សហរដ្ឋអាមេរិក បានបញ្ចប់ប្រតិបត្តិការចាក់សាំងយន្តហោះលើអាកាសសម្រាប់យន្តហោះចម្បាំងរបស់កងកម្លាំងសម្ព័ន្ធមិត្ត ដឹកនាំដោយប្រទេសអារ៉ាប៊ី សាអូឌីត ដែលចូលប្រឡូកក្នុងចម្បាំងនៅប្រទេសយេម៉ែន។
ប្រទេសអារ៉ាប៊ី សាអូឌីត បានឱ្យដឹងក្នុងសេចក្ដីថ្លែងការណ៍មួយថា ខ្លួនបានស្នើឱ្យសហរដ្ឋអាមេរិកបញ្ចប់កម្មវិធីនេះ ដោយសារតែកងកម្លាំងចម្រុះដែលខ្លួនដឹកនាំ បច្ចុប្បន្ននេះ មានសមត្ថភាពអាចធ្វើប្រតិបត្តិការចាក់សាំងយន្តហោះដែលកំពុងហោះហើរនៅលើអាកាសនេះ ដោយខ្លួនឯងបានហើយ។
មន្ត្រីអាមេរិក បាននិយាយថា កងកម្លាំងសម្ព័ន្ធមិត្តប្រមាណ២០ភាគរយ បានទទួលការចាក់សាំងលើអាកាសនេះពីសហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis បានមានប្រសាសន៍ក្នុងសេចក្ដីថ្លែងការណ៍មួយថា ៖ «យើងគាំទ្រការសម្រេចចិត្តរបស់ព្រះរាជាណាចក្រអារ៉ាប៊ី សាអូឌីត។ សហរដ្ឋអាមេរិកនិងក្រុមសម្ព័ន្ធមិត្ត កំពុងរៀបចំផែនការធ្វើសហប្រតិបត្តិការពង្រឹងកងកម្លាំងស្របច្បាប់របស់យេម៉ែន ដើម្បីការពារពលរដ្ឋយេម៉ែន ការពារព្រំដែននៃប្រទេសរបស់ពួកគេ និងចូលរួមចំណែក ប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ៊ាល់កៃដា និងក្រុមអាយស៊ីសក្នុងប្រទេសយេម៉ែននិងក្នុងតំបន់»។
កងកម្លាំងសម្ព័ន្ធមិត្តដែលដឹកនាំដោយប្រទេសអារ៉ាប៊ី សាអូឌីត បានចាប់ផ្តើមប្រតិបត្តិការទម្លាក់គ្រាប់បែកលើក្រុមឧទ្ទាម Houthi ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ ដើម្បីគាំទ្ររដ្ឋាភិបាលយេម៉ែនកាលពីខែមីនា ឆ្នាំ២០១៥។ ចាប់តាំងពីពេលនោះមក អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា មនុស្សជាង១០.០០០នាក់ បានស្លាប់ ភាគច្រើនដោយសារការវាយប្រហារតាមអាកាសនេះ។
គេនៅមិនទាន់ដឹងច្បាស់ទេថាតើការបញ្ចប់ប្រតិបត្តិការចាក់សាំងយន្តហោះលើអាកាសរបស់សហរដ្ឋអាមេរិកនេះ នឹងប៉ះពាល់អ្វីខ្លះដល់សកម្មភាពរបស់កងកម្លាំងសម្ព័ន្ធមិត្តនៅយេម៉ែន ប៉ុន្តែ ការណ៍នេះ កើតឡើងចំពេលដែលមានការថ្កោលទោសជាអន្តរជាតិ អំពីឃាតកម្មកាលពីខែមុន ទៅលើអ្នកកាសែត អារ៉ាប៊ី សាអូឌីតម្នាក់ គឺលោក Jamal Khashoggi ក្នុងស្ថានកុងស៊ុលអារ៉ាប៊ី សាអូឌីត ក្នុងប្រទេសតួកគី៕