ក្រុមជម្លោះនានានៅក្នុងប្រទេសយេម៉ែនកំពុងស្ថិតនៅក្នុងប្រទេសស៊ុយអែតដើម្បីចូលរួមនៅក្នុងជុំថ្មីនៃការចរចាសន្តិភាព ដើម្បីបញ្ចប់សង្គ្រាមរយៈពេល ៤ ឆ្នាំ ដែលបានរុញច្រានប្រទេសយេម៉ែនឲ្យស្ទើរតែធ្លាក់ទៅក្នុងគ្រោះទុរភិក្ស។
ការចរចាសន្តិភាពដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិនេះ បានចាប់ផ្ដើមនៅថ្ងៃព្រហស្បតិ៍នៅក្នុងទីក្រុង Rimbo។ ការចរចានេះគឺជាការចរចាលើកដំបូងរវាងរដ្ឋាភិបាលយេម៉ែន ដែលគាំទ្រដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងពួកឧទ្ទាម Houthi ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ នៅក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ។
ការចរចាថ្មីៗទាំងនេះកំពុងធ្វើឡើង ស្របពេលដែលមានការខឹងសម្បារពីអន្តរជាតិកើនឡើងទាក់ទិននឹងវិបត្តិមនុស្សធម៌បន្ទាន់ និងអំពើឃាតកម្មកាលពីពេលថ្មីៗនេះលើអ្នកកាសែតអារ៉ាប៊ីសាអ៊ូឌីតលោក Jamal Khashoggi នៅស្ថានកុងស៊ុលអារ៉ាប៊ីសាអ៊ូឌីត ក្នុងប្រទេសតួកគី។
លោក Zubair Iqbal អ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានមជ្ឈិមបូព៌ាដែលមានមូលដ្ឋាននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានប្រាប់ VOA ថា ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ត្រូវបានជំរុញឲ្យមកកាន់តុចរចា ដោយសារតែវិធានការរបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិក ដែលជំរុញឲ្យកាត់ផ្ដាច់ជំនួយទៅកាន់រដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីតដើម្បីជាការឆ្លើយតបទៅនឹងការសម្លាប់លោក Khashoggi។
លោក Martin Griffiths មន្ត្រីអង្គការសហប្រជាជាតិដែលចរចារវាងភាគីទាំងពីរ បាននិយាយថា បញ្ហាចម្បងដែលត្រូវពិភាក្សា គឺការគ្រប់គ្រងប្រលានយន្តហោះអន្តរជាតិសំខាន់របស់ប្រទេសយេម៉ែន លទ្ធភាពផ្នែកមនុស្សធម៌ និងកិច្ចព្រមព្រៀងចែកអំណាចដែលអាចទៅរួច។
លោក Zubair Iqbal និយាយថា ការចរចានៅក្នុងប្រទេសស៊ុយអែតនេះអាចចាត់ទុកថាជាចំណុចចាប់ផ្ដើមដើម្បី «កសាងភាពជឿជាក់ក្នុងកម្រិតមួយចំនួនរវាងភាគីប្រឆាំងទាំងពីរ ដូច្នេះភាគីទាំងពីរអាចត្រឡប់ទៅនិយាយជាមួយនឹងអ្នកគាំទ្ររបស់ពួកគេ និងរកដំណោះស្រាយដែលអាចអនុញ្ញាតឲ្យមានការសម្របសម្រួលមួយចំនួននៅពេលអនាគត»៕