យោធាសហរដ្ឋអាមេរិកនឹងមិនដាក់ទណ្ឌកម្មដល់បុគ្គលិកយោធាណាមួយដែលបានទាក់ទិននៅក្នុងការវាយប្រហារខុសគោលដៅរបស់យន្តហោះគ្មានមនុស្សបើកដ្រូននៅក្នុងរដ្ឋធានីកាប៊ុលនៃប្រទេសអាហ្វហ្គានីស្ថានដែលបានសម្លាប់ជនស៊ីវិល១០នាក់នោះទេ បន្ទាប់ពីលោករដ្ឋមន្ត្រីការពារប្រទេស Lloyd Austin បានយល់ព្រមតាមការស្នើពីមេបញ្ជាការកំពូល២រូបមក។
អ្នកនាំពាក្យក្រសួងការពារជាតិលោក John Kirby បានប្រាប់ពួកអ្នកយកព័ត៌មាននៅក្រសួងការពារជាតិនៅក្នុងការឆ្លើយសំណួររបស់វីអូអេថា៖ «លោករដ្ឋមន្ត្រីមិនបានយល់ព្រមឬអំពាវនាវឲ្យមានវិធានការទទួលខុសត្រូវបន្ថែមទេ»។
ក្រុមមន្ត្រីការពារជាតិ កាលពីពេលមុនបានទទួលស្គាល់ថា ការវាយប្រហារថ្ងៃទី២៩ ខែសីហា ជា«កំហុសដ៏មហន្តរាយមួយ»។ ការស៊ើបអង្កេតឯករាជ្យមួយ ដែលដឹកនាំដោយអគ្គអធិការកិច្ចកងទ័ពអាកាសបាននិយាយថា ការវាយប្រហារនោះ មិនបានរំលោភច្បាប់សង្គ្រាមទេ ហើយជាលទ្ធផលនៃការបញ្ជាក់ទីតាំងមិនត្រឹមត្រូវជាជាងការធ្វេសប្រហែសកម្រិតព្រហ្មទណ្ឌ។
ការវាយប្រហារនោះ បានសម្លាប់ជនស៊ីវិលយ៉ាងតិចណាស់ក៏១០នាក់ដែរ រួមទាំងកូនក្មេង៧នាក់ផង ហើយត្រូវបានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីអ្នកដាក់គ្រាប់អត្តឃាតម្នាក់បានវាយប្រហារនៅខាងក្រៅចំណតអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai ដែលបានសម្លាប់ជនជាតិអាហ្វហ្គានីស្ថានយ៉ាងតិចណាស់ក៏១៧០ នាក់ដែរហើយនិងទាហានសហរដ្ឋអាមេរិក១៣នាក់ផង។
យោធាសហរដ្ឋអាមេរិក កាលពីដំបូងបាន និយាយថា ការវាយប្រហារនោះ បានរារាំងការ វាយប្រហារមួយទៀតរបស់ក្រុមរដ្ឋអ៊ីស្លាម Khorasan ទៅលើកងទ័ពមុនពេលសារភាពថា ការវាយប្រហារនោះខុសគោលដៅ។
ភស្តុតាងក្រោយមកបានបង្ហាញថា អ្វីដែលយោធាពេលនោះបានជឿថា ជាគ្រឿងផ្ទុះដែលគួរឱ្យសង្ស័យនៅខាងក្នុងរថយន្តនោះតាមពិតជាធុងទឹកសម្រាប់ក្រុមគ្រួសាររបស់បុគ្គលិកផ្តល់ជំនួយ ទៅវិញ៕