ក្រុមអ្នកឃ្លាំមើលនយោបាយនៅកម្ពុជាសាទរចំពោះការបង្កើតក្រុមសំឡេងភាគតិចក្នុងសភា ដោយនិយាយថា ការបង្កើតមេដឹកនាំសំឡេងភាគតិចសម្រាប់ក្រុមជំទាស់នេះគួរមានយន្តការធ្វើកិច្ចការច្បាស់លាស់ដើម្បីប្រសិទ្ធភាពនៃប្រព័ន្ធផ្ទៀងផ្ទាត់ថ្មីនេះ។ ក្រុមមន្ត្រីរំពឹងថា ការសន្ទនារវាងក្រុមអ្នកនយោបាយកម្ពុជាទាំងគណបក្សក្នុងរដ្ឋាភិបាលនិងគណបក្សមិននៅក្នុងរដ្ឋាភិបាលអាចមានឱកាសច្រើនតាមរយៈការរៀបចំយន្តការថ្មី គឺការបង្កើតមេដឹកនាំក្រុមសំឡេងភាគតិចនេះ។
ក្រុមអ្នកនយោបាយកម្ពុជាបានព្រមព្រៀងគ្នាសឹងតែទាំងអស់លើកំណែទម្រង់ការបោះឆ្នោត ដំណាលគ្នាដែលបានព្រមព្រៀងគ្នាជាគោលការណ៍ក្នុងការកែទម្រង់ប្រព័ន្ធផ្ទៀងផ្ទាត់ក្នុង សភាឲ្យមានដំណើរការល្អជាងមុន។ ក្នុងនោះមេដឹកនាំគណបក្សទាំងពីរបានព្រមព្រៀងគ្នាថា នឹងបង្កើតឲ្យមានសំឡេងមេដឹកនាំក្រុមភាគតិចក្នុងស្ថាប័ននីតិបញ្ញត្តិឬសភាសម្រាប់ គណបក្សជំទាស់ដែលមិនចូលក្នុងរដ្ឋាភិបាល។ ការព្រមព្រៀងគ្នានេះបាននាំឲ្យក្រុមអ្នក ឃ្លាំមើលស្ថានការណ៍នយោបាយឯករាជ្យខ្លះយល់ថា តួនាទីនិងការបែងចែកអំណាចក្នុងសភាឲ្យបានច្បាស់នឹងនាំឲ្យដំណើរការផ្ទៀងផ្ទាត់សភារឹងមាំ និងមានប្រសិទ្ធភាពក្នុងការបំពេញការងារ។
លោកគល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតឯករាជ្យមួយឈ្មោះថា ខុមហ្រ្វែល បានថ្លែងថា ការបង្កើតក្រុមភាគតិចជារឿងសំខាន់ ព្រោះនេះជាការទទួលស្គាល់តួនាទីគណបក្សជំទាស់ជាផ្លូវការ តែគេគួរធ្វើយ៉ាងណាធានាឲ្យក្រុមសំឡេងភាគតិចនេះមានតួនាទី មានការបែងចែកអំណាចច្បាស់លាស់ក្នុងរដ្ឋសភារវាងគណបក្សទាំងពីរ មានរបៀបធ្វើការច្បាស់លាស់ ដើម្បីធានាប្រសិទ្ធភាពនៃក្រុមមតិភាគតិច។ រួចហើយគួរដាក់ក្នុងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា។
«ប្រទេសយើង យើងជ្រើសរើសយកប្រព័ន្ធសភានិយមហើយ តែគ្រាន់តែថា របៀបយើងអនុវត្តជាក់ស្តែងគឺសភាហ្នឹងគាត់ទន់ខ្សោយមែនទែន។ វាមិនដូចជាប្រព័ន្ធសភានិយមដែលប្រទេសគេមានលក្ខណៈប្រជាធិបតេយ្យរឹងមាំបានអនុវត្ត ដូចជាចក្រភពអង់គ្លេស ប្រទេសអូស្ត្រាលី ប្រទេសផ្សេងៗទៀតទេ។ រឿងនេះយើងនៅទន់ខ្សោយខ្លាំងណាស់។ ប្រព័ន្ធសភានិយមរបស់យើងនេះ ជាពិសេសសភាតែម្តង យើងមិនអាចមានតួនាទីរឹងមាំក្នុងការទៅត្រួតពិនិត្យកិច្ចការរដ្ឋាភិបាល ព្រោះថា នៅក្នុងរដ្ឋសភាគ្មានប្រព័ន្ធត្រួតពិនិត្យរឹងមាំ ជាពិសេសតួនាទីគណបក្សប្រឆាំងក្នុងរដ្ឋសភាហ្នឹង»។
លោកគល់ បញ្ញាបញ្ជាក់ដែរថា តាមច្បាប់រដ្ឋធម្មនុញ្ញរដ្ឋាភិបាលត្រូវមកបំភ្លឺក្នុងសភា១សប្តាហ៍ម្តង តែសភានិងរាជរដ្ឋាភិបាលកម្ពុជាមិនបានធ្វើទេ។ លោកថា មានការអនុវត្តខ្លះដែរ តែធ្វើក្នុងរបៀបបិទទ្វារ មិនមែនជាការដេញដោលដោយបើកចំហឡើយ។
ការខកខាននេះត្រូវក្រុមអ្នករិះគន់ខ្លះបាននិយាយថា ដោយសារសភានេះជាសភាគណបក្ស ហើយសមាជិកខ្លាចមេដឹកនាំគណបក្សដកតំណែងរបស់ខ្លួន ឬត្រូវប្រឈមមុខនឹងផលវិបាកផ្សេងៗ។
សមាជិកសភានៃគណបក្សទាំងពីរខកខានមិនបានលើកយកបញ្ហាកើតឡើងនៅតាមមណ្ឌលជាច្រើនយកមកពិភាក្សាគ្នាក្នុងសភាទេគឺមានតែគណបក្សជំទាស់លើកឡើងតែម្ខាង ហើយច្បាប់មួយចំនួនក៏មិនមានការជជែកគ្នារវាងគណបក្សទាំងពីរ ឬក៏នាំយកទៅមណ្ឌលឬយកទៅជជែកជាសាធារណៈដើម្បីពិភាក្សាដែរ។ លោកគល់ បញ្ញាបានបន្ថែមថា៖
«ឧទាហរណ៍ ដូចច្បាប់ថវិកាជាតិអញ្ចឹង ដាក់ព្រឹបមកតែប៉ុន្មានថ្ងៃទៅ សូម្បីតែសមាជិកសភា ហ្នឹងក៏មិនដែលមានឯកសារលម្អិតស្តីពីថវិកាជាតិហ្នឹងដែរ។ អញ្ចឹងទៅគណបក្សកាន់អំណាចហ្នឹង ដោយសារថា គាត់អាងថា គាត់មានមតិភាគច្រើនដាច់ខាតក្នុងរដ្ឋសភា អញ្ចឹងគាត់រុញច្បាប់ហ្នឹងដាក់ទៅ។ ហើយអញ្ចឹងទៅ គាត់អនុម័តតែគ្នាគាត់អញ្ចឹងទៅ ដោយអត់មាន ការចូលរួមពិភាក្សាពេញលេញ។ ហើយសមាជិកសភាមួយចំនួនអត់មានទទួលសេចក្តីព្រាងឯកសារថវិកាជាតិហ្នឹងមានលក្ខណៈលម្អិតទេ ឯកសារជាលម្អិតហ្នឹងអត់បានទេ។ នេះជា បញ្ហា។ គាត់អនុម័ត គាត់អនុម័តតែខ្លួនឯងអញ្ចឹងទៅ តែគណបក្សតែមួយអញ្ចឹងទៅលើថវិកា ជាតិ ហើយគណបក្សផ្សេងឬគណបក្សប្រឆាំងគេអត់ព្រមទៅ»។
អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជាដដែលគឺលោកគល់ បញ្ញាបន្ថែមថា ការប្រើពាក្យក៏គួរឲ្យមានលក្ខណៈស៊ីសង្វាក់គ្នាដែរ។ លោកបញ្ញាបន្ថែមថា ការប្រើពាក្យម្តងថា«ក្រុមភាគតិច» ហើយម្តងប្រើពាក្យថា«គណបក្សមានអាសនៈនៅក្នុងរដ្ឋសភា តែមិនដឹកនាំរដ្ឋាភិបាល»ឬពេលខ្លះហៅថា គណបក្សប្រឆាំងនោះជារឿងគួរមានការប្រើប្រាស់តាមការចែងក្នុងរដ្ឋធម្មនុញ្ញវិញ។
លោកបណ្ឌិតពុទ្ធា ហង្ស នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតឯករាជ្យមួយទៀត NICFEC បានកត់សម្គាល់ថា ទោះជាមានការចែងក្នុងរដ្ឋធម្មនុញ្ញក្តី តែសំឡេងភាគតិចកន្លងមកគ្មានឱកាសក្នុងការបញ្ចេញសំឡេងបានច្រើនទេ។ លោកថា ការបង្កើតមេដឹកនាំក្រុមភាគតិចនេះទំនងជាអាចផ្តល់ឱកាសដល់គណបក្សជំទាស់ ឬគណបក្សសំឡេងភាគតិច អាចបញ្ចេញសំឡេងបានច្រើនជាងមុន។
«ពីព្រោះសង្គមប្រជាធិបតេយ្យមិនមែនមានន័យថា គោរពភាគច្រើនបដិសេធភាគតិចទេ។ ប្រជាធិបតេយ្យមានន័យថា គោរពសំឡេងភាគច្រើននិងយកចិត្តទុកដាក់ចំពោះមតិភាគតិច។ អញ្ចឹងប្រហែលជាដំណើរការកន្លងមក ក្រុមភាគតិចមិនបានបញ្ចេញសំឡេងគ្រប់គ្រាន់ដើម្បីបង្កតុល្យភាពជាមួយភាគច្រើនទេ។ អញ្ចឹងហើយបានជាការបង្កើតបន្ថែមនូវប្រធានក្រុមភាគតិចនេះ វាជាទម្ងន់មួយទៀតសម្រាប់ធ្វើតុល្យភាពរវាងគណបក្សភាគច្រើនហើយនឹងគណបក្សភាគតិចនេះឯង»។
លោកបានអះអាងដែរថា យន្តការថ្មីនេះក៏អាចឲ្យគណបក្សជំទាស់ថ្មីផ្សេងៗទៀត ក្រៅពីគណបក្សជំទាស់បច្ចុប្បន្ន នៅអាណត្តិខាងមុខទៀតអាចបញ្ចេញសំឡេងបានតាមរយៈសំឡេងមេដឹកនាំក្រុមភាគតិចដែរ ដោយរួចផុតពីការកម្រិតរបស់បទបញ្ជាផ្ទៃក្នុង។
«នេះជាលើកដំបូងហើយ មិនធ្លាប់មានទេនៅកម្ពុជា ប្រព័ន្ធធ្វើការសភាបែបហ្នឹង។ អញ្ចឹងយើងក៏ពុំទាន់វាយតម្លៃថា វាមានផលវិជ្ជមាននិងអវិជ្ជមានយ៉ាងណាទេ។ តែយ៉ាងហោចណាស់ យើងទុកឲ្យអ្នកនយោបាយ យើងទុកឲ្យអ្នកតំណាងរាស្ត្រធ្វើការជាមួយគ្នាតាមបែបនេះសិន»។
លោកពុទ្ធា ហង្សបានអះអាងថា អ្នកនយោបាយនៅតែជាអ្នកកែទម្រង់ដដែលទេ ប្រសិនបើមិនអាចធ្វើបានដោយជោគជ័យតាមរយៈប្រព័ន្ធនេះ។
លោកឈាង វ៉ុន អ្នកនាំពាក្យសភានិងជាអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ការបង្កើតសំឡេងក្រុមមេដឹកនាំភាគតិចនេះគឺជាការដែលចង់បានការផ្លាស់ប្តូរពីវប្បធម៌ប្រឈមគ្នាទៅជាវប្បធម៌សន្ទនាគ្នា។
«អញ្ចឹងដើម្បីឲ្យមានការសន្ទនាគ្នាទាល់តែមានគូភាគីដែលអាចសន្ទនាគ្នាកើត។ អញ្ចឹងហើយ នៅខាងគណបក្សដែលមានសំឡេងភាគច្រើនហ្នឹង គាត់ដឹកនាំរដ្ឋាភិបាល មាននាយករដ្ឋមន្ត្រី មានឧបនាយករដ្ឋមន្ត្រីអញ្ចឹង។ ដល់ខាងគណបក្សសំឡេងភាគតិចត្រូវបង្កើតយន្តការឲ្យគាត់ដើម្បីឲ្យគាត់មកអង្គុយជជែកជាមួយនឹងថ្នាក់ដឹកនាំរបស់គណបក្សដែលគ្រប់គ្រងរដ្ឋាភិ បាល។ ខ្ញុំចង់និយាយពីគណបក្សសំឡេងភាគតិចដែលមិនចូលរដ្ឋាភិបាលហើយមានសំឡេងយ៉ាងតិចបំផុត៥ភាគរយឡើងទៅគេឲ្យបង្កើតក្រុមហ្នឹង»។
លោកបានបន្ថែមថា បទបញ្ជាផ្ទៃក្នុងមាត្រាទី៤៨ នឹងត្រូវកែប្រែដើម្បីបង្កើតយន្តការនេះ ហើយគណបក្សមានសំឡេងភាគច្រើនអាចមានការពិភាក្សាដើម្បីជ្រើសរើសមេដឹកនាំសំឡេងភាគច្រើនដែរ។
ក្នុងបទសម្ភាសន៍ជាមួយវីអូអេផ្នែកខេមរភាសាប៉ុន្មានថ្ងៃកន្លងទៅនេះ លោកសម រង្ស៉ី មេដឹកនាំក្រុមជំទាស់មកពីគណបក្សសង្គ្រោះជាតិ បានថ្លែងថា ការរៀបចំឲ្យមានមេដឹកនាំក្រុមសំឡេងក្រុមភាគតិចនិងក្រុមភាគច្រើននេះគឺដើម្បីជំរុញឲ្យដំណើរការប្រជាធិបតេយ្យដើរទៅមុខនិងជាមរតកនយោបាយសម្រាប់អាណតិ្តបោះឆ្នោតខាងមុខទៀតដែលស្ថាប័ននេះអាចនៅឋិតថេរគង់វង្ស ទោះជាគណបក្សនយោបាយអាចប្រែប្រួលទៅតាមលទ្ធផលបោះឆ្នោតក្តី។
«ប៉ុន្តែការរៀបចំនៅរដ្ឋសភាឲ្យមានក្រុមទាំងពីរភាគច្រើននិងភាគតិច និយាយតទល់គ្នា មិនចាំបាច់និយាយប្រឆាំងគ្នាជានិច្ចកាលទេ។ ជួនកាលមានបញ្ហាប្រទេសជាតិខ្លះដែលត្រូវដោះស្រាយរួមជាមួយគ្នា។ នេះក៏ជាវិភាគទានមួយ ហើយប្រទេសយើងទៅថ្ងៃក្រោយមានប្រជាធិបតេយ្យរឹងមាំ ហើយឲ្យមានវប្បធម៌សន្ទនាដូចនៅស.រ.អា.អញ្ចឹង។ សហរដ្ឋអាមេរិកក៏មានសំឡេងភាគតិច (Minority Leader) ក៏មានសំឡេងភាគច្រើន (Majority Leader) ដែរ។ គេមានប្រធានក្រុមភាគច្រើន ក្រុមភាគតិច។ ទោះជាគេខ្វែងគំនិតគ្នា ក៏គេនិយាយគ្នា។ គេមិនមានទម្លាប់កាប់សម្លាប់គ្នា តាមតែកំចាត់គ្នាដូចនៅប្រទេសកម្ពុជាទេ។ អញ្ចឹងយើងចង់រៀបចំឲ្យមានវប្បធម៌សន្ទនានេះគឺទម្លាប់ថ្មី គឺយើងបោះបង់ចោលវប្បធម៌ចាស់ ទម្លាប់ចាស់ ចេះតែចាំតែកំចាត់គ្នា»។
លោកគល់ បញ្ញាបានថ្លែងថា គណបក្សនយោបាយកម្ពុជាគួរជ្រើសរើសប្រព័ន្ធណាមួយ ដូចជានៅក្នុងប្រទេសអង់គ្លេសឬអូស្ត្រាលីនិងប្រទេសផ្សេងទៀត ឲ្យបានច្បាស់ ប្រសិនបើប្រព័ន្ធស.រ.អា.មិនអាចត្រូវនឹងលក្ខណៈ ឬស្ថានភាពនយោបាយប្រទេសកម្ពុជា ដែលកាន់តាមរបបសភានិយម។
លោកគុជ ច័ន្ទលី អ្នកវិភាគ្យឯករាជ្យម្នាក់ក្នុងរដ្ឋម៉ារីឡែន (Maryland)បានថ្លែងថា ក្នុងស.រ.អា.ដែលកាន់របបប្រធានាធិបតីនិយមមែន តែសភាគេមានអំណាចខ្លាំងណាស់ ហើយមេដឹកនាំសំឡេងភាគតិចក្នុងសភា មានអំណាចអាចកោះហៅប្រធានាធិបតី មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមកសាកសួរលើបញ្ហាជាតិជាច្រើនបាន។
«ពីព្រោះមេដឹកនាំខាងគណបក្សសំឡេងភាគតិចមានតំណាងរបស់ខ្លួនជាសមាជិកសភាជាច្រើន និងតំណាងឲ្យប្រជាពលរដ្ឋទៀត។ តំណាងប្រជាពលរដ្ឋហ្នឹងមានសិទ្ធិ ទោះបីសំឡេងភាគតិចក្តី តែរដ្ឋធម្មនុញ្ញបានចែងមកហើយថា សំឡេងភាគតិចហ្នឹងមានសិទ្ធិពេញលេញក្នុងការកោះហៅ ប្រធានាធិបតីក្តី ឬក៏មន្ត្រីណាមួយ លេខាធិការណាមួយដែលធ្វើការបម្រើ ក្រសួងសាធារណៈហ្នឹង មកសាកសួរ មកឲ្យបំភ្លឺ មកឲ្យពន្យល់បានគ្រប់ពេលវេលា»។
គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលកាន់កាប់អំណាចជិតបីទស្សវត្សរ៍នេះ ទទួលបានសំឡេង៦៨អាសនៈក្នុងរដ្ឋសភា ហើយគណបក្សសង្គ្រោះជាតិរបស់លោក សម រង្ស៉ីនិងលោកកឹម សុខាទទួលបានសំឡេង៥៥អាសនៈក្នុងរដ្ឋសភាសរុប១២៣អាសនៈ ក្រោយលទ្ធផលដ៏ចម្រូងចម្រាសនៃការបោះឆ្នោតជាសាកលកាលពីខែក្កដាឆ្នាំ២០១៣កន្លងមក។ គណបក្សជំទាស់កន្លងមកត្រូវគេកត់សម្គាល់ឃើញថា មានឱកាសតិចតួចក្នុងការបញ្ចេញមតិក្នុងវេទិកាសភាដើម្បីការពារពលរដ្ឋដែលមានបញ្ហាដីធ្លី បញ្ហារំលោភសិទ្ធិមនុស្សនិងការអនុម័ត ឬកែប្រែសេចក្តីព្រាងច្បាប់នានា ហើយនឹងការកោះហៅនាយករដ្ឋមន្ត្រីនិងមន្ត្រីរាជរដ្ឋាភិបាលមកឆ្លើយបំភ្លឺជាដើមនោះ៕