សមាជិកសភាសហរដ្ឋអាមេរិកដ៏សំខាន់ម្នាក់បានអំពាវនាវឲ្យលោក Michael Pack ប្រធានប្រតិបត្តិថ្មីនៃទីភ្នាក់ងារបណ្តាញព័ត៌មានសាកលរបស់សហរដ្ឋអាមេរិកដែលមើលការខុសត្រូវសំឡេងសហរដ្ឋអាមេរិក VOA និងអង្គភាពបណ្តាញព័ត៌មានអន្តរជាតិផ្សេងទៀតដែលផ្តល់ថវិកាដោយរដ្ឋាភិបាលផ្តល់សក្ខីកម្មនៅខែក្រោយអំពីថាតើហេតុអ្វីបានជាលោកបណ្តេញពួកមន្រ្តីកំពូលៗជាច្រើននាក់ហើយបានដាក់អ្នកទទួលបានការតែងតាំងខាងនយោបាយរបស់រដ្ឋបាលប្រធានាធិបតីត្រាំនៅរចនាសម្ព័ន្ធថ្នាក់ដឹកនាំរបស់ទីភ្នាក់ងារនេះ។
លោក Eliot Engel សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យមកពីរដ្ឋញូយ៉ក ដែលជាប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់សភាតំណាងរាស្រ្តមានគម្រោងធ្វើសវនាការនៅថ្ងៃទី៨ ខែកក្កដា ហើយទីភ្នាក់ងារបណ្តាញព័ត៌មានសាកលរបស់សហរដ្ឋអាមេរិក (USAGM) មិនបានប្រាប់ថាតើអគ្គនាយកប្រតិបត្តិថ្មី មានគម្រោងផ្តល់សក្ខីកម្មដែរឬទេ។
ក្នុងចំណាត់ការដាច់ដោយមួយឡែកពីគ្នា គណៈកម្មាធិការទំនាក់ទំនងការបរទេសរបស់ព្រឹទ្ធសភាបានប្រកាសថា សមាជិកព្រឹទ្ធសភា Bob Menendez ដែលជាមន្រ្តីខ្ពស់បំផុតខាងគណបក្សប្រជាធិបតេយ្យនៅក្នុងគណៈកម្មាធិការនោះ បានសុំឲ្យអគ្គអធិការកិច្ចស្តីទីរបស់ក្រសួងការបរទេសធ្វើការស៊ើបអង្កេតថាតើ ការបណ្តេញនេះរំលោភបទបញ្ជាសហព័ន្ធដែលការពារឯករាជ្យភាពរបស់អង្គការសារព័ត៌មានដែរឬទេ។
កាលពីសប្តាហ៍មុន លោក Pack បានបណ្តេញពួកមេដឹកនាំវិទ្យុអឺរ៉ុបសេរី វិទ្យុអាស៊ីសេរី បណ្តាញផ្សព្វផ្សាយមជ្ឈិមបូព៌ា និងមូលនិធិ Open Technology Fund ដោយមិនមានការពន្យល់។ កាលពីប៉ុន្មានថ្ងៃមុននោះ លោកស្រី Amanda Bennett នាយកសំឡេងសហរដ្ឋអាមេរិក VOA និងលោកស្រី Sugawara អនុប្រធានាប្រធានរបស់លោកស្រី បានលាឈប់ពីដំណែង ដោយនិយាយថា លោក Pack មានសិទ្ធិជ្រើសរើសមេដឹកនាំរបស់ VOA ដោយខ្លួនលោកផ្ទាល់។
ការបណ្តេញនេះនាំឲ្យពួកអ្នករិះគន់ចោទប្រកាន់អគ្គនាយកនីតិប្រតិបត្តិថ្មីកម្ចាត់ពួកមន្រ្តីដែលត្រូវបានគេមើលឃើញថា មិនស្មោះត្រង់នឹងប្រធានាធិបតីត្រាំហើយបានធ្វើឲ្យមានការព្រួយកង្វល់យ៉ាងខ្លាំងអំពីកេរ្តិ៍ឈ្មោះរបស់ទីភ្នាក់ងារនេះជាអង្គការព័ត៌មានដែលអាចទុកចិត្តបានក្នុងចំណោមពួកអ្នកស្តាប់នៅបរទេស៕