មេដឹកនាំគណបក្សសង្គ្រោះជាតិ គឺលោកសម រង្ស៊ី បានស្នើដល់លោកឧបនាយករដ្ឋមន្ត្រី ស ខេង ខាងគណបក្សប្រជាជនកម្ពុជាឲ្យបន្ធូរបន្ថយភាពតានតឹងនយោបាយនិងបញ្ចប់និតិវិធីតាមផ្លូវតុលាការ ដើម្បីបើកផ្លូវឲ្យមានការដោះលែងសកម្មជនគណបក្ស សកម្មជនដីធ្លីនៅតំបន់បឹងកក់និងព្រះសង្ឃដែលកំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារព្រៃស។
នៅក្រោយជំនួបមួយរវាងលោក សម រង្ស៊ី និង លោក ស ខេង នៅឯមន្ទីររដ្ឋសភាកាលពីថ្ងៃព្រហស្បតិ៏ លោក សម រង្ស៊ី បានបញ្ជាក់ប្រាប់អ្នកកាសែតថា ជំនួបនេះបាននិយាយយ៉ាងច្រើនអំពីរឿងបរិយាកាសនៃការចាប់ខ្លួនសកម្មជនគណបក្ស និងសកម្មជនដីធ្លីដែលកំពុងជាប់ឃុំឃាំង។ លោកបានបញ្ជាក់ថាយើងចង់ឲ្យមានការបន្ធូរបន្ថយភាពតានតឹងនិងការដោះលែងពួកគេឲ្យមានសេរីភាពឡើងវិញ។
លោកនិយាយថា៖ «គឺយើងបានលើកករណីលោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្គ្រោះជាតិមួយចំនួនទៀតដែលត្រូវគេចាប់យកទៅឃុំឃាំង។ លើកករណីព្រះសង្ឃ លើកករណីនៃសមាជិកសហគមន៍បឹងកក់ រឿងដីធ្លី។ អញ្ចឹងយើងចង់ឲ្យមានការបន្ធូរបន្ថយភាពតានតឹង យើងចង់ឃើញការដោះលែងទាំងអស់ បញ្ចប់និតិវិធីតុលាការទាំងអស់ចំពោះប្រជាពលរដ្ឋដែលកំពុងប្រឈមមុខជាមួយនិងតុលាការ»។
យ៉ាងតិចមានសកម្មជនគណបក្ស ព្រះសង្ឃ និងសកម្មជនដីធ្លីនៅតំបន់បឹងកក់ ចំនួន១៩នាក់ដែលត្រូវបានអាជ្ញាធររដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដាក់មន្ទីរឃុំឃាំងក្នុងបទចោទប្រកាន់ផ្សេងៗគ្នា។
លោក មាជ សុវណ្ណារ៉ា ដែលមានបេក្ខភាពជាតំណារាស្ត្រលំដាប់ទី៣នៃគណបក្សសង្គ្រោះជាតិប្រចាំខេត្តបន្ទាយមានជ័យ ត្រូវបានចោទប្រកាន់ពីបទ «ដឹកនាំកុប្បកម្ម ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ និងផ្តើមគំនិតក្នុងអំពើហិង្សាដោយចេតនា ដោយមានស្ថានទម្ងន់ទោស» ដែលបានប្រព្រឹត្តនៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ខែកក្កដា។
ចំណែកសកម្មជនបឹងកក់ដែលរូមមានលោក ស្រី ទេព វន្នី ម្ខាស់ពានរង្វាន់ Vital Voices របស់លោកស្រីអតិតរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ហ៊ីលឡារី គ្លីនតុន (Hillary Clinton) ជាមួយនិងសកម្មជនបឹងកក់ចំនួន១០នាក់ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារ ក្នុងម្នាក់ៗចំនួនមួយឆ្នាំតាមច្បាប់ចរាចរណ៍ផ្លូវគោក។ បន្ទាប់ពីតុលាការបានរកឃើញថាពួកគេបានបិទផ្លូវសារធារណៈបង្កឲ្យរាំងស្ទះដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ចំណែកឯព្រះសង្ឃប្រមាណ ៣អង្គ ត្រូវបានតុលាការចាប់ដាក់ពន្ធនាគារក្រោមបទចោទប្រកាន់ «ប្រឆាំងអ្នករាជការសារធារណៈ និងចូលរួមសមាគមនៃជនទុច្ចរិត»។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមិនបានធ្វើអត្ថាធិប្បាយឲ្យបានពិស្តាទេ ដោយលោកគ្រាន់តែបានបញ្ជាក់យ៉ាងខ្លីថា រឿងនេះជាការសំរេចរបស់តុលាការ។ លោកនិយាយថា៖ «តុលាការជាសិទ្ធិ របស់តុលាការ»។
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានបញ្ជាក់ថា ទាំងសកម្មជនគណបក្ស សកម្មជនដីធ្លី ព្រមទាំងព្រះសង្ឃមិនសមនិងត្រូវបានចាប់ដាក់ពន្ធនាគារទេ គឺត្រូវតែមានការដោះលែង។
ការចាប់ខ្លួនសកម្មជនគណបក្ស សកម្មជនដីធ្លី ព្រមទាំងព្រះសង្ឃដោយអាជ្ញាធររដ្ឋាភិបាលបានធ្វើឡើង ក្រោយពីគណបក្សសង្គ្រោះជាតិបានស្បថចូលកាន់មុខតំណែងជាសមាជិកសភាតំណាង
រាស្ត្រដើម្បីបំពេញភាពស្របច្បាប់របស់រដ្ឋាភិបាលអាណត្តិទី៥នេះ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យធ្លាប់មានប្រសាសន៍ប្រាប់វីអូអេថា គណបក្សសង្គ្រោះជាតិលែងមានអ្វីជាថ្នូរជាមួយគណបក្សប្រជាជនដើម្បីដោះលែងសកម្មជនទាំងនោះទៀតហើយ ទើបបានជាតុលាការមិនដោះលែងពួកគេឲ្យមានសេរីភាពឡើងវិញទេ៕