ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​សារព័ត៌មាន​ថា​ការ​ពន្យារ​ពេល​នៃ​ការ​បន្ត​​ទិដ្ឋាការ​ ឬ​វីសា​ប្រភេទ ​J-1 ​អាច​រាំងស្ទះ​ដល់​ការងារ​យក​ព័ត៌មាន​របស់​វីអូអេ


អ្នកស្រី Warangkana Chomchuen ថតរូប​នៅ​ការិយាល័យ​VOA ភាសាថៃ ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន។ (Pinitkarn Tulachom/VOA Thai)
អ្នកស្រី Warangkana Chomchuen ថតរូប​នៅ​ការិយាល័យ​VOA ភាសាថៃ ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន។ (Pinitkarn Tulachom/VOA Thai)

​អ្នក​សារព័ត៌មាន​ផ្នែក​ភាសា​ថៃ​របស់​វីអូអេ លោកស្រី​ Warangkana Chomchuen​ ដែល​គេ​ហៅ​គាត់​ថា ​Waan បាន​ឲ្យ​ដឹង​ថា​៖ «ខ្ញុំ​ចាប់​ផ្តើម​សម្លឹង​ជុំវិញ​ផ្ទះ​ហើយ​គិត​ថា​ តើ​វា​ប្រើ​ពេល​យូរ​ប៉ុណ្ណា​ក្នុង​ការ​លក់​សាឡុង​របស់​ខ្ញុំ​តាម​គេហទំព័រ​លក់​ផលិត​ផល ​craigslist នោះ? តើ​វា​ប្រើ​ពេល​ប៉ុណ្ណា​ក្នុង​ការ​លក់​ឧបករណ៍​ភ្លេង​ព្យាណូ​របស់​ប្រពន្ធ​ខ្ញុំ​នោះ​។ ខ្ញុំ​គិត​ច្រើន​ជា​រៀង​រាល់​ថ្ងៃ»។

ជា​មួយ​នឹង​ការ​ប្រើ​ប្រាស់វីសា​ប្រភេទ J-1 ដែល​ស្ថិត​ក្នុង​ស្ថានភាព​មិន​ទាន់​ច្បាស់​លាស់​នៅ​ឡើយ លោក​ស្រី​ Chomchuen ដែល​ជា​អ្នក​សារព័ត៌មានមាន​បទ​ពិសោធន៍​ដែល​ធ្លាប់​ធ្វើ​ការ​ឲ្យ​សារព័ត៌មាន​ NBC News ​និងThe Wall Street Journal​ មាន​រយៈពេល​មួយ​ខែ​ដើម្បី​ចាក​ចេញ​ពី​ទឹក​ដី​អាមេរិក​និង​ការ​ងារ​របស់​គាត់​ និង​ចាក​ឆ្ងាយ​ពី​ប្រពន្ធ​ជន​ជាតិ​កាណាដា​ ដោយ​មិន​ដឹង​ថា​តើ​ពេល​ណា​ពួក​គេនឹង​អាចជួប​គ្នា​សារ​ជា​ថ្មី​ទៀត​នោះ​ទេ​។​

លោក​ស្រី ​Chomchuen ស្ថិត​ក្នុង​ចំណោម​អ្នក​សារព័ត៌មាន​វីអូអេមួយ​ចំនួន​ ដែល​ត្រូវ​បន្ត​ទិដ្ឋាការ ​ឬ​វីសា​របស់​ពួក​គេ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ដែល​មាន​ជំនាញ​ពិសេស​ធ្វើ​ការ​ក្នុង​ស្ថាប័នវីអូអេ​នោះ​ អាច​ត្រូវ​បណ្តេញ​ចេញ​ ដោយ​សារ​ការ​សម្រេច​ចិត្ត​របស់​ភ្នាក់​ងារ​អាមេរិក​សម្រាប់ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សាកល​ដែល​ហៅ​កាត់ថា​ USAGM កំពុង​ត្រួត​ពិនិត្យ​ករណី​នីមួយៗ​នៃ​ប្រភេទ​វីសា J-1​ ទាំង​នោះ។ ​

លោក​ស្រី​និយាយ​ថា៖ «វា​មិន​មែន​ដូច​ជា​រឿង​ដែល​យើង​ជួល​ឡាន​ U-Haul ដឹក​សម្ភារៈ​ទៅ​រដ្ឋ New Jerseyនោះ​ទេ​ មែន​ទេ? យើង​ត្រូវ​ចាក​ចេញ​ពី​ប្រទេស​អាមេរិក។ យើង​ត្រូវ​រៀប​ចំ​ឥវ៉ាន់​ដែលយើង​បាន​ប្រមែប្រមូល​អស់​មួយ​ឆ្នាំ។ លោក​ស្រី​បន្ត​ទៀត​ថា​ ភាព​មិន​ប្រាកដ​ប្រជា​ថា​តើ​វីសា​របស់​លោកស្រី​នឹង​ត្​រូវបាន​គេ​យល់​ព្រម​បន្ត​ឲ្យ​ទៀត​ឬ​យ៉ាង​ណា​ មុន​ដែល​រយៈ​ពេលកំណត់៣០​ថ្ងៃបាន​បញ្ចប់​ ដើម្បី​ចាក​ចេញ​ពី​អាមេរិក​ ដែល​នេះ​ជា​រឿងធ្វើ​ឲ្យលោក​ស្រី «គិត​ច្រើន​ខ្លាំង»។

​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សាកល ឬ​ហៅកាត់ថា​ USAGM ដែល​គ្រប់​គ្រងស្ថាប័ន​ព័ត៌មាន​វីអូអេ​ និង​ស្ថាប័ន​ព័ត៌មាន ​៤ ផ្សេង​ទៀត​របស់​អាមេរិក​នោះ​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​មុនថា ខ្លួន​កំពុងធ្វើ​ការ​វាយ​តម្លៃ​ទៅ​តាម​ករណី​និមួយៗដល់​ការ​ដាក់​ពាក្យ​ស្នើ​សុំ​បន្ត​វីសា​ប្រភេទ ​J-1នេះ​។ វីអូអេ​មានមាន​បុគ្គលិក​ជាប់​កិច្ច​សន្យា​ចំនួន​៦២នាក់ និង​បុគ្គលិក​ពេញ​សិទ្ធិ​ចំនួន​១៤នាក់​ ដែល​កំពុង​ធ្វើ​ការ​នៅ​អាមេរិក​ ដោយប្រើប្រាស់​វីសា​ប្រភេទ J-1 ​នេះ​។

លោក Michael Pack នាយកប្រតិបត្តិ​ទីភ្នាក់​ងារ​អាមេរិក​សម្រាប់ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សាកល​ដែល​ហៅ​កាត់ថា​ USAGM។
លោក Michael Pack នាយកប្រតិបត្តិ​ទីភ្នាក់​ងារ​អាមេរិក​សម្រាប់ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សាកល​ដែល​ហៅ​កាត់ថា​ USAGM។

ដំណើរ​ការ​ត្រួត​ពិនិត្យ​វីសា​របស់ USAGM​ ជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​ផ្លាស់​ប្តូរ​បន្ទាប់​ពី​លោក Michael Pack​ ​បាន​ចូល​កាន់​តំណែង​ជា​ប្រធាន​ប្រតិបត្តិ​របស់​ស្ថាប័ន​នេះ​។ ក្នុង​សប្តាហ៍​ទី​១នៃ​ការ​ងារ​របស់​លោក ​Pack នាយក​វីអូអេ​បាន​លាលែង​ចេញ​ពីតួនាទីរបស់​ខ្លួន ហើយ​លោក​បាន​បណ្តេញ​នាយក​នៃ​ស្ថាប័ន​ព័ត៌មាន​ផ្សព្វ​ផ្សាយ​ផ្សេងៗ​ទៀត​ផង​ដែរ​ ដែល​ក្នុង​នោះ​រួម​មាន​នាយក​នៃ​មូលនិធិ​បច្ចេកវិទ្យា​សេរី Open Technology Fund​ ដោយ​តែង​តាំង​នាយក​ស្តី​ទី​បណ្តោះ​អាសន្ន​ជំនួស​ និង​ផ្លាស់​ប្តូរ​មន្រ្តី​អភិបាល​ដែល​គ្រប់​គ្រង​ស្ថាប័ន​ទាំង​នោះ​ទៀត​ផង​។​

អ្នក​នាំ​ពាក្យ​របស់ USAGM ​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា​ ការ​ត្រួត​ពិនិត្យ​វីសា​គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​គ្រប់​គ្រង​របស់​ទី​ភ្នាក់​ងារ​មួយ​នេះ​ ក៏​ដូច​ជា​ការ​ការ​ពារ​សន្តិសុខ​ជាតិ​អាមេរិក​ និង​ការ​ធានាថា​ដំណើរ​ការនៃ​ការ​រើស​បុគ្គលិកមិន​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ខុស​ទិស​ដៅ​នោះ​ទេ។​

ប៉ុន្តែ​អ្នក​កាសែត​និង​ក្រុម​ការពារ​អ្នក​សារព័ត៌មាន​ដែល​រួម​មាន​អង្គការ PEN America និង​ក្លឹប​អ្នក​កាសែត​ជាតិ National Press Club ​បាន​លើក​ឡើង​ថា​ ការ​ពន្យារពេលនៃ​ការ​បន្ត​វីសា​ អាច​គំរាម​ដល់​អ្នក​សារព័ត៌មាន​របស់​វីអូអេ​ជាច្រើន​នាក់​ឲ្យ​ស្ថិត​ក្នុង​ហានិភ័យ​ឬ​ការ​ចាប់​ខ្លួន​ ប្រសិន​បើ​ពួក​គេ​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​ប្រទេស​អាមេរិក​ទៅ​កាន់​ប្រទេស​កំណើត​របស់​គេ​វិញ​ ដែល​នេះ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​មុខ​មាត់​របស់​ស្ថាប័ន​ផ្សព្វ​ផ្សាយ​អាមេរិក​មួយ​នេះ ​នៅ​ក្រៅ​ប្រទេស​ ហើយ​នឹង​ធ្វើ​ឲ្យ​មាន​ភាព​លំបាក​កាន់​តែ​ខ្លាំង​ក្នុង​ការ​យក​ព័ត៌មាន​នៅ​ក្នុង​តំបន់​ទាំង​នោះ​ ជាពិសេស​នៅ​ឆ្នាំ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក និងនៅ​ពេល​ដែល​មាន​ការ​ឆ្លង​រាត​ត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ​ផង​នោះ។

USAGMមិន​បាន​ឆ្លើយ​តប​ចំពោះ​សំណួរ​សុំ​បំភ្លឺ​ជុំវិញ​រឿង​នេះតាម​អ៊ីម៉ែល​ទេកាល​ពី​ថ្ងៃ​សៅរ៍។ ចំណែក​ស្ថាប័ន​វីអូអេ​វិញ​និយាយ​ថា​ រាល់​សំណួរ​ទាំង​អស់​ទាក់ទង​រឿង​វីសា​ប្រភេទ​J-1នេះ ​ត្រូវ​សួ​រ​ដោយ​ផ្ទាល់​ទៅ​កាន់​ទីភ្នាក់​ងារ USAGM ។​

អ្នក​សារព័ត៌មាន​ជាន់​ខ្ពស់​ម្នាក់​នៃ​វីអូអេ ដែលបានដឹង​ពី​ស្ថាន​ភាព​រឿង​នេះ​ បាន​ប្រាប់​ថាដំណើរ​ការ​នៃ​ការ​ត្រួត​ពិនិត្យ​មើល​នៃ​ប្រភេទ​វីសា​នេះ J-1 គឺ​ធ្វើ​ឡើង​ជា​ប្រចាំ​ទូ​ទៅ​ ហើយ​ថា​បើ​ការ​ស្នើ​សុំ​នោះ​ធ្វើ​ឡើង​ទាន់​ពេល​វេលា​ ជា​ទូទៅ​គឺ​គ្មាន​បញ្ហា​អ្វីនោះ​ទេ។​

មន្រ្តី​ផ្នែក​បុគ្គលិក​ជាន់​ខ្ពស់​ម្នាក់​បាន​ឲ្យ​ដឹង​ថា​ អ្នក​សារព័ត៌មាន​បរទេសរបស់​វីអូអេ​ ដើរ​តួនាទី​សំខាន់​និង​មាន​អាជីព​ពិសេស​ដែល​ពិបាក​រក ​ក្នុង​ចំណោម​អ្នក​រស់​នៅក្នុងសហរដ្ឋ​អាមេរិក។ ស្ថាប័ន​នេះមិន​ត្រឹម​តែ​ពឹង​ផ្អែក​ទៅ​លើក​ជំនាញ​ភាសា​អង់គ្លេស​និង​ភាសា​កំណើត​របស់​ពួក​គេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួក​គេ​ថែម​ទាំង​មាន​ទំនាក់​ទំនង​និង​ចំណេះ​ដឹង​យ៉ាងជ្រាលជ្រៅ​ពីស្ថាន​ភាព​នយោបាយ​ និងរបៀប​នៃ​ការ​ផ្សព្វ​ផ្សាយ​រឿង​ទាំង​នោះ​សម្រាប់​អ្នក​ស្តាប់​ក្នុង​ស្រុក​ទៀតផង​។

មន្រ្តី​ដដែល​នោះ​បាន​បន្ត​ថា​ ស្ថាប័ន​ផ្សព្វផ្សាយ​នីមួយ​ៗ​ បាន​ធ្វើ​ការ​សម្ភាសន៍​និង​ប្រើ​ប្រាស់ដំណើរ​ការ​ជ្រើស​រើស​ដោយ​ម៉ត់ចត់​ ដែល​រួម​មាន​ទាំង​ការ​ស៊ើបអង្កេតប្រវត្តិរូបរបស់​បេក្ខជន​ ហើយ​តែង​តែ​មាន​ភាព​ប្រាកដ​ប្រជា​ថា​ បេក្ខជន​បរទេសដែល​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចូល​ធ្វើ​ការផ្នែក​ភាសា​នីមួយៗ មាន​ជំនាញ​ច្បាស់​លាស់​ដែល​គេត្រូវ​ការ​ជា​ចាំបាច់។​

ថ្មីៗនេះ​ ការ​ចូល​មក​អាមេរិកដោយ​ប្រើ​ប្រាស់​វីសា​ប្រភេទ J-1 គឺ​ស្ថិត​ក្នុង​ចំណោម​ប្រភេទ​វីសា​ផ្សេង​ៗ​ទៀត​ ដែល​ត្រូវហាម​ប្រាម​ជា​បណ្តោះ​អាសន្ន​ដោយ​រដ្ឋបាល​លោកត្រាំ ដើម្បី​ឆ្លើយ​តប​ការ​រាត​ត្បាត​នៃ​វីរុស​កូរ៉ូណា​ ហើយរដ្ឋបាល​របស់​លោក​ត្រាំក៏ជឿផង​ដែរថា​ អ្នក​ប្រើ​ប្រាស់​វីសា​ប្រភេទ​នេះ​ បាន​មកយក​ការងារ​ធ្វើ​ពី​ពលរដ្ឋ​អាមេរិកាំង​។ ​វា​នៅ​មាន​ភាព​មិន​ទាន់​ច្បាស់​នៅ​ឡើយទេ​ថា ​តើ​ការ​ហាម​ប្រាម​នោះអាចប៉ះ​ពាល់​ដល់​ការ​បន្ត​វីសា​ប្រភេទ​ J-1 នេះដែរឬ​យ៉ាង​ណា​៕​

ប្រែសម្រួល​ដោយលោក​ ជ្រា វណ្ណារិទ្ធ

XS
SM
MD
LG