លោក ត្រាំ បានចេញបទបញ្ជាប្រធានាធិបតី ដែលនឹងហាមឃាត់ក្រុមហ៊ុនអាមេរិកមិនឲ្យធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុន ByteDance ដែលជាម្ចាស់នៃបណ្តាញសង្គមចែកចាយវីដេអូឈ្មោះ TikTok និងក្រុមហ៊ុន Tencent ដែលជាម្ចាស់កម្មវិធីផ្ញើសារតាមទូរស័ព្ទរបស់ចិនឈ្មោះ WeChat។ បទបញ្ជានេះនឹងចូលជាធរមាននៅក្នុងរយៈពេល៤៥ថ្ងៃ។
អ្នកជំនាញមិនទាន់ប្រាកដថាតើលោកប្រធានាធិបតីអាចមានអំណាចផ្លូវច្បាប់ក្នុងការចេញបំរាមដូច្នេះឬទេ។
ប៉ុន្តែវិធានការចុងក្រោយនេះ កើតមានឡើងខណៈដែលទាំងរដ្ឋបាលលោក ត្រាំ និងអ្នកតាក់តែងច្បាប់សហរដ្ឋអាមេរិកបានសម្តែងការបារម្ភអំពីការប្រមូលទិន្នន័យនិងបញ្ហាឯកជនភាពនៅពេលប្រើប្រាស់ App របស់ចិនទាំងពីរនេះនៅសហរដ្ឋអាមេរិក។ ប៉ុន្តែមកទល់ពេលនេះ គេមិនទាន់ឃើញមានភស្តុតាងណាមួយត្រូវបានគេភ្ជាប់ទៅនឹងការបារម្ភនេះទេ។
ក្រុមហ៊ុនទាំងពីររបស់ចិនថាពួកគេមិនចែករំលែកទិន្នន័យអ្នកប្រើប្រាស់ជាមួយរដ្ឋាភិបាលចិនទេ ហើយអ្នកជំនាញរំពឹងថា រដ្ឋាភិបាលចិននឹងធ្វើការសងសឹកវិញ។
កាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo ថ្លែងថា សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឲ្យហាងនានានៅសហរដ្ឋអាមេរិកលក់កម្មវិធី App ទាំងពីរទេ ដោយសារបញ្ហាសន្តិសុខ។
នៅជុំវិញពិភពលោកមានអ្នកប្រើប្រាស់កម្មវិធី TikTok និង WeChat រាប់លាននាក់៕