ក្រុមហ៊ុនចិន ដែលជាអ្នកគ្រប់គ្រងកម្មវិធីវីដេអូបណ្តាញសង្គម TikTok របស់ចិន បានបដិសេធការដេញថ្លៃទិញយកកម្មវិធីនេះរបស់ក្រុមហ៊ុន Microsoft ហើយហាក់ដូចជាទំនងចង់លក់ក្រុមហ៊ុន TikTok នេះ ទៅឲ្យក្រុមហ៊ុន Oracle វិញ។
រដ្ឋបាលរបស់លោកត្រាំ បានដាក់កំហិតត្រឹមថ្ងៃ២០កញ្ញា ជាថ្ងៃចុងក្រោយឲ្យក្រុមហ៊ុន ByteDance របស់ចិន ត្រូវរកឲ្យបានម្ចាស់គ្រប់គ្រងផ្សេង ឬបើមិនអញ្ជឹងទេ ត្រូវបញ្ឈប់ប្រតិបត្តិការរបស់ខ្លួនក្នុងទឹកដីសហរដ្ឋអាមេរិក។
កាលពីថ្ងៃអាទិត្យ ការសែត the New York Times ផ្សាយថា ក្រុមហ៊ុនចិន ByteDance បានបដិសេធការដេញថ្លៃរបស់ក្រុម Microsoft របស់អាមេរិក ហើយថាក្រុមហ៊ុន Oracle នឹងអាចក្លាយជា«ដៃគូបច្ចេកវិទ្យា»របស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងលម្អិតពីកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន ByteDance និង Oracle នោះនៅឡើយទេ។
ក្រុមហ៊ុន Microsoft បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា គម្រោងទិញយករបស់ខ្លួន អាចជាការល្អសម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គម TikTok ទន្ទឹមនឹងការការផលប្រយោជន៍សន្តិសុខជាតិរបស់អាមេរិកនោះ។ ដើម្បីធ្វើដូចនេះបាន Microsoftត្រូវធ្វើការផ្លាស់ប្តូរដ៏សំខាន់ ដើម្បីធានាថា សេវាកម្មដែលផ្តល់ដោយក្រុមហ៊ុន មានស្តង់ដារខ្ពស់សម្រាប់បញ្ហាសនិ្តសុខ ភាពជាឯកជន សុវត្ថិភាពអនឡាញ និងការប្រឆាំងពត៌មានក្លែងក្លាយជាដើម។
ក្រុមហ៊ុនOracle ជាក្រុមហ៊ុននៅតំបន់បច្ចេកវិទ្យា Silicon Valley ចំនួនតូចប៉ុណ្ណោះ ដែលអ្នកដឹកនាំរបស់ក្រុមហ៊ុននេះ បានធ្វើការរៃអង្គាសប្រាក់សម្រាប់លោកប្រធានាធិបតី ដូណាល់ ត្រាំ។
កាលពីថ្ងៃច័ន្ទ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Steven Mnuchin ថ្លែងថា រដ្ឋបាលលោកត្រាំនឹងពិនិត្យមើលសំណើទិញរបស់ក្រុមហ៊ុន Oracle ដើម្បីប្រែក្លាយក្រុមហ៊ុន TikTok ឲ្យទៅជាក្រុមហ៊ុនមានមូលដ្ឋាននៅសហរដ្ឋអាមេរិក៕