ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​និយាយ​ថា ការសម្រេច​ចាកចេញ​ពី​ទីក្រុង​កាប៊ុល​ធ្វើឡើង​ក្នុង​ពេល«តែ​ប៉ុន្មាន​នាទី»ប៉ុណ្ណោះ


រូបឯកសារ៖ អតីតប្រធានាធិបតី​អាហ្វហ្គានីស្ថាន លោក Ashraf Ghani ត្រួតពល នៅ​វិមាន​ប្រធានាធិបតី​ ក្នុង​រដ្ឋធានី​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។ (AP Photo/Mariam Zuhaib)
រូបឯកសារ៖ អតីតប្រធានាធិបតី​អាហ្វហ្គានីស្ថាន លោក Ashraf Ghani ត្រួតពល នៅ​វិមាន​ប្រធានាធិបតី​ ក្នុង​រដ្ឋធានី​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។ (AP Photo/Mariam Zuhaib)

អតីត​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​លោក Ashraf Ghani កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយ​អំពី​ការរត់គេច​ខ្លួន​នៅពេលដែល​ក្រុម​តាលីបង់​បាន​ចូល​កាន់កាប់​រដ្ឋធានី​កាប៊ុល។ លោក បាន​និយាយ​ថា ការ​សម្រេច​ចិត្ត​នោះ​ធ្វើឡើង​ក្នុង​ពេល«តែ​ប៉ុន្មាន​នាទី»ប៉ុណ្ណោះ ហើយ​ថា លោក​មិន​បាន​ដឹង​ថា លោក​នឹង​ចាក​ចេញ​ទេ​រហូត​ដល់​លោក​ឡើង​យន្តហោះ។ នេះ​បើតាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

លោក Ghani បាន​ប្រាប់​កម្មវិធី Today របស់​វិទ្យុ BBC Radio 4ថា នៅ​ព្រឹក​ថ្ងៃទី១៥ ខែ​សីហា​ឆ្នាំ២០២១ គឺ​ថ្ងៃ​ដែល​ពួក​ឥស្លាម​ចូល​កាន់កាប់​រដ្ឋធានី ហើយ​រដ្ឋាភិបាល​របស់​លោក​ផ្ទាល់​បាន​ដួល​រលំ លោក​មិន​បាន​គិត​ថា វា​នឹង​ក្លាយ​ជា​ថ្ងៃចុង​ក្រោយ​របស់​លោក​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​ទេ។ ប៉ុន្តែ​នៅ​រសៀល​ថ្ងៃ​នោះ សន្តិសុខ​នៅ​វិមាន​ប្រធានាធិបតី​បាន«ដួល រលំ»។

លោក Ghani បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​អតីត​ប្រធាន​បុគ្គលិក​ផ្នែក​ការពារជាតិ​អង់គ្លេស លោក​ឧត្តម​សេនីយ៍ Nick Carter ថា «ប្រសិន​បើ​ខ្ញុំ​រឹងទទឹង ពួកគេ​ទាំងអស់​នឹង​ត្រូវ​សម្លាប់ ហើយ​ពួកគេ​មិន​មាន​សមត្ថភាព​ការពារ​ខ្ញុំ​ទេ»។ លោក Ghani បាន​និយាយទៀត​ថា ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​គឺ​លោក Hamdullah Mohib «មាន​ការ​ភ័យខ្លាច​យ៉ាង​ខ្លាំង។ គាត់​មិន​បាន​ទុក​ពេលឱ្យ​ខ្ញុំ​លើស​ពី​ពីរ​នាទី​ទេ»។

លោក​បាន​និយាយ​ទៀតថា ពីដំបូង​លោក​ណែនាំ​ថា​ត្រូវ​ជិះ​ឧទ្ធម្ភាគ​ចក្រ​ទៅ​ទីក្រុង Khost ភាគ​អាគ្នេយ៍។ ប៉ុន្តែ​ទីក្រុង​នោះ បាន​ធ្លាក់​ក្នុង​កណ្តាប់ដៃ​ពួក​អ៊ីស្លាម​និយម​ដែល​បាន​បាន​កាន់កាប់​ទីរួមខេត្ត​នៅ​ទូទាំង​ប្រទេស​នៅ​ប៉ុន្មាន​ថ្ងៃ​មុន​ថ្ងៃ​ដក​កង​កម្លាំង​អន្តរជាតិ​ត្រឹម​ចុង​ខែ​សីហា។

លោក​បាន​និយាយ​ថា ទីក្រុង Jalalabad នៅ​ភាគខាង​កើត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ប៉ាគីស្ថាន​ក៏បាន​ដួល​រលំ​ផង​ដែរ។ លោក Ghani បាន​និយាយ​ថា «ខ្ញុំ​មិន​ដឹង​ថា យើង​នឹង​ទៅ​ទី ណា​ទេ។ ទាល់តែ​យើង​ចេញ​ទៅ​ទើប​ដឹង​ច្បាស់​ថា យើង​ចាក​ចេញ»។

លោក Ghani បាន​នៅ​ក្នុង​ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម​តាំង​ពី​ពេល​នោះ​មក។

លោក​ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ខ្លាំង​នៅ​អាហ្វហ្កានីស្ថាន​ចំពោះ​ការ​ចាក​ចេញ ហើយ​ឥឡូវ​នេះ ជនជាតិ​អាហ្វហ្កានីស្ថានបាន​ជាប់​នៅ​ក្រោម​ការ​គ្រប់គ្រង​ដ៏​តឹងរ៉ឹង​របស់​ពួក​តាលីបង់​ដោយ​ចោទ​ប្រកាន់​ថា លោក​បាន​បោះបង់​ចោលប្រជា​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​និង​បាន​យក​លុយ​រាប់​លាន​ដុល្លារ ក៏ប៉ុន្តែ លោក​បាន​បដិសេធ​ម្តង​ទៀត​កាលពី​ថ្ងៃ​ព្រហស្បតិ៍។​

អតីត​មន្ត្រី​ធនាគារ​ពិភពលោក​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ជាច្រើន​អំពី​ការ​ចាកចេញ​របស់​លោក ដោយ​ទទួល​ស្គាល់​ថា លោក មិនទាន់​បាន​ពន្យល់​ប្រជាជន​អាហ្វហ្កានីស្ថានអំពី​បញ្ហា​នេះ។ ថ្ងៃ​ព្រហស្បតិ៍​គឺ​ជា​បទ​សម្ភាសន៍​លើក​ដំបូង​របស់​លោក។ លោក បាន​និយាយ​ម្តង​ទៀត​ថា កង្វល់​ជា​ចម្បង​របស់​លោកគឺ​ការ​ទប់ស្កាត់​ការ​ប្រយុទ្ធ​គ្នា​តាម​ដង​ផ្លូវ​ដ៏​ឃោរឃៅ​នៅ​ក្នុង​រដ្ឋធានី​ដែល​មាន​ជន​ភៀសខ្លួន​រាប់​ម៉ឺននាក់ដែល​ភៀសខ្លួន​ពី​អំពើ​ហិង្សា​នៅ​កន្លែង​ផ្សេងៗ​ក្នុង​ប្រទេស។

ហើយ​លោក បាន​និយាយ​ថា ការ​សម្រេច​ចិត្ត​ចាក​ចេញ​របស់​លោក​គឺ​ជា «ការដ៏​ពិបាក​បំផុត»៕

XS
SM
MD
LG