ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជាជាតិ​ជំរុញ​សហគមន៍​អន្តរជាតិ​ឲ្យ​ប្រុងប្រយ័ត្ន ដោយសារ​វត្តមាន​ក្រុម ISIL Khorasan បាន​កើនឡើង


អ្នក​ប្រយុទ្ធ​តាលីបង់​ (ខាង​ស្តាំ) និង​អ្នក​ភូមិ​ឈរ​ជាប់​នឹង​សាកសព​ជនស៊ីវិល​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ប្រតិបត្តិការ​របស់​ពួក​សមាជិក​តាលីបង់​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​អ៊ិស្លាម Khorasan កាលពី​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។ (AFP)
អ្នក​ប្រយុទ្ធ​តាលីបង់​ (ខាង​ស្តាំ) និង​អ្នក​ភូមិ​ឈរ​ជាប់​នឹង​សាកសព​ជនស៊ីវិល​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ប្រតិបត្តិការ​របស់​ពួក​សមាជិក​តាលីបង់​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​អ៊ិស្លាម Khorasan កាលពី​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។ (AFP)

អ្នក​ការទូត​កំពូល​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​អាហ្វហ្គានីស្ថាន​អ្នកស្រី Deborah Lyons បាន​ជំរុញ​សហគមន៍​អន្តរជាតិ​កាលពី​ថ្ងៃ​ពុធ​ឲ្យ​យកចិត្ត​ទុកដាក់​ខ្លាំង​ជាង​មុន​ដល់​ការ​កើនឡើង​នូវ​វត្តមាន​ក្រុម​រដ្ឋ​អ៊ិស្លាម​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ដោយ​អ្នកស្រី​បាន​និយាយ​ថា ក្រុម​ភេរវកម្ម​នេះ​កំពុង​ទាញ​ប្រយោជន៍​ពី​អស្ថិរភាព​ជា​បន្ត​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ដើម្បី​ពង្រីក​វត្តមាន​របស់​ខ្លួន​នៅ​ទីនោះ។

អ្នកស្រី Lyons បាន​បញ្ជាក់​នៅ​ក្នុង​ជំនួប​មួយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ថា៖ «ដោយ​ពី​មុន​ធ្លាប់​មាន​វត្តមាន​នៅ​ក្នុង​ខេត្ត​តែ​មួយ​ចំនួន​តូច​និង​រដ្ឋធានី​កាប៊ុល​ប៉ុណ្ណោះ ឥឡូវ​នេះ​ក្រុម ISIL Khorasan ហាក់​ដូចជា​មាន​វត្តមាន​នៅ​ស្ទើរ​គ្រប់​ខេត្ត​ទាំងអស់​ហើយ​មាន​សកម្មភាព​កាន់តែ​កើនឡើង»។

អ្នកស្រី​បាន​លើកឡើង​ថា ការ​វាយប្រហារ​បាន​កើនឡើង​គួរឲ្យ​កត់​សម្គាល់ ដោយ​មាន​ចំនួន ៣៣៤ ដង​នៅ​ក្នុង​ឆ្នាំ​នេះ បើ​ប្រៀប​ទៅ​នឹង​ឆ្នាំ ២០២០ ដែល​មាន​ចំនួន​តែ ៦០ ដង​ប៉ុណ្ណោះ។ ការ​វាយ​ប្រហារ​ទាំង​នេះ​គឺ​ដោយសារតែ ឬ​ក៏​ត្រូវ​បាន​ក្រុម ISIL Khorasan អះអាង​ទទួល​ខុសត្រូវ។ ការ​វាយ​ប្រហារ​ភាគ​ច្រើន​គឺ​សំដៅ​លើ​អ្នក​កាន់​សាសនា​អ៊ិស្លាម​និកាយ​ស៊ីអ៊ីត។

អ្នកស្រី Lyons បញ្ជាក់​ដូច្នេះ​ថា៖ «ក្រុម​តាលីបង់ (Taliban) ទទូច​ថា ពួកគេ​កំពុង​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​ក្រុម ISIL Khorasan ក៏ប៉ុន្តែ​យុទ្ធនាការ​នេះ​កំពុង​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ ដោយសារតែ​យុទ្ធនាការ​នេះ​ហាក់ដូចជា​ពឹងផ្អែក​ខ្លាំង​លើ​ការ​ឃុំឃាំង​ខុស​ច្បាប់ និង​ការ​សម្លាប់​ជន​សង្ស័យ​ដែល​ជា​សមាជិក​របស់​ក្រុម ISIL Khorasan»។

ក្រុម​ភេរវកម្ម​នេះ​បាន​បង្កើន​ការ​បំផ្ទុះ​គ្រាប់​បែក​និង​ការវាយ​ប្រហារ​ផ្សេងៗ​ទៀត ចាប់តាំងពី​ក្រុម​តាលីបង់​បាន​ដណ្តើម​កាន់​អំណាច​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​កាលពី​ពាក់​កណ្តាល​ខែ​សីហា​មក។

ក្រុម​មន្ត្រី​យោធា​សហរដ្ឋ​អាមេរិក​បាន​ព្រមាន​ជាច្រើន​ខែ​មក​ហើយ​អំពី​គ្រោះថ្នាក់​ដែល​កំពុង​កើត​មាន ដោយសារតែ​ក្រុម ISIL Khorasan និង​ក្រុម​អាល់កៃដា (Al-Qaeda) បាន​ប្រមូល​ផ្ដុំ​គ្នា​និង​លេច​ឡើងវិញ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ដែល​កំពុង​ទ្រុឌទ្រោម៕

XS
SM
MD
LG