អស់រយៈពេលជាច្រើនខែ ពិភពលោកបានមើលឃើញពីភាពរកាំរកូសវាងប្រទេសចិននិងសហរដ្ឋអាមេរិកលើជោគវាសនារបស់កម្មវិធី TikTok ដ៏មានប្រជាប្រិយភាព។
ក្នុងពេលជាមួយគ្នានេះដែរសហរដ្ឋអាមេរិកបន្តរឹតបន្តឹងលើក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់ចិន។ សហរដ្ឋអាមេរិកបានអនុវត្តបទបញ្ញត្តិថ្មី កាលពីខែកញ្ញា ដែលបានធ្វើឲ្យក្រុមហ៊ុន Huawei មានការពិបាកជាងមុន ក្នុងការទិញបន្ទះ chip ពីក្រុមហ៊ុនផ្សេងទៀត។
នៅជុំវិញពិភពលោក អាជីវកម្មផ្សេងៗកំពុងតាមដានជម្លោះរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន ដែលកំពុងបន្តលើក្រុមឧស្សាហកម្មផ្នែកទំនាក់ទំនង និងឆ្ងល់ថា តើវាន័យថាម៉េចសម្រាប់ពួកគេ។នេះបើយោងតាមលោក Rob Atkinson ប្រធានក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មាននិងមូលនិធិច្នៃប្រឌិត។
ជាសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់មាតិការបស់ក្រុមហ៊ុន TikTok លោក Rob Atkinson បាននិយាយថា វិធានការដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ទីបំផុតនឹងបង្ខំឲ្យក្រុមហ៊ុននានាក្នុងពិភពលោកជ្រើសរើសរវាងទីផ្សារធំទាំងពីរ។
លោក Atkinson ថ្លែងថា៖ «ទៅថ្ងៃអនាគត វានឹងធ្វើឲ្យក្រុមហ៊ុនបរទេសផ្សេងៗស្ទាក់ស្ទើរធ្វើការបញ្ជាទិញពីសហរដ្ឋអាមេរិក។ សម្រាប់ហានិភ័យនោះ គឺធំណាស់»។
ជាច្រើនទសវត្សរ៍មកហើយ សហរដ្ឋអាមេរិកបានចោទប្រទេសចិនថា បានធ្វើឲ្យប៉ះពាល់ដល់ទីផ្សារក្នុងស្រុករបស់ខ្លួន។ ឥឡូវនេះ សហរដ្ឋអាមេរិកកំពុងបណ្តេញក្រុមហ៊ុនចិនពីទីផ្សាររបស់ខ្លួនវិញ ដែលជាការផ្លាស់ប្តូរមួយដែលមនុស្សភាគច្រើនយល់ឃើញជាការភ្ញាក់ផ្អើល។ នេះបើយោងតាមអ្នកស្រី Heather Evans នាយកផ្នែកស្រាវជ្រាវបច្ចេកវិទ្យា Frontier Technology នៃអង្គការ Asia Society of Northern California។
អ្នកស្រី Heather Evans បានថ្លែងថា៖ «ការគ្រប់គ្រង ឬជាតិនិយមបែបនេះ ផ្ទុយពីអ្វីដែលអាមេរិកធ្លាប់ធ្វើ។ នេះប្រហែលជាការចាប់ផ្តើមនៃរបបទិន្នន័យដ៏តឹងរ៉ឹងជាងមុនខ្លាំង និងមានឧបសគ្គកាន់តែច្រើន សម្រាប់ក្រុមហ៊ុនអន្តរជាតិដែលព្យាយាមធ្វើប្រតិបត្តិការ និងយកឈ្នះនៅក្នុងសេដ្ឋកិច្ចអាមេរិក»។
បន្ថែមលើការដាក់កម្រិតទៅឥទ្ធិពលរបស់ក្រុមហ៊ុនចិន អ្នកតាក់តែងគោលនយោបាយសហរដ្ឋអាមេរិកអាចស្វែងរកវិធីសាស្ត្រផ្សេងទៀត ដូចជាវិនិយោគក្នុងការស្រាវជ្រាវ និងអភិវឌ្ឍច្រើនជាងមុន ដើម្បីធានាថា សហរដ្ឋអាមេរិកអាចរក្សាតំណែងរបស់ខ្លួនក្នុងវិស័យបច្ចេកវិទ្យា។ នេះបើយោងតាមលោក Andrew Grotto នាយកផ្នែកភូមិសាស្ត្រនយោបាយបច្ចេកវិទ្យានិងអភិបាលកិច្ចនៅសាកលវិទ្យាល័យ Stanford។
លោក Andrew Grotto បាននិយាយថា៖ «ក្នុងការប្រណាំងសេះ អ្នកអាចរត់នាំមុខក្នុងការប្រកួត ឬអ្នកអាចបាញ់ជង្គង់សេះឲ្យរបួស មុននឹងការប្រណាំង។ ខ្ញុំគិតថាឥឡូវនេះ យើងមិនមានទស្សនៈវិស័យច្បាស់លាស់មួយថា តើយើងនឹងធ្វើយ៉ាងណាឲ្យសេះរបស់យើង អាចប្រកួតបានយ៉ាងពិតប្រាកដ។ តើរដ្ឋាភិបាលគួរមានតួនាទីសមស្របបែបណា ថាតើវាអាចជាគោលនយោបាយបទប្បញ្ញត្តិ ឬការលើកស្ទួយការស្រាវជ្រាវលើការច្នៃប្រឌិតថ្មី នៅពេលដែលយើងសំឡឹងទៅពេលអនាគត»។
ឥទ្ធិពលរបស់ចិនក្នុងនាមមហាអំណាចផ្នែកបច្ចេកវិទ្យាមួយ ច្បាស់ជានឹងនៅតែបន្ត ដែលធ្វើឲ្យចិននិងសហរដ្ឋអាមេរិក បន្តប៉ះទង្គិចគ្នាឥតស្រាកស្រានលើឧស្សាហកម្មចម្បងៗ៕
ប្រែសម្រួលដោយ ទុំ ម្លិះ