ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គ្រាម​បាន​ចប់​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន តែ​មាន​ភាពមិន​ប្រាកដ​ប្រជា​នឹង​ការខ្វះស្បៀង


រូបឯកសារ៖ បុរស​ពីរ​នាក់​ជិះ​កង់​នៅ​ទីលាន Abdul Haq នៅក្នុង​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។
រូបឯកសារ៖ បុរស​ពីរ​នាក់​ជិះ​កង់​នៅ​ទីលាន Abdul Haq នៅក្នុង​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។

ការ​កាន់កាប់​ប្រទេស​អាហ្វហ្គានីស្ថាន​ដោយ​ពួក​តាលីបង់​កាល​ពី​ពាក់​កណ្តាល​ខែ​សីហា ​និង​ការ​ដក​ថយ​ចុង​ក្រោយ​របស់​ក្រុម​យោធា​សហ​រដ្ឋ​អាមេរិក​ពី​ប្រទេស​នេះ​ នៅ​ពេល​ចុង​ខែ​នោះ ​កំណត់​ការ​បញ្ចប់​សង្គ្រាម​យូរ​បំផុត​របស់​អាមេរិក​មាន​រយៈ​ពេល​ជិត​ពីរ​ទសវត្សរ៍​ នៅ​ចុង​ឆ្នាំ​២០២១។​

បីបួន​សប្តាហ៍​ក្រោយ​ការ​វាយ​ប្រហារ​ដោយ​ភេរវកម្ម​កាល​ពី​ថ្ងៃ​ទី​១១​ ខែ​កញ្ញា ​ឆ្នាំ២០០១ ​លើ​សហ​រដ្ឋ​អាមេរិក​ ក្រុម​ទាហាន​អាមេរិក​និង​សម្ព័ន្ធ​មិត្ត​ បាន​ចូល​លុកលុយ​ប្រទេស​អាហ្វហ្គានីស្ថាន​ ហើយ​បាន​បណ្តេញ​ក្រុម​តាលីបង់​អ៊ីស្លាម​និយម​ពី​អំណាច​ដោយសារ​ពួក​នេះ​ បាន​ផ្តល់​ជម្រក​ឱ្យ​ពួក​មេ​ដឹកនាំក្រុម​ភេរវករ​ al-Qaida ​ដែល​ទទួល​ខុស​ត្រូវ​ការ​វាយ​ប្រហារ​ទាំង​នោះ។​

នៅ​ថ្ងៃ​ទី១៥ ​ខែ​សីហា ​ក្រុម​បះបោរ​នេះ​ បាន​ដើរ​ចូល​ក្នុង​រដ្ឋធានី​ បន្ទាប់​ពី​បាន​វាយ​យក​បាន​ផ្នែក​ឯ​ទៀតៗ​របស់​ប្រទេស​នេះ​ ក្នុង​ពេល​តែ​១០​ថ្ងៃ​ ក្រោយ​ការ​រលំ​យ៉ាង​ឆាប់​រហ័ស​នៃ​កងកម្លាំង​រដ្ឋាភិបាល​ដែល​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​សហ​រដ្ឋ​អាមេរិក ​បាន​ហ្វឹកហ្វឺន ​និង​ផ្គត់ផ្គង់​សម្ភារៈ​ជា​ច្រើន​ឆ្នាំ។​

កង​កម្លាំង​ខ្លះ​ក្នុង​បណ្តា​កងកម្លាំង​ទាំង​នេះ​ បាន​ចង្អុល​បង្ហាញ​ការ​ខ្វះ​ស្បៀង ​គ្រាប់​រំសេវ​ និង​ការ​គាំទ្រ​តាម​អាកាស។ ​កងកម្លាំង​ខ្លះ ​បាន​ចុះ​ចាញ់ ​ឬ​រត់​គេច​ខ្លួន​ពី​សមរភូមិ​ ក្រោយពី​មាន​ការ​ព្រម​ព្រៀង​ជា​មួយ​ពួក​យុទ្ធជន​តាលីបង់់​ដែល​វាយ​ចូល​ទីក្រុង។​

លោក​ប្រធានាធិបតី ​Ashraf Ghani​ ដែល​គាំទ្រ​ដោយ​លោក​ខាង​លិច​និង​ក្រុម​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ បាន​រត់​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ពួក​តាលីបង់​ចូល​ក្នុង​ក្រុង​កាប៊ុល​ ដែល​នាំ​ឱ្យ​មាន​ភាព​ស្លន់ស្លោ​នៅ​ពេល​ចាប់​ផ្តើម​ការ​ជម្លៀស​មនុស្ស​តាម​យន្តហោះ​សហ​រដ្ឋ​អាមេរិក​ក្នុង​គ្រា​អាសន្ន​ នៅ​ឯ​អាកាស​យានដ្ឋាន​អន្តរជាតិ​ក្រុង​កាប៊ុល។​

លោក ​John Kirby ​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​សហ​រដ្ឋ​អាមេរិក​បាន​និយាយ​ថា​ «មាន​ភាព​វឹកវរ​ច្រើន។ មាន​ភាព​ច្របូក​ច្របល់​ច្រើន។ ​ខ្ញុំ​ចង់​និយាយ​អំពី​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​ ចាក​ចេញ​ពី​ប្រទេស​តាម​យន្តហោះ។ ​គ្មាន​នរណា​ម្នាក់​គិត​ថា ​មាន​ហេតុ​ការណ៍​បែប​នេះ​ទេ»។

រូបឯកសារ៖ បុរស​អាហ្វហ្គានីស្ថាន ឈរ​នៅ​ក្បែរ​ផ្ទាំង​រូបភាព​របស់​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​លោក Ashraf Ghani នៅ​អាកាស​យានដ្ឋាន Kabul កាលពី​ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។
រូបឯកសារ៖ បុរស​អាហ្វហ្គានីស្ថាន ឈរ​នៅ​ក្បែរ​ផ្ទាំង​រូបភាព​របស់​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​លោក Ashraf Ghani នៅ​អាកាស​យានដ្ឋាន Kabul កាលពី​ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។

ការ​ដក​កងទ័ព​

លោក​ប្រធានាធិបតី ​Joe Biden ​និង​រដ្ឋបាល​របស់​លោក​បាន​និយាយ​ការពារ​សេចក្តី​សម្រេច​របស់​លោក​ក្នុង​ការ​ដក​ទាហាន​មក​វិញ​ថា​ ​ពួក​គេ​បាន​សម្រេច​បេសក​កម្ម​ក្នុង​ការ​កម្ចាត់​ពួក​ al-Qaida ​និង​បញ្ចៀស​កុំឱ្យ​ប្រទេស​អាហ្វហ្គានីស្ថាន​ធ្វើ​ជា​ជម្រក​សុខសាន្ត​របស់​ក្រុម​ភេរវជន​ទៀត។​

លោក​រដ្ឋមន្ត្រី​ការ​បរទេស​ Antony Blinken ​បាន​មាន​ប្រសាសន៍​ប្រាប់​សន្និសីទ​កាសែតនៅ​ចុង​ខែ​ធ្នូ​ ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ថា​ «នៅ​រដូវ​ក្តៅ​នេះ យើង​បាន​ធ្វើ​តាម​ការ​សន្យា​នោះ​..។​ យើង​ដឹង​ថា​ ​ការណ៍​នេះ​ មាន​ឧបសគ្គ​ច្រើន»។​

លោក​ Blinken ​បាន​និយាយ​ថា​ «វា​ក៏​ជា​លើក​ដំបូង​ហើយ​ដែល​មិន​មាន​ក្រុម​ទាហាន​សហ​រដ្ឋ​អាមេរិក​ ឈប់​សម្រាក​ថ្ងៃ​បុណ្យ​ក្នុងប្រទេស​អាហ្វហ្គានីស្ថាន ​ហើយ​យើង​មិន​បញ្ជូន​ក្រុម​ទាហាន​អាមេរិកាំង​ជំនាន់​ទី​បី ​ទៅ​ប្រយុទ្ធ ​និង​ស្លាប់​នៅ​ទី​នោះ​ឡើយ»។​

ទោះជាយ៉ាងណា​ ​ការ​វិល​មក​កាន់​អំណាច​វិញ​របស់​ពួក​តាលីបង់​ បាន​បណ្តាល​ឱ្យ​មាន​កង្វល់​ថា​ តើ​ពួក​មេ​ដឹកនាំ​អ៊ីស្លាម​និយម​ទាំង​នេះ​ នឹង​កាត់​ចំណង​ទាក់ទង​ជា​មួយ​ក្រុម​ភេរវជន​ដូចជា​ពួក​ al-Qaida ​ ហើយ​គ្រប់គ្រង​ប្រទេស​ដោយ​ប្រសិទ្ធ​ភាព ​និង​គោរព​សិទ្ធិ​មនុស្ស​របស់​ជនជាតិ​អាហ្វហ្គានីស្ថាន​ទាំងអស់ ​ជាពិសេស​ក្រុម​ស្ត្រី​ ឬ​យ៉ាងណា។ ​ហេតុ​ការណ៍​នេះ​ ក៏​នាំ​ឱ្យ​មាន​សំណួរ​អំពី​សង្គ្រាម​របស់​សហ​រដ្ឋ​អាមេរិក​នេះ ​និង​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​កសាង​ប្រទេស​នេះ​ដែល​សហ​រដ្ឋ​អាមេរិក​បាន​ចំណាយ​ប្រមាណ​២​លាន​ លាន​ដុល្លារ​ និង​ជីវិត​ទាហាន​អាមេរិកាំង​យ៉ាង​តិច​ណាស់ ​២​ពាន់ ​៤​រយ​នាក់។​

ពួក​អ្នក​រិះគន់​ដូច​ជា​អ្នកស្រី​ Robin Raphel ​អតីត​អ្នក​ការទូត ​និង​ជា​អ្នក​ជំនួយការ​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​មជ្ឈមណ្ឌល​សិក្សា​ខាង​យុទ្ធសាស្ត្រ​និង​អន្តរជាតិ​នៅ​រដ្ឋធានី ​វ៉ាស៊ីនតោន​បាន​និយាយ​សង្ខេប​បេសក​កម្ម​ក្នុង​ប្រទេសអាហ្វហ្គានីស្ថាន​នៅ​ពេល​អ្នកស្រី​ចូល​រួម​ក្នុង​សិក្ខា​សាលា​មួយ​ក្នុង​ប្រទេស​ប៉ាគីស្ថាន។​

អ្នកស្រី​បាន​ថ្លែង​ថា​ «នៅ​ក្រោយ​ថ្ងៃ​ទី១១​ កញ្ញា ​២០០១ ​សហ​រដ្ឋ​អាមេរិក ​បាន​ចូល​ប្រទេស​អាហ្វហ្គានីស្ថាន​ដោយ​មាន​កំហឹង​ចង់​ធ្វើ​ការ​សងសឹក​ក្នុង​ប្រទេស​មួយ​ដែល​ខ្លួន​មិន​បាន​យល់​ច្បាស់លាស់​អំពី​ប្រវត្តិសាស្ត្រ ​និង​វប្បធម៌។​ បន្ទាប់​មក​អាមេរិក ​បាន​ក្លាយ​ជា​ជន​រងគ្រោះ​នៃ​បេសក​កម្ម​មិន​ទៅមុខ ​ដោយ​ព្យាយាម​បង្កើត​លទ្ធិ​ប្រជា​ធិបតេយ្យ​តាម​បែប​លោក​ខាង​លិច​ តាម​កាល​វិភាគ​លឿន​មួយ​ ដោយ​ការ​ធ្វើ​សង្គ្រាម»។​

អ្នកស្រី ​Robin ​បាន​បន្ថែម​ថា​ «ការណ៍​នេះ ​នាំ​ឱ្យ​មាន​អំពើ​ពុក​រលួយ​យ៉ាង​ខ្លាំង​ មាន​វិសមភាព​ និង​រដ្ឋាភិបាល​មិន​រឹង​មាំ​នៅ​ក្រុង​កាប៊ុល។ ​ដូច្នេះ​ ចលនា​តាលីបង់​ដែល​ស្និទ្ធ​ និង​យល់​ដឹង​អំពី​ការណ៍​ពិត​នៅ​នឹង​កន្លែង​ច្រើនជាងសហ​រដ្ឋ​អាមេរិក ​បាន​ប្រយុទ្ធ​ដោយ​មាន​ប្រៀប​ ហើយ​នៅ​ទី​បញ្ចប់ ​រដ្ឋាភិបាល​ក្រុង​កាប៊ុល​បានរលំ»។

រូបឯកសារ៖ មនុស្ស​រាប់រយ​នាក់​រត់​តាម​យន្តហោះ​ដឹកជញ្ជូន C-17 របស់​កងទ័ព​អាកាស​អាមេរិក នៅ​ពេល​ដែល​យន្តហោះ​នេះ រត់​នៅ​លើ​ផ្លូវ​ក្នុង​អាកាស​យានដ្ឋាន​អន្តរជាតិ នៅ​ក្នុង​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។
រូបឯកសារ៖ មនុស្ស​រាប់រយ​នាក់​រត់​តាម​យន្តហោះ​ដឹកជញ្ជូន C-17 របស់​កងទ័ព​អាកាស​អាមេរិក នៅ​ពេល​ដែល​យន្តហោះ​នេះ រត់​នៅ​លើ​ផ្លូវ​ក្នុង​អាកាស​យានដ្ឋាន​អន្តរជាតិ នៅ​ក្នុង​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។

កិច្ច​ប្រឹងប្រែង​ជម្លៀស

សហ​រដ្ឋ​អាមេរិក​ បាន​ជួយ​ជម្លៀស​មនុស្ស​១​សែន ​២​ម៉ឺន ​៤ពាន់​នាក់។​ ការ​ប្រឹងប្រែង​នោះ ​ប្រឈម​នឹង​ការ​វាយ​ប្រហារ​ដោយ​ភេរវកម្ម​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​ជិត​២​រយ​នាក់​ស្លាប់​ដោយ​រួម​មានទាំងទាហាន​អាមេរិកាំង​១៣​នាក់​ផង​ដែរ។​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​មក ​ការ​វាយ​ប្រហារ​ដោយយន្តហោះ​គ្មាន​មនុស្ស​បើក​របស់​សហ​រដ្ឋ​អាមេរិក​ ដែល​ក្រសួង​ការពារ​ជាតិ​សហ​រដ្ឋ​អាមេរិក​និយាយ​ថា​ ជា​ការ​វាយ​ប្រហារ​លើ​ពួក​រដ្ឋ​អ៊ីស្លាម​នោះ​ ​បាន​ច្រឡំ​ ហើយ​បាន​នាំ​ឱ្យ​ជន​ស៊ីវិល​អាហ្វហ្គានីស្ថាន​ស្លូត​ត្រង់ ​គ្មាន​ទោសពៃរ៍​១០​នាក់​ បាត់​បង់​ជីវិត។​

នៅ​ពេល​ជា​មួយ​គ្នា​នេះ ការ​ជម្លៀស​នេះ​ បាន​បន្សល់​ទុក​ពល​រដ្ឋ​អាមេរិកាំង​រាប់​រយ​នាក់​ និង​ក្រុម​សម្ព័ន្ធ​មិត្ត​អាហ្វហ្គានីស្ថាន​ច្រើន​ពាន់​នាក់។ ​ក្រុម​ការពារ​សិទ្ធិ​មនុស្ស​បាន​រាយ​ការណ៍​អំពី​ការ​រំលោភ​ និង​ការ​សម្លាប់​សងសឹក​ក្រុម​សម្ព័ន្ធ​មិត្ត​របស់​សហ​រដ្ឋ​អាមេរិក​ នៅ​ពេល​ប៉ុន្មាន​ខែ​បន្ទាប់​មក។​

ការ​កាន់កាប់​ប្រទេស​នេះ​ដោយ​ក្រុម​តាលីបង់​ បាន​នាំ​ឱ្យ​សេដ្ឋ​កិច្ច​រលំ ​ដែល​បង្កើន​សេចក្តី​ត្រូវ​ការ​ខាង​ជំនួយ​មនុស្ស​ធម៌​ដល់​កម្រិត​ខ្ពស់​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ដែល​ក្រុម​អ្នក​ធ្វើការ​ខាង​ផ្តល់​ជំនួយ​និយាយ​ថា​ បណ្តាល​មក​ពី​សង្គ្រាម​ច្រើន​ឆ្នាំ​ ភាព​រាំងស្ងួត​ និង​ភាព​ក្រីក្រ​ខ្លាំង។​

សេដ្ឋ​កិច្ច​ប្រទេស​អាហ្វហ្គានីស្ថាន ​ពឹង​ពាក់​ខ្លាំង​លើ​ជំនួយ​ហិរញ្ញ​វត្ថុ​បរទេស​រយៈ​២០​ឆ្នាំ​មុន​នេះ។​ ការ​វិល​មក​កាន់​អំណាច​វិញ​របស់​ពួក​តាលីបង់​ បាន​នាំ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ វ៉ាស៊ីនតោន​ ផ្អាក​លំហូរ​ប្រាក់​ជំនួយ​ដែល​នាំ​ឱ្យ​បាត់បង់​៤០​ភាគ​រយ​នៃ​ផលិត​ផល​សរុប​របស់​ប្រទេស​នេះ​ និង​បាត់បង់​៧៥​ភាគ​រយ​នៃ​ថវិកា​រដ្ឋាភិបាល​ផង​ដែរ។​

រដ្ឋបាល​លោក Biden ក៏​បានរឹបអូស​យក​ធនធាន​អាហ្វហ្គានីស្ថាន​ប្រមាណ​ ៩.៤០០​លាន​ដុល្លារដែល​ភាគ​ច្រើន​នៅ​ក្នុង​ធនាគារ​កណ្តាល​សហ​រដ្ឋ​អាមេរិក ​និង​បាន​ដាក់​ទណ្ឌកម្ម​ហិរញ្ញ​វត្ថុ​លើ​ក្រុម​តាលីបង់​ ដែល​ធ្វើ​ឱ្យ​ប្រព័ន្ធ​ធនាគារ​ប្រទេស​នេះ​ ជាប់​គាំង​ ហើយ​រូបិយ​បណ្ណ​អាហ្វហ្គានីស្ថាន​ ចុះ​តម្លៃ​យ៉ាង​លឿន។​

លោក Martin Griffiths ​ប្រធាន​ខាង​មនុស្ស​ធម៌​របស់​អ.ស.ប.​ បាន​ព្រមាន​ថា​ «នៅ​ពេល​នេះ​ សេដ្ឋ​កិច្ច​អាហ្វហ្គានីស្ថាន​ធ្លាក់​ចុះ​ខ្លាំង​ណាស់ ​ហើយ​បើ​យើង​មិន​ចាត់​វិធានការ​ជាក់​លាក់​ និង​មិន​មាន​សេចក្តី​មេត្តា​ទេ ​ខ្ញុំ​បារម្ភ​ថា ការ​ធ្លាក់​ចុះ​នេះ ​នឹង​ទាញ​ប្រជារាស្ត្រ​ទាំង​មូល​ឱ្យ​ធ្លាក់​ចុះ​ដែរ»។

មនុស្សម្នា កាន់​បដា​ដែល​មាន​សំណេរ​ថា «តោះ! យើង​ញ៉ាំ» មុន​ពេល​ដើរ​តាម​ផ្លូវ​ក្នុង​អំឡុង​ពេល​ការតវ៉ា​ក្នុង​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃ​ទី២១ ខែធ្នូ ឆ្នាំ​២០២១ ខណៈ​ដែល​ប្រទេស​នេះ ជួប​វិបត្តិ​សេដ្ឋកិច្ច​យ៉ាងខ្លាំង។
មនុស្សម្នា កាន់​បដា​ដែល​មាន​សំណេរ​ថា «តោះ! យើង​ញ៉ាំ» មុន​ពេល​ដើរ​តាម​ផ្លូវ​ក្នុង​អំឡុង​ពេល​ការតវ៉ា​ក្នុង​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃ​ទី២១ ខែធ្នូ ឆ្នាំ​២០២១ ខណៈ​ដែល​ប្រទេស​នេះ ជួប​វិបត្តិ​សេដ្ឋកិច្ច​យ៉ាងខ្លាំង។

ការ​ទាមទារ​របស់​ពួក​តាលីបង់​

ពួក​តាលីបង់ ​បាន​ទាមទារ​ឱ្យ​ឈប់​បង្កក​មូលនិធិ ចំណែក​ឯ​ទីភ្នាក់ងារ​ជំនួយ​អន្តរជាតិ​និយាយថា​ ការ​រឹតត្បិត​ហិរញ្ញ​វត្ថុ ​ប៉ះពាល់​កិច្ច​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។​

អ.ស.ប.​ ស្ទង់​ប្រមាណ​ថា​ ​ជាង​ពាក់​កណ្តាល​នៃ​ប្រជា​រាស្ត្រ​អាហ្វហ្គានីស្ថាន​៤០​លាន​នាក់​ប្រឈម​នឹង​ទូរ្ភិក្ស​ ហើយ​កុមារ​មួយ​លាន​នាក់​ អាច​នឹង​ស្លាប់​ដោយសារ​«កង្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ»។​

ពួក​សមាជិក​សភា​សហ​រដ្ឋ​អាមេរិក​៤៦​នាក់​ ភាគ​ច្រើន​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​ បាន​សរសេរ​លិខិត​មួយ​ច្បាប់​ជូន​លោក​ប្រធានាធិបតី​ Biden កាល​ពី​ថ្ងៃ​ទី​២១​ ខែ​ធ្នូ សុំ​ឱ្យ​លោក​បន្ធូរ​ការ​ដាក់​ទណ្ឌកម្ម​ និង​ឈប់​រាំង​ខ្ទប់​ប្រាក់​បម្រុង​របស់​អាហ្វហ្គានីស្ថាន​ដើម្បី​បញ្ចៀស​កុំឱ្យ​មាន​មហន្តរាយ​មនុស្ស​ធម៌​នៅ​ក្នុង​ប្រទេស​នៅ​អាស៊ី​ខាង​ត្បូង​នេះ។​

រដ្ឋបាល​លោក Biden​ បាន​និយាយ​ថា​ ​ស្ថានភាព​ប្រាក់​បម្រុង​របស់​អាហ្វហ្គានីស្ថាន​ជា​កម្មវត្ថុ​នៃ​បណ្តឹង​របស់​ជន​រងគ្រោះ​នៃ​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ទី១១ ​ខែ​កញ្ញា​ ឆ្នាំ​២០០១​ និង​ការវាយ​ប្រហារ​ដោយ​ភេរវកម្ម​ឯ​ទៀតៗ​«ដែល​ប្តឹង​ប្រឆាំង​នឹង​ពួក​តាលីបង់»។​

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ ក៏​ប្រឈម​នឹង​បញ្ហា​ពិបាកៗ​ថា​ តើ​ប្រាក់​នេះ​ អាច​ប្រើប្រាស់​បែបណា​ដើម្បី​ផ្តល់​អត្ថ​ប្រយោជន៍​ដោយ​ផ្ទាល់​ដល់​ប្រជារាស្ត្រ​អាហ្វហ្គានីស្ថាន​ ​និង​មិន​ឱ្យ​ពួក​តាលីបង់​ទទួល​ផល​ប្រយោជន៍​ពី​ប្រាក់​នេះ​ ​ពីព្រោះ​ពួក​តាលីបង់​នៅ​តែ​រង​ទណ្ឌកម្ម​របស់​សហ​រដ្ឋ​អាមេរិក​ដោយសារ ​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​ក្រុម​ភេរវជន​សាកល។​

កាលពី​ដើម​ខែ​ធ្នូ ក្រសួង​ហិរញ្ញ​វត្ថុ​សហ​រដ្ឋ​អាមេរិក​ បាន​សម្រេច​អនុញ្ញាត​ឱ្យ​មាន​ការ​ផ្ទេរ​ប្រាក់​ផ្ទាល់​ខ្លួន​ និង​មិន​ផ្ទាល់​ខ្លួន​ទៅ​ឱ្យ​ជនជាតិ​អាហ្វហ្គានីស្ថាន។​ រដ្ឋាភិបាល​វ៉ាស៊ីនតោន​ ក៏​មាន​មុខ​នាទី​ក្នុង​ការ​រៀបចំ​ការ​ផ្ទេរ​ប្រាក់​២៨០​លាន​ដុល្លារ​ពី​មូលនិធិ​ក្នុង​ធានាគារ​ពិភពលោក​សម្រាប់​កសាង​ប្រទេស​អាហ្វហ្គានីស្ថាន​ឡើង​វិញ​ហៅ​កាត់​ថា ARTF​ ដើម្បី​គាំទ្រ​សកម្ម​ភាព​មនុស្ស​ធម៌។​

ពួក​អ្នក​រិះគន់​ថ្លែង​ថា​ ​សហ​រដ្ឋ​អាមេរិក​និង​សហគមន៍​អន្តរជាតិ ​គួរ​ពិនិត្យ​មើល​ឲ្យបាន​ហ្មត់ចត់​អំពី​ការ​ទាក់ទង​ជា​មួយ​ពួក​តាលីបង់​ដើម្បី​ដោះស្រាយ​វិបត្តិ​មនុស្សធម៌​ដែល​នឹង​កើត​មាន​ឆាប់ៗ​នេះ​ដោយ​មិន​ចាំបាច់​ទទួល​ស្គាល់​ពួក​នេះ​ខាង​ការ​ទូត​ទេ។​

រដ្ឋមន្ត្រី​ការបរទេស​តាលីបង់ លោក Amir Khan Muttaqi ចូលរួម​ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​នៃ​ក្រុម​ប្រឹក្សា​រដ្ឋមន្ត្រី​ការបរទេស​អង្គការ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​អ៊ីស្លាម (OIC) នៅ​ទីក្រុង​អ៊ីស្លាម៉ាបាដ កាលពី​ថ្ងៃ​ទី១៩ ខែធ្នូ ឆ្នាំ២០២១។
រដ្ឋមន្ត្រី​ការបរទេស​តាលីបង់ លោក Amir Khan Muttaqi ចូលរួម​ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​នៃ​ក្រុម​ប្រឹក្សា​រដ្ឋមន្ត្រី​ការបរទេស​អង្គការ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​អ៊ីស្លាម (OIC) នៅ​ទីក្រុង​អ៊ីស្លាម៉ាបាដ កាលពី​ថ្ងៃ​ទី១៩ ខែធ្នូ ឆ្នាំ២០២១។

លោក​ Laurel Miller ​នាយក​កម្មវិធី​អាស៊ី​នៃ​អង្គការ​ឈ្មោះ​ក្រុម​វិបត្តិ​អន្តរជាតិ​ ​បាន​និយាយ​ថា​ «ការណ៍​ពិត​ជាក់ស្តែង​គឺ​ថា​ សហ​រដ្ឋ​អាមេរិក​បាន​ប្រយុទ្ធ​ចាញ់​សង្គ្រាម​២០​ឆ្នាំ​ប្រឆាំង​នឹង​ពួក​តាលីបង់​ ហើយ​វា​ពិត​ជា​មាន​ឥទ្ធិពល​លើ​ទស្សនៈ​មនុស្ស​ខ្លះ​នៅ​វ៉ាស៊ីនតោន »។​

លោក​ Miller​ ដែល​ធ្វើ​ជា​អ្នក​តំណាង​ពិសេស​របស់​សហ​រដ្ឋ​អាមេរិក​សម្រាប់​ប្រទេស​អាហ្វហ្គានីស្ថាន​និង​ប្រទេស​ប៉ាគីស្ថាន​ ​បាន​និយាយ​ថា​ «ខ្ញុំ​ក៏​យល់​ដែរ​ថា​ ប្រសិន​បើ​លោក​អ្នក​មិន​គិត​តែ​រឿង​មួយ​នេះ​ ​ហើយ​ពិនិត្យ​មើល​រូបភាព​ទូលំទូលាយ​នៃ​អត្ថ​ប្រយោជន៍​សហ​រដ្ឋ​អាមេរិក​ ខ្ញុំ​យល់​ថា​ ជា​ការ​មើល​មិន​វែង​ឆ្ងាយ​ក្នុង​ការ​ចូល​រួម​ក្នុង​មហន្តរាយ​មនុស្ស​ធម៌​ដែល​កំពុង​កើត​មាន​នេះ»។​

មាន​ការ​បារម្ភ​ច្រើន​ឡើងៗ​ថា​ ​បញ្ហា​សេដ្ឋកិច្ច​និង​បញ្ហា​មនុស្ស​ធម៌​ធ្ងន់ធ្ងរ​ខ្លាំង​ឡើងៗ​ នឹង​បង្ខំ​ឱ្យ​ជនជាតិ​អាហ្វហ្គានីស្ថាន​ច្រើន​ឡើង​ព្យាយាម​ចាកចេញ​ពី​ប្រទេស។

ការ​បំបាត់​ចំណង​ទាក់ទង​ជា​មួយ​ក្រុម​ភេរវ​ជន​

រដ្ឋបាល​លោក ​ Biden​ បាន​ជំរុញ​ឱ្យ​ពួក​តាលីបង់​កាត់​ផ្តាច់​ចំណង​ទាក់ទង​ជា​មួយ​ក្រុម​ភេរវជន​ដោយ​ពិតប្រាកដ​ ឈប់​ធ្វើការ​សងសឹក​ប្រឆាំង​នឹង​ជនជាតិ​អាហ្វហ្គានីស្ថាន​ដែល​មាន​ការ​ទាក់ទង​ជា​មួយ​រដ្ឋាភិបាល​ធ្លាក់​ពី​អំណាច ​គ្រប់គ្រង​ប្រទេស​ដោយ​មាន​ការ​រួម​បញ្ចូល​ពី​គ្រប់​ភាគី​ទាំងអស់​ និង​អនុញ្ញាត​ឱ្យ​ស្ត្រី ​និង​ក្មេងស្រី​ ចូល​រួម​ពេញ​លេញ​ក្នុង​ជិវិត​សាធារណៈ​ និង​ទទួល​បាន​ការ​សិក្សា​អប់រំ។​

ពួក​មេដឹក​នាំ​តាលីបង់​បាន​សន្យា​ថា​ នឹង​គ្រប់គ្រង​ប្រទេស​ខុស​ពី​របៀប​គ្រប់គ្រង​ពី​មុន​របស់​ពួក​គេ​ដែល​នៅ​ពេល​នោះ ​ស្ត្រី​ត្រូវ​បាន​រារាំង​មិន​ឱ្យ​ចេញ​ពី​ផ្ទះ​ ​បើគ្មាន​ញាតិ​សន្តាន​ប្រុស​ទៅ​ជា​មួយ​ ហើយ​ក្មេង​ស្រី ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ទៅ​រៀន​នៅ​ឯ​សាលា​ទេ។​

នារី​ភាគ​ច្រើន​ ត្រូវ​បាន​រារាំង​មិន​ឱ្យ​ទៅ​រៀន​នៅឯ​សាលា​នៅ​ក្រោម​របប​គ្រប់គ្រង​របស់​តាលីបង់​សព្វ​ថ្ងៃ ​តែ​ពួក​មន្ត្រី​បាន​និយាយ​ទទូច​ថា​ ​ពួក​គេ​នឹង​បើក​ថ្នាក់​រៀន​ជា​ថ្មី នៅ​ពេល​ណា​រដ្ឋាភិបាល​មាន​ប្រាក់​កាស​គ្រប់គ្រាន់​ដើម្បី​បង់ប្រាក់​បៀវត្សរ៍​ឱ្យ​គ្រូ​បង្រៀន​រាប់​ម៉ឺន​នាក់​ដែល​គ្មាន​ប្រាក់​ខែ​ និង​ធ្វើ​ឱ្យ​ប្រាកដ​ប្រជា​អំពី​«បរិយាកាសសុវត្ថិភាព»​សម្រាប់​ការ​សិក្សា​អប់រំ​នារី​នៅ​ទូទាំង​ប្រទេស។​

លោក ​Amir Khan Muttaqi ​ជា​រដ្ឋមន្ត្រី​ការ​បរទេស​តាលីបង់។​ លោក​បាន​និយាយ​ប្រាប់​សន្និសីទ​ព័ត៌មាន​អំពី​ប្រទេស​អាហ្វហ្គានីស្ថាន​រៀបចំ​ដោយ​ក្រុម​ប្រទេស​អ៊ីស្លាម​ក្នុង​ប្រទេស​ប៉ាគីស្ថាន​កាលពី​ថ្ងៃទី​១៩​ ខែធ្នូ​ថា ​«យើង​ពិចារណា​អំពី​សិទ្ធិ​មនុស្ស សិទ្ធិ​ស្ត្រី​ និង​ការ​ចូលរួម​ដោយ​ជនជាតិ​អាហ្វហ្គានីស្ថាន​ទាំង​អស់​ដែល​មាន​សមត្ថភាព​មក​ពី​តំបន់​នានា។ វា​ ជា​កាតព្វ​កិច្ច​របស់​យើង។ ​យើង ​បាន​ចាត់​វិធាន​ការ​ច្រើន​ហើយ​អំពី​រឿង​នេះ​ ​ហើយ​យើង​នឹង​បន្ត​ចាត់​វិធាន​ការ​ថែម​ទៀត»។

រូបឯកសារ៖ ស្ត្រី​ជនជាតិ​អាហ្វហ្គានីស្ថាន​ម្នាក់ ដើរចេញ​ពី​ហាង​តូច​មួយ​ក្នុង​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃអាទិត្យ ទី៥ ខែធ្នូ ឆ្នាំ២០២១។
រូបឯកសារ៖ ស្ត្រី​ជនជាតិ​អាហ្វហ្គានីស្ថាន​ម្នាក់ ដើរចេញ​ពី​ហាង​តូច​មួយ​ក្នុង​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃអាទិត្យ ទី៥ ខែធ្នូ ឆ្នាំ២០២១។

ពួក​អ្នក​រិះគន់​នៅ​តែ​សង្ស័យ​ ហើយ​និយាយ​ថា​ ​អនាគត​របស់​ជនជាតិ​អាហ្វហ្គានីស្ថាន ​ជាពិសេសក្រុម​ស្រ្តី នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ពួក​តាលីបង់​ នៅ​តែ​មិន​ប្រាកដ​ប្រជា។

អ្នក​វិភាគ​ឈ្មោះ​ Torek Farhadi ​ដែល​ជា​អតីត​មន្ត្រី​អាហ្វហ្គានីស្ថាន​ បាន​និយាយ​ថា សិទ្ធិ​ស្ត្រី​រង​សម្ពាធ​ជាខ្លាំង។ ​ស្ត្រី​វ័យ​ក្មេង​ទាំងអស់​ដែល​បាន​ទៅ​រៀន​សូត្រ​នៅឯ​សាលា​កាលពី​២០​ឆ្នាំ​កន្លង​ទៅ​នេះ​ ហើយ​ដែល​មាន​អាជីព​នៅ​ពេល​នេះ​ មើល​ឃើញថា អនាគត​អាជីព​របស់​ពួក​គេ ​មាន​ភាព​អាប់អួរ»។​

ពួក​អ្នក​វិភាគ​ថ្លែង​ថា​ សហគមន៍​អន្តរជាតិ​ អាច​នៅ​មាន​ឥទ្ធិពល​ឱ្យ​ពួក​តាលីបង់​សម្រួល​គោល​នយោបាយ​របស់​ពួក​គេ​ជា​ថ្នូរ​នឹង​ការ​ទទួល​ស្គាល់​ខាង​ការទូត​ និង​ការ​ទទួល​មូលនិធិ​ដែល​ត្រូវ​បាន​បង្កក​ដើម្បី​បញ្ចៀស​កុំ​ឱ្យ​មាន​មហន្តរាយ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន៕​

អ្នកស្រី Carla Babb​ អ្នកឆ្លើយឆ្លង​ព័ត៌មានរបស់វីអូអេប្រចាំ​នៅក្រសួង​ការពារជាតិ ​រួម​ចំណែក​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ។

ប្រែសម្រួលដោយ​លោក ​ឈឹម សុមេធ​ និងលោក​ ពិន ស៊ីសុវណ្ណ

អត្ថបទ​ទាក់ទង

XS
SM
MD
LG