ព្រលះ​ប្រមុខ​ការទូត​ម៉ាឡេស៊ី ហើយ​ថា នៅ​ភូមា​មាន​រដ្ឋាភិបាល​ពីរ


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធស្ពានស្ទឹងត្រង់ឆ្លងកាត់ទន្លេមេគង្គ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហ្វេសប៊ុក/ទំព័រលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន)
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធស្ពានស្ទឹងត្រង់ឆ្លងកាត់ទន្លេមេគង្គ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហ្វេសប៊ុក/ទំព័រលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន)

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃសុក្រនេះ បានបរិហារ​រដ្ឋមន្ត្រី​ការ​បរទេស ​ប្រទេស​ម៉ាឡេស៊ី ​Saifuddin Abdullah ថា ​«ព្រហើន» ក្រោយ​ប្រមុខ​ការ​ទូត​ម៉ាឡេស៊ី​រូប​នេះ បាន​ចេញ​មុខ​រិះ​គន់​អភិក្រម​ការ​ទូត​របស់​ទីក្រុង​ភ្នំពេញ ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​របប​សឹក​ក្រុង​ណៃពិដោរ។​

គេហទំព័រ​ផ្លូវការរបស់​នាយក​រដ្ឋមន្ត្រី​កម្ពុជាបាន​ឱ្យ​ដឹង​ថា លោក ហ៊ុន សែន បាន​ថ្លែង​ដូច្នេះ​ក្នុង​ជំនួប​តាម​ទូរស័ព្ទ​កាល​ពីព្រឹក​ថ្ងៃសុក្រ ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ីលោក Jokowi Widodo ហើយ​ថា លោក ហ៊ុន សែន ក៏​ហាក់​បានទទួល​ស្គាល់​ជា​សាធារណៈ​លើក​ដំបូង​ផង​ដែរ​ថា ​នៅ​ក្រោយ​រដ្ឋប្រហារ​ភូមា ប្រទេស​នេះ ​ស្ថិត​ក្នុង​ស្ថាន​ភាព​មាន​រដ្ឋាភិបាល​ពីរ។

«អ្វី​ដែល​គាត់​បាន​ធ្វើ​កន្លង​ទៅ​នេះ គឺ​វា​មិន​ត្រឹម​ត្រូវ​នៅ​ក្នុង​ក្រប​ខណ្ឌ​អាស៊ាននេះ ហើយ​នៅ​ក្នុង​ការ​បញ្ជូន​សារ​នេះ សម្ដេច​បាន​មាន​ប្រសាសន៍​ថា កុំ​ឲ្យ​រដ្ឋមន្ត្រី​ការបរទេស​នេះ ព្រហើន​ពេក​ដែល​មាន​សំដី​សំដៅ​មិន​គប្បី​ចំពោះ​ថ្នាក់​ដឹកនាំ​អាស៊ាន ជាពិសេស​ប្រធាន​អាស៊ាន​តែ​ម្ដង ដែល​មិន​សម​ជា​ភាសា​ការ​ទូត ដូច្នេះ​ហើយ​កុំ​ឲ្យ​យក​លក្ខណៈ​ព្រហើន​ដែល​លើក​ឡើង​កន្លង​ទៅ​នេះ មិន​ដូច​ភាព​ជាក់​ស្ដែង​ដែល​អ្នក​មួយ​ចំនួន ដែល​គេ​តាមដាន​ការងារ​អាស៊ាន ឬ​ធ្វើ​ការងារ​អាស៊ាន​នេះ ហើយ​គាត់​ខ្វះ​នូវ​ការ​គួរសម​ទៀត​ផង»។

លោក ហ៊ុន សែន បាន​ស្នើ​រដ្ឋ​មន្ត្រី​ការ​បរទេស​ឥណ្ឌូនេស៊ីលោក Retno Marsudi ជួយ​នាំ​សារ​នេះ​ទៅ​ឱ្យ​លោក Saifuddin Abdullah តែ​មិន​បាន​ពន្យល់​នោះ​ទេថា ​ហេតុ​អ្វី​អ្នក​នាំ​សារ​នោះ​ មិន​មែន​ជា​រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា​ លោក​ ប្រាក់ សុខុន​ ដែល​មាន​វត្ត​មាន​ក្នុង​ជំនួប​តាម​ទូរស័ព្ទ​នោះ​ទៅ​វិញ។

រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ីលោក Saifuddin Abdullah នៅ​ពេល​លោក​ទៅ​ចូលរួម​កិច្ចប្រជុំ​ពិសេស​នៃ​រដ្ឋមន្ត្រី​ការបរទេស​នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) នៅ​ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ កាលពី​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។
រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ីលោក Saifuddin Abdullah នៅ​ពេល​លោក​ទៅ​ចូលរួម​កិច្ចប្រជុំ​ពិសេស​នៃ​រដ្ឋមន្ត្រី​ការបរទេស​នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) នៅ​ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ កាលពី​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។

លោក Saifuddin Abdullah បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាននៅ​ទីក្រុង​កូឡាឡាំពួរ កាល​ពី​សប្ដាហ៍​មុន ដោយ​រិះគន់​ចំៗ​ លើ​ជំហរ​របស់​លោក ហ៊ុន សែន ក្នុង​ការ​អញ្ជើញ​ទៅជួប​មេដឹកនាំ​របប​សឹក​ភូមា​ថា ​ខ្វះ​ការ​ពិគ្រោះ​យោបល់​ជាមួយបណ្ដា​រដ្ឋ​សមាជិក​អាស៊ាន​ផ្សេង​ទៀត។

ម៉ាឡេស៊ីក៏​ស្ថិត​ក្នុង​ចំណោម​បណ្ដា​រដ្ឋ​សមាជិក​ផ្សេង​ទៀត​ផង​ដែរ ដែល​ហាក់​បាន​ជំទាស់​នឹង​ជំហរ​កម្ពុជា ក្នុង​ការ​បើក​ផ្លូវ​ឱ្យ​ប្រមុខ​របប​សឹក នាយ​ឧត្តម​សេនីយ៍​ជាន់​ខ្ពស់ Min Aung Hlaing និង​រដ្ឋ​មន្ត្រី​ការ​បរទេស​របប​សឹក Wunna Maung Lwin អាច​ចូល​អង្គុយ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​បាន​ឡើង​វិញ។

វីអូអេ​ បាន​ផ្ញើសារសុំប្រតិកម្ម​ត្រឡប់​ពី​ក្រសួ​ង​ការបរទេស​ម៉ាឡេស៊ី តែ​ភ្លាមៗ​មកទល់​នឹង​រសៀល​ថ្ងៃសុក្រ​នេះ ​មិន​ទាន់​បាន​ការ​ឆ្លើយ​តប​នៅ​ឡើយ។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ បាន​រង​ការ​រិះគន់​ពី​ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​ និង​សកម្មជន​ប្រឆាំង​រដ្ឋ​ប្រហារ​ភូមា​ ជុំវិញ​ជំហរចង់​ឱ្យ​ប្រមុខ ​និង​រដ្ឋមន្ត្រី​ការបរទេស​របប​សឹក​ភូមា​ អាច​ចូលរួម​ប្រជុំ​អាស៊ាន​បាន​ឡើង​វិញ។

ខណៈ​រដ្ឋ​សមាជិក​អាស៊ាន​មួយ​ចំនួន​ក៏​ជំទាស់​នឹង​ជំហរ​នោះ ភ្លាមៗ​កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ដែល​ត្រូវ​ធ្វើ​នៅ​ក្រុង​សៀម​រាប​ក្នុង​សប្ដាហ៍​នេះ ត្រូវ​លើក​ពេល​ដោយ​មិន​មាន​កាល​កំណត់​ ក្រោម​ហេតុផល​រដ្ឋមន្ត្រី​ខ្លះ​ មាន​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​មក​ប្រជុំ។ ថ្លែង​ប្រាប់​ប្រមុខ​រដ្ឋ​ឥណ្ឌូនេស៊ី​កាល​ពី​ថ្ងៃ​សុក្រ​ លោក ហ៊ុន សែន បង្ហាញ​ចេតនា​ចង់​ឱ្យ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ បាន​ជួបជុំ​គ្នា​ឆាប់ៗ។

ក្នុង​ជំនួប​នោះ លោក ហ៊ុន សែន ក៏​ហាក់​បាន​ទទួល​ស្គាល់​តាម​រយៈ​ការ​ថ្លែង​សារ​ជា​សាធារណៈ​ជា​លើកដំបូង​ផង​ដែរថា ​ស្ថាន​ភាព​ប្រទេស​ភូមា​ក្រោយ​រដ្ឋ​ប្រហារ​នេះ ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋា​ភិបាល​ពីរ។ គេហ​ទំព័រ​ផ្លូវការ​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​បាន​និយាយ​ក្នុង​ន័យ​ដើម​ថា៖

«សម្តេច​តេជោ​បន្ត​ថា ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់​មីយ៉ាន់ម៉ា គឺដើម្បី​ជំរុញ​ដោះ​ស្រាយ​ស្ថានភាព​ទាល់​ច្រក ដើម្បី​រក​ច្រក​ចេញ ហើយ​ជាពិសេស​ស្ថានភាព​នៅ​មីយ៉ាន់ម៉ា​ពី​មុន​ ហើយ​នឹង​ស្ថាន​ភាព​នៅ​ពេល​នេះ គឺ​មិន​ដូច​គ្នា​ទេ ដោយ​សារ​នៅ​មីយ៉ាន់ម៉ា ពី​មុន​មាន​រដ្ឋាភិបាល​តែ​មួយ ប៉ុន្តែ​បច្ចុប្បន្ន​នេះ គឺ​ថា ​អាច​មាន​រដ្ឋាភិបាល២​ឯ​ណោះ»។

របប​សឹក​ភូមា​ដែល​ឆក់​យក​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល​ជាប់​ឆ្នោត​របស់​អ្នកស្រី Aung San Suu Kyi កាលពី​ដើម​ខែ​កុម្ភៈ ​ឆ្នាំ​២០២១​ បាន​ហៅ​ខ្លួន​ឯង​ថា ក្រុម​ប្រឹក្សា​រដ្ឋបាល​នៃ​រដ្ឋ (SAC) ខណៈ​ក្រុម​អ្នកនយោបាយ​គណបក្ស​អ្នកស្រី​ Suu Kyi ដែល​ជាប់​ឆ្នោត បាន​រត់​ទៅ​បង្កើត​អង្គការ​ចាត់​តាំង​នយោ​បាយ​ស្រមោល​មួយ​ឈ្មោះ​ថា រដ្ឋាភិបាល​រួបរួម​ជាតិ (NUG) ហើយ​មាន​ស្លាប​យោធា​ផ្ទាល់​ខ្លួន គឺ​កង​ទ័ព​ការពារ​ប្រជាជន (PDF) ដែល​ចាប់​យក​ការ​តស៊ូ​ប្រដាប់​អាវុធ​ប្រឆាំង​នឹង​របប​សឹក​ទៀត​ផង។

លោក កៅ គឹមហួន ជំនួយ​ការ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​ប្រាប់​ទូរទស្សន៍​ CNBC នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ កម្ពុជា​ ចង់​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​មីយ៉ាន់ម៉ា​ដោយ​ក្នុង​វិធី​មួយ​ដែល​ធ្វើ​យ៉ាង​ណាមិន​ផ្ដល់​ជា​ឈ្នាន់​ឱ្យ​របប​សឹក​ទាញ​បាន​នូវ​ភាព​ស្រប​ច្បាប់​ ឬ​ធម្មានុរូបភាព (Legitimacy) ​នោះ​ទេ៕

XS
SM
MD
LG