ក្រុមឧទ្ទាមហ៊ូទីក្នុងប្រទេសយេម៉ែនបានយល់ព្រមបញ្ឈប់ការវាយប្រហារតាមអាកាស និងការវាយប្រហារដោយកាំជ្រួចម៉ីស៊ីលទៅលើកងកម្លាំងប្រទេសអារ៉ាប៊ីសាអូឌីត ឬសហព័ន្ធអារ៉ាប់រួមដែលជាសម្ព័ន្ធមិត្តរបស់អារ៉ាប៊ីសាអូឌីត អនុលោមតាមការអំពាវនាវឲ្យមានបទឈប់បាញ់គ្នានៅក្នុងតំបន់ដោយអង្គការសហប្រជាជាតិ។
ពួកឧទ្ទាមហ៊ូទីដែលគាំទ្រដោយអ៊ីរ៉ង់បានឲ្យដឹងថា ពួកគេនឹងអនុវត្តតាមការអំពាវនាវរបស់អង្គការសហប្រជាជាតិប្រសិនបើអារ៉ាប៊ីសាអូឌីតចង់បានសន្តិភាពដែរនោះ។
លោក Mohammed Ali al-Houthi មេដឹកនាំរបស់ក្រុមឧទ្ទាមបានថ្លែងនៅក្នុងសេចក្តីថ្លែងការមួយថាពួកគេបានបញ្ឈប់ការវាយប្រហារតបតាមសំណើរបស់លោក Martin Griffiths ដែលជាបេសកជនពិសេសអង្គការសហប្រជាជាតិ។
ស្តេច Salman របស់អារ៉ាប៊ីសាអូឌីតបានមានព្រះបន្ទូលថា ព្រះអង្គប្តេជ្ញាថានឹងអនុវត្តតាមកិច្ចប្រឹងប្រែងរបស់អន្តរជាតិដើម្បីធ្វើឲ្យមានបទឈប់បាញ់គ្នានៅក្នុងប្រទេសយេម៉ែន។ ក៏ប៉ុន្តែបណ្តាញផ្សព្វផ្សាយអារ៉ាប់នៅតែរាយការណ៍អំពីការវាយប្រយុទ្ធគ្នានៅជុំវិញក្រុង Hodeida ក្នុងប្រទេសយេម៉ែនកាលពីថ្ងៃចន្ទ។
កងកម្លាំងចម្រុះគាំទ្រដោយសហរដ្ឋអាមេរិកដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានធ្វើសង្គ្រាមជាមួយក្រុមឧទ្ទាមហ៊ូទីចាប់តាំងពីពួកគេបានរឹបអូសយករដ្ឋធានី Sana កាលពីឆ្នាំ២០១៤ ដែលបានបង្ខំឲ្យរដ្ឋាភិបាលយេម៉ែនភៀសខ្លួនទៅប្រទេសអារ៉ាប៊ីសាអូឌីតជាបណ្តោះអាសន្ន និងបន្ទាប់មកបានផ្លាស់ទៅទីក្រុង Aden។
អង្គការសហប្រជាជាតិសង្ឃឹមថានឹងរៀបចំឲ្យមានកិច្ចចរចាសន្តិភាពក្នុងប្រទេសយេម៉ែនដែលជាប្រទេសក្រីក្រជាងគេបំផុតក្នុងពិភពអារ៉ាប់នៅត្រឹមចុងឆ្នាំនេះ៕