ក្រុមតាលីបង់កាលពីថ្ងៃអាទិត្យ បានបញ្ជាឲ្យបណ្តាញទូរទស្សន៍ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បញ្ឈប់ការផ្សាយរឿងភាគតាមទូរទស្សន៍ដែលបង្ហាញសិល្បការិនី ហើយបាននិយាយថា អ្នកកាសែតស្រី ត្រូវតែពាក់ស្បៃគ្របមុខ ស្របទៅតាមការបកស្រាយនៃច្បាប់ឥស្លាម ឬ Sharia។
ការរឹតត្បិតនេះ ជាផ្នែកមួយនៃបញ្ញត្តិណែនាំ៨ចំណុចថ្មីដែលត្រូវបានចេញដោយក្រសួងរបស់តាលីបង់សម្រាប់ការលើកតម្កើងគុណធម៌ និងរារាំងអំពើអបាយមុខ ឬដែលគេតែងស្គាល់ថា ជាប៉ូលិសសីលធម៌ នៅក្នុងសញ្ញាមួយពេលថ្មីៗនេះដែលបង្ហាញថា ក្រុមប្រកាន់នយោបាយតឹងតែងនេះ កំពុងរឹតត្បិតសិទ្ធិរបស់ស្ត្រី។
ទោះជាយ៉ាងណាក៏ដោយ គោលនយោបាយថ្មីនេះ បានបញ្ជាក់ថា ខ្សែភាពយន្តនិងនាដកម្ម មិនត្រូវមានសិល្បការិនីទេ។ បន្ថែមពីនេះ គោលនយោបាយថ្មី បានរារាំងស្ថានីយទូរទស្សន៍មិនឲ្យបញ្ចាំងរូបភាពក្រុមបុរសដែលគេចាត់ទុកថា មិនបានស្លៀកសម្លៀកបំពាក់គ្របពីទ្រូងដល់ជង្គង់នោះ។
ក្រសួងប៉ូលិសសីលធម៌នេះ ធ្លាប់មានក្នុងអំឡុងពេលនៃការគ្រប់គ្រងអំណាចរបស់ក្រុមតាលីបង់កាលពីពេលមុននៅក្នុងប្រទេសអាហ្វហ្គានីស្ថានពីឆ្នាំ១៩៩៦ដល់ឆ្នាំ២០០១ នៅពេលដែលក្រុមនោះ បានធ្វើការអនុវត្តដោយគ្មានត្រាប្រណីនូវការរឹតត្បិតនេះដែលជារំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ។ ការរំលោភធ្វើបាបនៅពេលនោះរួមមានទាំងការរារាំងស្ត្រីមិនឲ្យចាកចេញពីផ្ទះ ប្រសិនបើពួកគេមិនមានការអមដំណើរពីបុរសដែលជាសាច់ញាតិជិតដិត ហើយក្មេងស្រី មិនបានទទួលការសិក្សាអប់រំទេ៕