ក្រុមគណបក្សសាធារណរដ្ឋភាគច្រើននៅក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិក បានបោះឆ្នោតកាលពីថ្ងៃអង្គារ ប្រឆាំងនឹងការកាត់ទោសប្តឹងទម្លាក់អតីតប្រធានាធិបតី Donald Trump ចេញពីតំណែង ដើម្បីកំណត់ថា តើលោកបានញុះញង់ឲ្យមានការបះបោរនៅក្នុងការវាយសង្គ្រប់វិមានសភា កាលពីថ្ងៃទី៦ ខែមករា ដែរឬទេ។
ការណ៍នេះផ្តល់សញ្ញាថា លោក Trump ទំនងមានសន្លឹកឆ្នោតគ្រប់គ្រាន់ ដើម្បីរួចពីការចោទប្រកាន់។
ការបោះឆ្នោតឱ្យមានដំណើរការកាត់ទោសនោះគឺ ៥៥ សំឡេងទល់នឹង ៤៥ សំឡេង ក៏ប៉ុន្តែ សមាជិកគណបក្សសាធារណរដ្ឋតែ ៥នាក់ប៉ុណ្ណោះ បានចូលរួមជាមួយគណបក្សប្រជាធិបតេយ្យទាំងអស់ចំនួន ៥០នាក់។
គេត្រូវការសំឡេងឆ្នោត២ភាគ៣ ដើម្បីផ្តន្ទាទោសដែលនេះនឹងតម្រូវឲ្យគណបក្សសាធារណរដ្ឋចំនួន ១៧រូប បោះឆ្នោតប្រឆាំងលោក Trump ហើយនេះសន្មតថា ក្រុមគណបក្សប្រជាធិបតេយ្យបោះឆ្នោតឯកភាពគ្នាជាក្រុមមួយ នៅពេលសវនាការកាត់ទោសចាប់ផ្តើមពេញលេញ នៅថ្ងៃទី៩ ខែកុម្ភៈ។
អ្នកគាំទ្រលោក Trump ម្នាក់គឺសមាជិកព្រឹទ្ធសភាលោក Rand Paul នៃរដ្ឋ Kentucky បានបង្ខំឱ្យមានការបោះឆ្នោតអំពីថា តើដំណើរការកាត់ទោសនេះ គួរត្រូវចាប់ផ្តើមឬទេ ដោយលោកបានហៅការកាត់ទោសនេះថា «រឿងបញ្ឆោតខុសរដ្ឋធម្មនុញ្ញ»។
លោក Paul បានអះអាងថា ព្រឹទ្ធសភាមិនអាចធ្វើការកាត់ទោសពលរដ្ឋឯកជនម្នាក់ទេ ហើយលោក Trump ឥឡូវនេះជាពលរដ្ឋសាមញ្ញ បន្ទាប់ពីអាណត្តិនៃការកាន់តំណែងរបស់លោក បានបញ្ចប់កាលពីថ្ងៃពុធសប្តាហ៍មុន ហើយលោក Joe Biden ខាងគណបក្សប្រជាធិបតេយ្យ ត្រូវបានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក។
តាមពិត ព្រឹទ្ធសភាអាមេរិក ធ្លាប់បានបើកការជំនុំជម្រះពលរដ្ឋសាមញ្ញកាលពីមុន៕