រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo និងរដ្ឋមន្រ្តីក្រសួងការពារប្រទេសអាមេរិកលោកJim Mattis បានការពារការជាប់ពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកទៅក្នុងសង្គ្រាមនៅប្រទេសយេម៉ែន ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីតប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូទី ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់។
ថ្លែងទៅកាន់សមាជិកព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃពុធ លោក Pompeo បានថ្លែងថា ទុក្ខវេទនានៅក្នុងប្រទេសយេម៉ែនធ្វើឲ្យខ្ញុំព្រួយបារម្ភ ក៏ប៉ុន្តែប្រសិនបើសហរដ្ឋអាមេរិកមិនចូលពាក់ព័ន្ធនៅក្នុងប្រទេសយេម៉ែនទេនោះ វានឹងកាន់តែមានសភាពអាក្រក់ឡើង។ លោករដ្ឋមន្រ្តីការបរទេសក៏បានប្រកាសតាម Twitter ទៀតថា ជំនួយស្បៀងអាហារជាទឹកប្រាក់ជិត១៣១លានដុល្លារបន្ថែមទៀតនឹងជួយដល់ប្រទេសយេម៉ែន។ លោកបានថ្លែងបន្តថា ជំនួយនេះនឹងធ្វើឲ្យជំនួយមនុស្សធម៌កើនឡើងដល់ជាង ៦៩៧លានដុល្លារក្នុងរយៈពេលជាង១៤ខែមកនេះ។
នៅស្របពេលជាមួយគ្នានេះ ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានរៀបចំការបោះឆ្នោតកាលពីព្រឹកថ្ងៃពុធទៅលើចំណាត់ការបង្ខំឲ្យរដ្ឋបាលលោក Trump ដកយោធាអាមេរិក ដែលគាំទ្រជម្លោះក្នុងប្រទេសយេម៉ែន ដែលបានបង្កគ្រោះទុរភិក្សធ្ងន់ធ្ងរដល់ជនស៊ីវិលរាប់លាននាក់។ យោងតាមសេចក្តីថ្លែងការដែលត្រូវបានផ្ញើឲ្យក្រុមអ្នកសារព័ត៌មាននៅមុនកិច្ចប្រជុំព្រឹទ្ធសភា លោករដ្ឋមន្រ្តីការពារប្រទេស Mattisបានបង្ហាញអំពីទំហំការងារពាក់ព័ន្ធរបស់អាមេរិកនៅក្នុងជម្លោះនេះ។
លោក Mattisបានថ្លែងដោយសំដៅទៅដល់ក្រុមអាល់ កៃដា (al-Qaida) នៅក្នុងឧបទ្វីបអារ៉ាប់ និងក្រុមភេរវកម្មរដ្ឋឥស្លាមថា «សហរដ្ឋអាមេរិកមិនធ្វើប្រតិបត្តិការពាក់ព័ន្ធនឹងការបង្កអរិភាពនៅក្នុងសង្គ្រាមស៊ីវិលក្នុងប្រទេសយេម៉ែន ឬក្នុងការគំរាមកំហែងផ្សេងទៀតនោះទេ ក្រៅតែពីចូលរួមក្នុងប្រតិបត្តិការទប់ស្កាត់ភេរវកម្មប្រឆាំងនឹងក្រុម al-Qaidaនិងក្រុម ISIS ប៉ុណ្ណោះ»៕