ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក៖ ជោគជ័យ​កម្ពុជា​ធ្វើ​ប្រធាន​អាស៊ាន នឹង​ជា​ជោគ​ជ័យ​សម្រាប់​គ្រប់គ្នា


រូបឯកសារ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​លោក W. Patrick Murphy បាន​ផ្តល់បទសម្ភាស​ដល់​វីអូអេ នៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី១ ខែតុលា ឆ្នាំ​២០២១ អំពី​ស្ថានភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ (វីអូអេ)
រូបឯកសារ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​លោក W. Patrick Murphy បាន​ផ្តល់បទសម្ភាស​ដល់​វីអូអេ នៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី១ ខែតុលា ឆ្នាំ​២០២១ អំពី​ស្ថានភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ (វីអូអេ)

សហ​រដ្ឋ​អាមេរិក​ បាន​គូស​បញ្ជាក់​ជា​ថ្មី​ថា​ ខ្លួន​គាំទ្រ​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​នេះ​ ហើយ​ថា ​ជោគ​ជ័យ​របស់​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​ នឹង​ជា​ជោគ​ជ័យ​សម្រាប់​គ្រប់​គ្នា។​

លោក W. Patrick Murphy ​ឯក​អគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ បាន​ថ្លែង​ក្នុង​ពិធី​បើក​សម្ពោធ​ AmCam2022 ​ដើម្បី​អបអរ​ចំណង​ទាក់​ទង​៤៥ ​ឆ្នាំ​អាមេរិក-អាស៊ាន​ កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នៅ​បរិវេណ​ស្ថានទូត​អាមេរិក​ក្បែរ​វត្ត​ភ្នំ​ថា៖​

«ដូច​ដែល​ខ្ញុំ​និយម​និយាយ​ហើយ​ដែល​ខ្ញុំ​នឹង​និយាយ​ពេញ​មួយ​ឆ្នាំ​នេះ​តែ​ម្ដង​ នោះ​គឺ​ថា ​ប្រសិន​បើ​កម្ពុជា​ទទួល​ជោគ​ជ័យ​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន យើង​ទាំង​អស់គ្នា ​នឹង​ជោគ​ជ័យ​ដូច​គ្នា​ ពី​ព្រោះ​ជោគ​ជ័យ​នេះ​ មាន​ន័យ​ស្មើ​នឹង​វឌ្ឍនភាព​លើ​ការ​ងើប​ឡើង​វិញ​ពី​វិបត្តិ​រោគ​រាតត្បាត​ជា​សាកល​ លើ​ការ​ធានា​បាន​សន្ដិសុខ​លំហសមុទ្រ​ លើ​បញ្ហា​ប្រែប្រួល​អាកាស​ធាតុ ​លើ​បញ្ហា​វិបត្តិ​នៅ​ប្រទេស​មីយ៉ាន់ម៉ា ​និង​លើ​បញ្ហា​ជា​ច្រើន​ផ្សេង​ទៀត»។​

យ៉ាង​ណា​ក៏​ដោយ​ អ្នក​ការទូត​អាមេរិក​រូប​នេះ ​មិន​បាន​លើក​ឡើង​នោះ​ទេ​ក្នុង​សុន្ទរកថា​របស់​លោក​ អំពី​គម្រោង​រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក​ ដែល​គ្រោង​រៀបចំ​ទទួល​ដោយ​លោក​ប្រធានាធិបតី ​Joe Biden ​នៅ​ដើម​ឆ្នាំ​នេះ ​នៅ​ចំពោះ​មុខ​រលក​ថ្មី​នៃ​ការ​ឆ្លង​រាល​ដាល​កូវីដ១៩​ និង​ការ​មិន​ឯក​ភាព​គ្នា​ក្នុង​ចំណោម​រដ្ឋ​សមាជិក​អាស៊ាន​ថ្មីៗ​នេះ​ ជុំវិញ​សមាស​ភាព​ចូល​រួម​របស់​របប​សឹក​ភូមា។​

លោក​ កៅ គឹមហួន ​រដ្ឋមន្ត្រី​ឯកទេស​កិច្ច​ការ​អាស៊ាន​នៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ដែល​មាន​វត្ត​មាន​នៅ​ស្ថានទូត​អាមេរិក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នោះ​ដែរ ​បាន​ថ្លែង​ថា ​«សហ​រដ្ឋ​អាមេរិក​ ជា​មិត្ត​ល្អ​របស់​អាស៊ាន»។​

មន្ត្រី​ជំនិត​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​រូប​នេះ ​បាន​ថ្លែង​ទៀត​ថា ​«សហ​រដ្ឋ​អាមេរិក​ជា​ដៃគូ​ដ៏​សំខាន់​ និង​ជា​យុទ្ធ​សាស្ត្រ​របស់​អាស៊ាន» ​ហើយ​លោក​អរគុណ​អាមេរិក​ដែល​បាន​ឱ្យ​តម្លៃ​ដល់​ស្ថាប័ន​សហគមន៍​ និង​តួនាទី​មជ្ឈ​ភាព​អាស៊ាន។ ​

លោក ​កៅ គឹមហួន ​បាន​ថ្លែង​ទៀត​ថា៖​ «ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២​នេះ ​កម្ពុជា​សូម​សម្ដែង​ការ​ប្ដេជ្ញា​ចិត្ត​ពេញ​លេញ​ក្នុង​ការ​ធ្វើ​ការ​ជិត​ដិត​ជាមួយ​គ្រប់​បណ្ដា​រដ្ឋ​ជា​សមាជិក​អាស៊ាន​ទាំងអស់ ​អគ្គ​លេខាធិការដ្ឋាន​អាស៊ាន ​ហើយ​នឹងពិត​ណាស់​ជាមួយ​គ្រប់​ដៃ​គូ​សន្ទនា​របស់​អាស៊ាន ​រួម​មាន​ទាំង​សហ​រដ្ឋ​អាមេរិក​ផង​ដែរ»។​

រដ្ឋាភិបាល​លោក ​ហ៊ុន សែន ​កំពុង​មមាញឹក​លើ​ផ្នែក​ការទូត​ ក្រោយ​គំនិត​ផ្ដួច​ផ្ដើម​ដ៏​ចម្រូង​ចម្រាស​របស់​លោក​ក្នុង​ការ​អញ្ជើញ​ប្រមុខ​ និង​អ្នក​ការទូត​កំពូល​របស់​របប​សឹក​ភូមា​ឱ្យ​ចូលរួម​ប្រជុំ​ បាន​ពើប​ប្រទះ​នឹង​ការ​ជំទាស់​ពី​រដ្ឋ​ជា​សមាជិក​ផ្សេង​ទៀត​ដូច​ជា ឥណ្ឌូណេស៊ី ​សិង្ហបុរី ​ម៉ាឡេស៊ី ​ជាដើម។​

លោក Derek Chollet ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការ​បរទេស​អាមេរិក​ ធ្លាប់​បាន​ថ្លែងក្នុងអំឡុងពេលទស្សនកិច្ច​នៅ​ភ្នំពេញ​កាល​ពី​ខែ​ធ្នូ​ថា ប្រធាន​អាស៊ាន​ គឺ​កម្ពុជា​មិន​គួរ​ធ្វើ​សម្បទាន​ជាមួយ​របប​សឹក​ភូមា​ដោយ​មិន​បាន​ត​ថ្លៃ​ធ្វើ​ឱ្យ​វិបត្តិ​ក្រោយ​រដ្ឋ​ប្រហារ​នៅ​ទី​នោះ​ មាន​ស្ថានភាព​ធូរ​ស្រាល​និង​ប្រសើរ​ឡើង​ឡើយ៕

XS
SM
MD
LG