សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកមួយក្រុមរបស់គណបក្សទាំងពីរនិយាយថា ពួកគេ មានគម្រោងពិនិត្យមើលឡើងវិញនូវថវិកាសម្រាប់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីប្រព័ន្ធផ្សព្វផ្សាយសាកលដែលត្រួតត្រាសំឡេងសហរដ្ឋអាមេរិក (VOA) និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតរបស់រដ្ឋាភិបាល បន្ទាប់ពីអគ្គនាយកថ្មីរបស់ទីភ្នាក់ងារនោះ បានបណ្តេញប្រធានអង្គភាពផ្សព្វផ្សាយមួយចំនួន។
ពួកសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកបានប្រាប់លោក Michael Pack ប្រធានទីភ្នាក់ងារផ្សព្វផ្សាយសាកលរបស់សហរដ្ឋអាមេរិកពីការពិនិត្យមើលឡើងវិញនៅក្នុងលិខិតមួយច្បាប់កាលពីថ្ងៃពុធ។
សមាជិកព្រឹទ្ធសភាទាំងនោះបាននិយាយថា ពួកអស់លោក «មានការព្រួយកង្វល់យ៉ាងខ្លាំងអំពីការសម្រេចរបស់លោក Pack ដើម្បីបណ្តេញប្រធានវិទ្យុអាស៊ីសេរី វិទ្យុអឺរ៉ុបសេរី និងបណ្តាញផ្សព្វផ្សាយមជ្ឈឹមបូព៌ានិងមូលនិធិ Open Technology Fund»។
សមាជិកព្រឹទ្ធសភាទាំងនោះបានសរសេថា «ចំណាត់ការទាំងអស់នេះដែលបានកើតមានឡើងដោយមិនមានការពិគ្រោះយោបល់ជាមួយសភា បានធ្វើឲ្យមានការចោទជាសំណួរអំពីអនាគតរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីប្រព័ន្ធផ្សព្វផ្សាយសាកល (USAGM) នៅក្រោមការដឹកនាំរបស់លោក»។
ពួកសមាជិកព្រឹទ្ធសភាទាំងនោះបានហៅការបណ្តេញប្រធាន «ដែលជាបុគ្គលិកជំនាញថា គ្មានហេតុផលត្រឹមត្រូវ»។
សមាជិកព្រឹទ្ធសភាដែលបានចុះហត្ថលេខាលើលិខិតនោះរួមមានសមាជិកព្រឹទ្ធសភា Patrick Leahy និង Chris Van Hollen ខាងគណបក្សប្រជាធិបតេយ្យនិងលោក Lindsay Graham និងលោក Marco Rubio សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋ។ លោក Jamie Fly អតីតអ្នកជំនួយការរបស់លោកសមាជិកព្រឹទ្ធសភា Rubio ជាប្រធានវិទ្យុអឺរ៉ុបសេរីនិងនាយកប្រតិបត្តិម្នាក់ទៀតបានត្រូវលោក Pack បណ្តេញចេញពីដំណែង៕