អង្គការកម្មវិធីស្បៀងអាហារពិភពលោកនិយាយថា ស្ថានភាពមនុស្សធម៌នៅប្រទេសយេម៉ែន មានសភាពធ្ងន់ធ្ងរ ហើយទីភ្នាក់ងារនេះត្រូវការជំនួយ និងលទ្ធភាពចូលជួយប្រជាជនដែលកំពុងរងគ្រោះទុរ្ភិក្សជាបន្ទាន់។
លោក David Beasley ប្រធានអង្គការកម្មវិធីស្បៀងអាហារពិភពលោកបានធ្វើទស្សនកិច្ចនៅប្រទេសនេះកាលពីពីរសប្តាហ៍មុន។
អង្គការសហប្រជាជាតិនិយាយថា វិបត្តិមនុស្សធម៌នៅប្រទេសយេម៉ែន អាក្រក់បំផុតនៅក្នុងពិភពលោក។ ខណៈពេលដែលភាគីជម្លោះរបស់ប្រទេសនេះកំពុងធ្វើកិច្ចចរចាសម្របសម្រួលដោយអ.ស.ប.ក្នុងក្រុងស្តុកខុល (Stockholm) អង្គការកម្មវិធីស្បៀងអាហារពិភពលោកនៅទីក្រុងរ៉ូមកំពុងអំពាវនាវឱ្យមានការអនុញ្ញាតឲ្យក្រុមមនុស្សធម៌ចូលជួយជាបន្ទាន់ ពីព្រោះមនុស្សរាប់លាននាក់ត្រូវការជំនួយស្បៀងអាហារ។
ប្រជាជនជាង២០លាននាក់នៅក្នុងប្រទេសដែលមានប្រជាជនជាង២៩លាននាក់នេះ ត្រូវបានគេរំពឹងថា នឹងត្រូវការជំនួយមនុស្សធម៌នៅឆ្នាំក្រោយ។ អង្គការកម្មវិធីស្បៀងអាហារពិភពលោកនិយាយថា ការស្ទង់មតិអំពីសន្តិសុខស្បៀងអាហារធ្វើឡើងដោយអ្នកជំនាញយេម៉ែន និងអ្នកជំនាញអន្តរជាតិកាលពីខែតុលា បានរកឃើញថា មនុស្សជាង១៥ លាននាក់កំពុងប្រឈមនឹងវិបត្តិ៕