រដ្ឋាភិបាលលោកប្រធានាធិបតី Donald Trump នឹងហាមឃាត់កម្មវិធី WeChat និងកម្មវិធីផ្សព្វផ្សាយវីដេអូ TikTok មិនឲ្យមាននៅក្នុងហាងលក់កម្មវិធី app នៅសហរដ្ឋអាមេរិក ចាប់ពីយប់ថ្ងៃអាទិត្យ ទី ២០ ខែកញ្ញាទៅ។
នេះគឺជាវិធានការដែលនឹងរារាំងពលរដ្ឋអាមេរិកាំង មិនឲ្យអាចទាញយកកម្មវិធីទាំងពីរ ដែលជាកម្មសិទ្ធរបស់ចិននេះ ដោយសារបារម្ភខ្លាចថា កម្មវិធីទាំងនេះនាំឲ្យមានការគំរាមកំហែងដល់សន្តិសុខជាតិ។
អ្នកប្រើប្រាស់កម្មវិធី TikTok បច្ចុប្បន្ននឹងឃើញការផ្លាស់ប្តូរតិចតួចប៉ុណ្ណោះនៅថ្ងៃអាទិត្យ ហើយមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកបាននិយាយកាលពីថ្ងៃសុក្រថា ពួកគេនឹងមិនហាមឃាត់ការផ្ទេរបច្ចេកវិទ្យាសម្រាប់កម្មវិធី TikTok បន្ថែមទៀតទេ រហូតទល់ថ្ងៃទី១២ ខែវិច្ឆិកា។ ការណ៍នេះនឹងផ្តល់ពេលវេលាឲ្យក្រុមហ៊ុន TikTok គិតមើលថា តើម្ចាស់ក្រុមហ៊ុន ByteDance អាចឈានដល់កិច្ចព្រមព្រៀងមួយ ទាក់ទងនឹងវាសនានៃប្រតិបត្តិការក្នុងសហរដ្ឋអាមេរិក ឬយ៉ាងណា។
លោករដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក Wilbur Ross បានប្រាប់បណ្តាញទូរទស្សន៍ Fox Business Network កាលពីថ្ងៃសុក្រថា៖ «កម្មវិធីធម្មតារបស់ TikTok នឹងបន្តប្រតិបត្តិការដូចដើមដដែល រហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា»។
ការហាមឃាត់ចំពោះការទាញកម្មវិធីថ្មីនៅអាមេរិកចំពោះកម្មវិធី TikTok ដ៏មានប្រជាប្រិយភាពនេះអាចនៅតែត្រូវលុបចោល ដោយលោកប្រធានាធិបតី Donald Trump មុនពេលដែលចូលជាធរមាន។
កម្មវិធី TikTok មានអ្នកប្រើប្រាស់ ១០០ លាននាក់ នៅសហរដ្ឋអាមេរិក ជាពិសេសក្នុងចំណោមយុវវ័យអាមេរិកាំង ហើយកម្មវិធី WeChat មានអ្នកប្រើប្រាស់ប្រចាំថ្ងៃ ១៩ លាននាក់ នៅសហរដ្ឋអាមេរិក៕