នាយកប្រតិបត្តិថ្មីនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសាកល USAGM ដែលជាទីភ្នាក់ងារមើលការខុសត្រូវលើសំឡេងសហរដ្ឋអាមេរិក VOA និងបណ្ដាញព័ត៌មានផ្សេងទៀត បានបញ្ឈប់តំណែងមេដឹកនាំបណ្ដាញផ្សព្វផ្សាយមជ្ឈិមបូព៌ា វិទ្យុអាស៊ីសេរី និងវិទ្យុអឺរ៉ុបសេរី/វិទ្យុសេរីភាព។
លោក Michael Pack ដែលជានាយកប្រតិបត្តិថ្មីរបស់ទីភ្នាក់ងារ USAGM នេះ បានចេញវិធានការដូចនេះ នៅក្នុងការជូនដំណឹងដែលបានចេញផ្សាយកាលពីយប់ថ្ងៃពុធ។
ទីភ្នាក់ងារព័ត៌មាន Associated Press បានរាយការណ៍ថា លោក Pack មិនបានផ្ដល់មូលហេតុជាក់លាក់សម្រាប់ការបញ្ឈប់មេដឹកនាំទីភ្នាក់ងារព័ត៌មានផ្សេងៗពីតំណែងនេះទេ គ្រាន់តែបញ្ជាក់ថា លោកធ្វើដូច្នេះគឺស្របទៅតាមសិទ្ធិអំណាចរបស់លោក ក្នុងនាមជានាយកប្រតិបត្តិថ្មីរបស់ទីភ្នាក់ងារ USAGM តែប៉ុណ្ណោះ។
មេដឹកនាំកំពូលពីររូបនៃវីអូអេ គឺអ្នកស្រី Amanda Bennett ប្រធានវីអូអេ និងអ្នកស្រី Sandy Sugawara អនុប្រធានវីអូអេ បានលាលែងពីតំណែងកាលពីថ្ងៃច័ន្ទ។
លោក Bob Menendez ដែលជាសមាជិកកំពូលខាងគណបក្សប្រជាធិបតេយ្យនៃគណៈកម្មាធិការទំនាក់ទំនងបរទេសនៃព្រឹទ្ធសភា បានរិះគន់ចំណាត់ការរបស់លោក Pack ដោយបាននិយាយថា គេអះអាងថា «លោក Pack កំពុងបំពេញបេសកកម្មនយោបាយមួយ ដើម្បីបំផ្លាញឯករាជ្យភាពរបស់ទីភ្នាក់ងារ USAGM និងធ្វើឲ្យអន្តរាយដល់តួនាទីជាប្រវត្តិសាស្ត្ររបស់ទីភ្នាក់ងារនេះ»។
លោក Menendez បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសមួយកាលពីយប់ថ្ងៃពុធថា៖ «ការបញ្ឈប់ពីតំណែងរបស់មេដឹកនាំនៃបណ្ដាញនានារបស់ទីភ្នាក់ងារ USAGM និងការរំសាយចោលនូវក្រុមប្រឹក្សានាយក ដើម្បីដំឡើងក្រុមមនុស្សដែលជាសម្ព័ន្ធមិត្តនយោបាយរបស់លោកប្រធានាធិបតី Trump គឺជាការរំលោភជាក់ស្ដែងលើប្រវត្តិ និងបេសកកម្មរបស់ទីភ្នាក់ងារ USAGM ដែលប្រហែលជានឹងមិនងាយស្ដារឡើងវិញបានទេ»។
លោក Menendez បន្ថែមថា៖ «ការវាយប្រហារលើកនេះ គឺជាការវាយប្រហារថ្មីចុងក្រោយ ប៉ុន្តែមិនមែនជាការវាយប្រហារចុងក្រោយនោះទេ នៅក្នុងកិច្ចប្រឹងប្រែងរបស់រដ្ឋបាលលោក Trump ដើម្បីបម្លែងស្ថាប័ននានារបស់សហរដ្ឋអាមេរិក ដែលចាក់ឬសចាក់គល់ក្នុងគោលការណ៍ប្រជាធិបតេយ្យ ឲ្យក្លាយទៅជាឧបករណ៍សម្រាប់គោលបំណងផ្ទាល់ខ្លួនរបស់លោកប្រធានាធិបតី Trump»។
នៅក្នុងសារអ៊ីម៉ែលលើកទីមួយរបស់លោកទៅកាន់បុគ្គលិកវីអូអេ កាលពីថ្ងៃពុធ លោក Pack បានសរសេរថា លោក «តាំងចិត្តយ៉ាងពេញទំហឹងដើម្បីគោរពតាមធម្មនុញ្ញរបស់វីអូអេ និង ឯករាជ្យភាពរបស់អ្នកយកព័ត៌មានដ៏ក្លាហានរបស់យើងនៅជុំវិញពិភពលោក»៕