មិនមែនត្រឹមតែជាផែនការជំនួយថ្នាក់ជាតិប៉ុណ្ណោះទេ កញ្ចប់ថវិកាជំនួយសម្រាប់វិបត្តិកូវីដ១៩ ដែលមានទឹកប្រាក់ចំនួន ១,៩ លានលានដុល្លាររបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden គឺជាការធ្វើតេស្តនយោបាយលើកដំបូងបង្អស់ក្នុងរដ្ឋបាលថ្មីរបស់លោក ក៏ដូចជាធ្វើតេស្តលើការគ្រប់គ្រងរបស់គណបក្សប្រជាធិបតេយ្យលើសភាទាំងពីរថ្នាក់ និងតួនាទីរបស់សមាជិកគណបក្សសាធារណរដ្ឋក្រោយយុគសម័យរបស់លោក Trump អតីតប្រធានាធិបតីសហរដ្ឋអាមេរិកផងដែរ។
សម្រាប់លោក Bidenសមិទ្ធផលនេះនឹងធ្វើតេស្តទៅលើភាពខ្លាំងក្លានៃរដ្ឋបាលរបស់លោកប្រធានាធិបតីBidenរបៀបវារៈរួបរួមគ្នារបស់លោកនិងថាតើក្រោយពីរយៈពេលរាប់ទសវត្សរ៍នៃការចរចាគ្នាលោកនៅតែអាចចរចាលើរឿងពិបាកៗហើយធ្វើឲ្យវាក្លាយទៅជាច្បាប់បានដែរទេ។
សម្រាប់គណបក្សប្រជាធិបតេយ្យដែលគ្រប់គ្រងទាំងព្រឹទ្ធសភានិងរដ្ឋសភា ជាលើកដំបូងបង្អស់នៅក្នុងរយៈពេលមួយទសវត្សរ៍មកនេះ ការធ្វើសេចក្ដីព្រាងច្បាប់ការធ្វើវិសោធនកម្មនិងការអនុម័តលើកញ្ចប់ថវិកាសម្រាប់សង្គ្រោះវិបត្តិកូវីដ១៩ នឹងបង្ហាញដល់ពលរដ្ឋអាមេរិកប្រសិនបើពួកគេអាចដឹកនាំរដ្ឋាភិបាលក្នុងអំឡុងពេលមានវិបត្តិនេះ។
សម្រាប់គណបក្សសាធារណរដ្ឋការបោះឆ្នោតសម្រេចចុងក្រោយនឹងបង្ហាញថាតើពួកគេមានគម្រោងនឹងតស៊ូមតិសម្រាប់គណបក្សដែលមានសំឡេងភាគតិចឬក៏គ្រាន់តែអ្នកបដិសេធដោយគ្មានអតីតប្រធានាធិបតីលោក Donald Trump នោះ។
ឧបសគ្គនៅពេលនេះគឺថាតើលោក Biden នឹងអាចទទួលបានការគាំទ្រពីគណបក្សនយោបាយទាំងពីរនៅក្នុងសភាបានឬយ៉ាងណា ដើម្បីទទួលបានការរួបរួមគ្នាដូចដែលលោកបានថ្លែងក្នុងសុន្ទរកថារបស់លោកកាលពីពេលស្បថចូលកាន់តំណែងនោះ។ ប្រសិនបើមានការជំទាស់ពីគណបក្សសាធារណរដ្ឋ ឬមានការជំទាស់ខ្លះពីសមាជិកគណបក្សប្រជាធិបតេយ្យរបស់លោក នោះនឹងធ្វើឲ្យលោកមានជម្រើសតែបន្ដិចបន្ដួចប៉ុណ្ណោះក្រៅពីត្រូវធ្វើសេចក្តីស្នើច្បាប់ទាំងលំបាកតាមរយៈការបោះឆ្នោតដោយយកសំឡេងភាគច្រើនចេញពីបក្សលោកតែមួយ៕